កំពូល​តារា​លើក​ពាន​ទឹកភ្នែក​ទាំង​ ៥​ ដួង​

Sanofi

​បច្ចុប្បន្ននេះ តារា​សម្តែង​ក្នុងប្រទេស​កម្ពុជា​រះ​ឡើង​ច្រើន​ដេរដាស ប៉ុន្តែ​តារា​ដែល​អាច​សម្តែង​ក្នុង​ឈុត​ឆាក​កម្សត់​ព្រាត់ប្រាស​យំយែក ទៅតាម​ជីវិត​នៅក្នុង​សាច់រឿង រហូត​ទទួល​ងារ​ជាតា​រាទឹក​ភ្នែក​ពី​ទស្សនិកជន​នោះ គឺមាន​មិន​ច្រើន​ប៉ុន្មាន​នោះឡើយ​។ ពេលនេះ «​ប្រជាប្រិយ​» សូម​ជ្រើស​យក​តារា​ទឹកភ្នែក​ក្នុងប្រទេស​កម្ពុជា ដែល​ទទួលបាន​ភាពជោគជ័យ​យ៉ាង​ជោគជាំ​ក្នុង​វិស័យ​សិល្បៈ​មក​បង្ហាញ ក្នុងនោះ​មានដូចជា​៖

នី មុន្នីនាថ : តារា​សម្បុរ​ស្រអែម​ស្រស់​ម្នាក់នេះ បាន​ក្តា​ប់យក​តំណែង​តួឯក​ជា​បន្តបន្ទាប់​ស្ទើរតែ​គ្រប់​រឿង​ដែល​នាង​សម្តែង ហើយ​ភាគច្រើន​តួ​ដែល​នាង​សម្តែង​នោះ គឺជា​តួ​កម្សត់ ទឹកភ្នែក​គ្មាន​ស្រាកស្រាន្ត ដែល​នេះ ហាក់ដូចជា​ងាយស្រួល​ខ្លាំងណាស់​សម្រាប់ មុន្នីនាថ ដោយហេតុថា នាង​តែងតែ​ចូល​តួយ៉ាង​ល្អឥតខ្ចោះ​នៅក្នុង ឈុត​ឆាក​បែប​កម្សត់ រហូត​ធ្វើឱ្យ​ម្ចាស់​ផលិតកម្ម​ធំៗ​ជាច្រើន​មិនដែល​មើលរំលង​នាង​បានឡើយ សម្រាប់​ជ្រើស​ជា​តួឯក​ក្នុង​ភាពយន្ត​ដែល​កម្សត់​នោះ ហើយ​ទស្សនិកជន​ក៏បាន​ដាក់​ងារ​ដល់​នាង​ថា ជាតា​រាទឹក​ភ្នែក​ផងដែរ​។ មានរឿង​ជាច្រើន​ដែល​នាង​បាន​សម្តែង តែ​រឿង​ដែល​ធ្វើឱ្យ​ទស្សនិកជន​ស្ទើរតែ ទប់ទឹក​ភ្នែក​មិន​យំ​តាម​នាង​មិនបាន​នោះ​គឺ​រឿង «​ផ្កា​ក្នុង​ផ្កា​»​។​

​លី ច័ន្ទ​សីហា : តារា​សម្តែង​សម្បូរ​សាច់​ថ្ពាល់ លី ច័ន្ទ​សីហា បាន​ស្តារ​កេរ្តិ៍ឈ្មោះ​យ៉ាង​ត្រចះត្រចង់​នៅក្នុង​វិស័យ​សិល្បៈ​តាំងតែ​ពី​កុមារភាព​មកម្ល៉េះ ដោយ​សាច់រឿង​ដែល​នាង​ធ្វើឱ្យ​កក្រើក និង ទស្សនិកជន​គាំទ្រ​យ៉ាង ខ្លាំង​នោះ​គឺ​រឿង «​មរណៈ​មាតា​» ។ សាច់​រឿងនេះ លី ច័ន្ទ​សីហា បានធ្វើឱ្យ​ទស្សនិកជន​យំ​តាម​នាង​មិនតិច​នាក់ នោះឡើយ ព្រោះតែ​សមត្ថភាព​ក្នុងការ​បង្ហូរទឹកភ្នែក​បាន​យ៉ាង​ប៉ិនប្រសប់ ។ ក្រោយមក លី ច័ន្ទ​សីហា ក៏ត្រូវ​បានជ្រើសរើស​ឱ្យ​សម្តែង​ជា​តួ​កម្សត់​ទឹកភ្នែក​ជា​បន្តបន្ទាប់ ហើយ​រឿង​ដែល​ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង​ក្នុងនោះ​មានដូចជា​រឿង «​កតញ្ញូ​» ជាដើម​។​

ដា​ញ់ ម៉ូ​នី​កា : ថ្វីដ្បិតតែ ដា​ញ់ ម៉ូ​នី​កា បាន​រសាត់​ឆ្ងាយ​ពី​ក្រសែភ្នែក​ទស្សនិកជន​នៅក្នុង​វិស័យ​សិល្បៈ ដោយ​នាង​ត្រូវ​ទៅ​រួមរស់​ជាមួយ​ស្វាមី​នៅឯ​អូស្ត្រាលី​យ៉ាង​មាន​សុភមង្គល​ហើយក៏​ដោយ ក៏​ស្នាដៃ​នៅក្នុង វិស័យ​សិល្បៈ​របស់​នាង​នាពេល​កន្លងមក ត្រូវបាន​ទស្សនិកជន​ចាត់ទុកជា​តារា​ឆ្នើម​មួយ ជាពិសេស​គឺ ក្នុង​ឈុត​ឆាក​កម្សត់​នេះ​តែម្តង​។ រឿង​ដែល ដា​ញ់ ម៉ូ​នី​កា សម្តែង​ជា​តួ​កម្សត់​ហើយ​ទទួលបាន​ប្រជាប្រិយភាព ខ្លាំង​មានដូចជា​រឿង « មរណៈ​មាតា​» និង រឿង «​ទុំ​ទាវ​» ជាដើម​។​

​នី មុ​ល្លីកា : ទោះបីជា នី មុ​ល្លីកា បាន​រសាត់​ឆ្ងាយ​ពី​អារម្មណ៍​ទស្សនិកជន ដោយបាន​ទៅ​រស់នៅ​ជាមួយ​ស្វាមី នៅឯ​ក្រៅប្រទេស​យ៉ាង​ស្ងៀមស្ងាត់​យ៉ាងណាក៏ដោយ ក៏​ទស្សនិកជន​នៅតែ​មិន​ភ្លេច​ឡើយ​ជាមួយ​ទេពកោសល្យ​សម្តែង​យ៉ាង​ប៉ិនប្រសប់ ជាពិសេស​គឺ​តួ​បែប​កម្សត់​យំសោក​បោក​ខ្លួន​នេះ​តែម្តង ក្នុងនោះ​មានដូចជា​រឿង « កូនប្រសា​ស្រី​» ជាដើម​។​

​ញ៉ែម សុគន្ធ : តារា​ប្រុស ញ៉ែម សុគន្ធ ដែល​នៅតែ​អាចឈរជើង​បាន​យ៉ាង​រ៉ឹង​មាំ​នៅក្នុង​វិស័យ​សិល្បៈ បើទោះបី ជា​បច្ចុប្បន្ន​មាន​តារា​ប្រុសៗ​រូប​សង្ហា​មក​ប្រកួតប្រជែង​ជាមួយ​លោក​ក៏ដោយ​។ ញ៉ែម សុគន្ធ ក្រៅពី​សមត្ថភាព​សម្តែង​បាន​គ្រប់​ទម្រង់​ហើយ​នោះ រូបលោក​ក៏ត្រូវ​បាន​ទស្សនិកជន​ចាត់ទុកជា​តារា​ប្រុស​ដែល​អាច សម្រក់​ទឹកភ្នែក​បាន​យ៉ាង​ល្អ​ផងដែរ ក្នុងនោះ​មានដូចជា​រឿង «​ទឹកចិត្ត​គ្រូបង្រៀន​» ជាដើម ៕ ភូមិន្ទ

       

Related