សាក្សី​ជម្រាប​អង្គ​ជំនុំ​ជម្រះ​ថា​ឃើញ​ពួក​ខ្មែរ​ក្រហម​វះ​ស្ត្រី​ជនជាតិ​វៀតណាម​យក​ប្រមាត់

អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម បាន​បញ្ចប់​ការ​ស្ដាប់​សាក្សី សៀន ស៊ង់ ទាក់ទង​នឹង​ការ​ប្រព្រឹត្ត​របស់​ពួក​ខ្មែរ​ក្រហម ចំពោះ​ក្រុម​គោលដៅ​ជាក់លាក់ គឺ​ជនជាតិ​វៀតណាម។ នៅ​មុន​ពេល​បញ្ចប់​សក្ខីកម្ម នៅ​ថ្ងៃ​ទី​២៨ តុលា សាក្សី​រូប​នេះ​អះអាង​ថា ពួក​ខ្មែរ​ក្រហម​សម្លាប់​ជនជាតិ​វៀតណាម វះ​យក​ប្រមាត់។

សាក្សី សៀន ស៊ង់ ជម្រាប​អង្គ​ជំនុំ​ជម្រះ​ថា លោក​បាន​ឃើញ​ផ្ទាល់​ភ្នែក នៅ​ពេល​ដែល​ពួក​ខ្មែរ​ក្រហម វះ​ស្ត្រី​ជនជាតិ​វៀតណាម ម្នាក់​យក​ប្រមាត់ នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ៖ «ពេល​គេ​បណ្ដើរ​ចេញ​មក គេ​ហៅ​ឈ្មោះ ចន្ថា។ ខ្ញុំ​ក៏​តាម​មើល​ទៅ​ដល់​រណ្ដៅ​សម្លាប់។ គេ​ក៏​អត់​ទាន់​សម្លាប់។ គេ​យក​ចេញ​ពី​រណ្ដៅ​នោះ​ប្រហែល​ជា ១០​ម៉ែត្រ ក៏​គេ​ធ្វើ​ទារុណកម្ម​លើក​ជើង​សង​ខាង​ពាក់​លើ​ក្បាល ដើម្បី​វះ​យក​ប្រមាត់​ទៅ​ដាក់​ក្នុង​ឪទឹន​ស្រា​ចែក​គ្នា​ផឹក។ ក្រោយ​មក គេ​ទុក​នាង​ចោល​នៅ​ទីកន្លែង​នោះ គេ​សម្លាប់​អ្នក​ដែល​នាំ​មក​ពី​ក្នុង​វត្ត​សិន»

លោក​បញ្ជាក់​នៅ​ថ្ងៃ​ទី​២៨ តុលា ថា ជនជាតិ​វៀតណាម ដែល​គេ​យក​ទៅ​សម្លាប់​នៅ​វត្ត​ខ្សាច់ គឺ​មាន​ចំនួន​ប្រមាណ​ពី ៣០០ ទៅ ៤០០​នាក់ ហើយ​ត្រូវ​បាន​គេ​ដឹក​តាម​រទេះ​គោ​មក​ពី​តាម​តំបន់​នានា ក្នុង​ស្រុក​ជីក្រែង និង​ឃុំ​សង្វើយ ស្រុក​សូទ្រនិគម។ លោក​បន្ត​ថា រណ្ដៅ​មួយ​សម្រាប់​ដាក់​សាកសព​ជនជាតិ​វៀតណាម មាន​ទំហំ ៥​ម៉ែត្រ​គុណ​នឹង ៥​ម៉ែត្រ ជម្រៅ ៣​ម៉ែត្រ។

បន្ទាប់​ពី​ការ​ស្ដាប់​សាក្សី សៀន ស៊ង់ អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង នឹង​មិន​ធ្វើ​សវនាការ​ទេ រហូត​ដល់​ចុង​ខែ​វិច្ឆិកា គឺ​បន្ទាប់​ពី​សវនាការ​លើ​បណ្ដឹង​សាទុក្ខ​នៅ​តុលាការ​កំពូល​ចប់។ តុលាការ​កំពូល កំណត់​ធ្វើ​សវនាការ​លើ​បណ្ដឹង​សាទុក្ខ​របស់​ភាគី​ជន​ជាប់​ចោទ​រយៈពេល ៣​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា។

ប្រធាន​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង លោក​ចៅក្រម និល ណុន ប្រកាស​ថា សវនាការ​បន្ត នឹង​ផ្ដោត​លើ​ការ​ប្រព្រឹត្ត​ចំពោះ​ជនជាតិ​វៀតណាម ដដែល ប៉ុន្តែ​មិន​ទាន់​អាច​បញ្ជាក់​ពី​សាក្សី​បាន​នៅ​ឡើយ​ទេ៖ «សវនាការ​នៅ​ថ្ងៃ​ច័ន្ទ ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ខាង​មុខ​នេះ គឺ​បន្ត​ស្ដាប់​សាក្សី​ដើម​បណ្ដឹង​រដ្ឋប្បវេណី លើ​អង្គ​ហេតុ​ចោទ​ប្រកាន់​ការ​ប្រព្រឹត្ត​ទៅ​លើ​ក្រុម​មនុស្ស​ជា​គោលដៅ​ជាក់លាក់ ចំពោះ​ជនជាតិ​វៀតណាម ហើយ​អង្គ​ជម្រះ នឹង​ជម្រាប​ជូន​ដំណឹង​ដល់​ភាគី​ពាក់ព័ន្ធ​ពី​បញ្ជី​ឈ្មោះ និង​លំដាប់​លំដោយ​នៃ​ការ​ស្ដាប់​សក្ខីកម្ម​សាក្សី ដើម​បណ្ដឹង​រដ្ឋប្បវេណី នា​ពេល​សមស្រប​ឆាប់ៗ​ខាង​មុខ​នេះ បន្ទាប់​ពី​អង្គ​ជម្រះ​បាន​ទទួល​ព័ត៌មាន​ជាក់លាក់​ពី​អង្គភាព​គាំពារ​សាក្សី និង​អ្នក​ជំនាញ ពី​លទ្ធភាព​នៃ​ការ​អាច​មក​ផ្ដល់​សក្ខីកម្ម​បាន​របស់​សាក្សី និង​ដើម​បណ្ដឹង​រដ្ឋប្បវេណី ដែល​ពាក់ព័ន្ធ»

ការ​ប្រព្រឹត្ត​ចំពោះ​ជនជាតិ​វៀតណាម នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ គឺ​ឋិត​ក្នុង​បទ​ចោទ​អំពី​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍ នៃ​សំណុំ​រឿង​លេខ​០០២ វគ្គ​២ ប្រឆាំង​នឹង​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន។ ការ​ចោទ​ប្រកាន់​នេះ គឺ​បន្ថែម​ទៅ​លើ​បទ​ចោទ​ក្នុង​សំណុំ​រឿង​លេខ​០០២ វគ្គ​១ ទាក់ទង​នឹង​ការ​ជម្លៀស​ពលរដ្ឋ​ដោយ​បង្ខំ ការ​សម្លាប់​ទាហាន និង​មន្ត្រី​រដ្ឋការ​របប លន់ នល់ ដែល​ជន​ជាប់​ចោទ​ទាំង​ពីរ ត្រូវ​សាលា​ដំបូង​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត។ ជន​ជាប់​ចោទ​ទាំង​ពីរ កំពុង​ប្ដឹង​សាទុក្ខ ព្រោះ​មិន​សុខ​ចិត្ត​នឹង​សាលក្រម​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។