ស្ត្រី​ខ្មែរ​៤​នាក់​ចាញ់​បោក​មេ​ខ្យល់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​ប្រទេស​ម៉ាឡេស៊ី

ក្រសួង​ការ​បរទេស​កម្ពុជា បាន​ឲ្យ​ដឹង​ថា ស្ត្រី​ខ្មែរ​ចំនួន ៤​នាក់ ដែល​ចាញ់​បោក​មេ​ខ្យល់​នាំ​យក​ទៅ​ធ្វើ​ជា​អ្នក​បម្រើ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី ត្រូវ​បាន​ជួយ​សង្គ្រោះ។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បទេស ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៨ ខែ​តុលា ឲ្យ​ដឹង​ថា ស្ត្រី​ខ្មែរ​ដែល​ចាញ់​បោក​មេ​ខ្យល់​នោះ មក​ពី​ខេត្ត​ព្រៃវែង កណ្ដាល កំពង់ឆ្នាំង និង​ខេត្ត​កំពង់ធំ។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្ត​ថា ពលការិនី​ខ្មែរ​រងគ្រោះ​ម្នាក់​មក​ពី​ខេត្ត​ព្រៃវែង បាន​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៨ ខែ​តុលា វេលា​ម៉ោង ៤​រសៀល តាម​ជើង​យន្តហោះ AK ៥៣៤។ ដោយឡែក​ពលការិនី​ខ្មែរ ៣​នាក់​ទៀត​ដែល​មក​ពី​ខេត្ត​កណ្ដាល កំពង់ឆ្នាំង និង​ខេត្ត​កំពង់ធំ នឹង​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៩ ខែ​តុលា វេលា​ម៉ោង ៧ និង ៥០​នាទី​ព្រឹក តាម​ជើង​យន្តហោះ AK ៥៣៦។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បញ្ជាក់​បន្ថែម​ថា អំឡុង​ពេល​រង់ចាំ​ការ​ត្រឡប់​មក​កម្ពុជា វិញ ស្ថានទូត​កម្ពុជា ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​ផ្តល់​កន្លែង​ស្នាក់នៅ និង​ហូប​ចុក​ជូន​ដល់​ពលការិនី​ទាំង ៤​នាក់​នោះ។

ជាង​នេះ​ទៀត ក្រសួង​ការ​បរទេស​កម្ពុជា ក៏​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ ជាពិសេស​នារី​ខ្មែរ​ដែល​ជា​ជន​ងាយ​រងគ្រោះ ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ឆបោក​ពី​សំណាក់​មេ​ខ្យល់ ដែល​ភូត​កុហក​ថា ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី នឹង​ទទួល​បាន​ប្រាក់​ខែ​ច្រើន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។