ក្រសួង នឹង​ដក​អាជ្ញា​បណ្ណ​វិទ្យុ​FM ដែល​បន្ត​ឲ្យ​មានការ​ឆ្លង​ហ្វ្រេ​កង់​ជាមួយ​អាកាសចរណ៍​ស៊ីវិល​

​ក្រសួង​ព័ត៌មាន បាន​ព្រមាន​ដកហូត​អាជ្ញា​បណ្ណ​ស្ថានីយ​វិទ្យុ FM ទាំងឡាយណា​ដែល​នៅតែ​បន្ត​រំខាន​ការឆ្លង​រលក​ហ្វ្រេ​កង់​ជាមួយនឹង​អាកាសចរណ៍​ស៊ីវិល​។ បើតាម​ក្រសួង​ព័ត៌មាន វិធានការ​នេះ​នឹង​ចាប់ផ្តើម​តឹងរឹង​បំផុត​ចាប់ពី​ឆ្នាំ​២០១៦​តទៅ​។​

​ក្រសួង​ព័ត៌មាន នឹង​ដកហូត​អាជ្ញា​បណ្ណ​ស្ថានីយ​វិទ្យុ​ណា ដែល​មិន​គោរព​ទៅតាម​ការណែនាំ និង​អនុវត្តន៍​ទៅតាម​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ ពិសេស​នៅតែ​បន្ត​ការឆ្លង​រំខាន​ហ្វ្រេ​កង់​ដល់​ការហោះហើរ​របស់​យន្តហោះ​ទៀត​នោះ​។ ការព្រមាន​នេះ គឺ​បាន​ធ្វើឡើង​នៅ ក្នុង​កិច្ចប្រជុំ​ជាមួយ​អ្នកបច្ចេកទេស និង​ម្ចាស់​ស្ថានីយ​វិទ្យុ កាលពី​ថ្ងៃទី​២៦​ខែតុលា​កន្លងទៅ​។ 

​លោក ផុស សុវណ្ណ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ បាន​ឲ្យ​ដឹងថា​ការឆ្លង​រំខាន​រលក​ហ្វ្រេ​កង់​ការផ្សាយ​វិទ្យុ​FM ជាមួយនឹង​អាកាសចរ​ស៊ីវិល គឺជា​បញ្ហា​សំខាន់បំផុត​ដែល​ត្រូវ​យកចិត្តទុកដាក់​។ លោក​បន្ថែមថា វា​ជា​អាយុជីវិត​របស់​ប្រទេសជាតិ ហើយ​វា​នឹងធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សុវត្ថិភាព​នៃ​ការហោះហើរ​របស់​យន្តហោះ និង​អាច​បង្ក​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​ជាយថាហេតុ​ណាមួយ​កើតឡើង​។​

​បើតាម​លោក ស៊ឹម រដ្ឋា ម្ចាស់​ស្ថានីយ​វិទ្យុ​មហានគរ​ខេត្តសៀមរាប ដែល​បាន​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​ដែរ បាន​បញ្ជាក់ថា មូលហេតុ​នៃ​ការឆ្លង​រំខាន​រលក​ហ្វ្រេ​កង់​ការផ្សាយ​វិទ្យុ​FM នឹង​អាកាសចរ​ស៊ីវិល ដោយសារតែ​ស្ថានីយ​វិទ្យុ​មួយចំនួន​បាន​ប្រើប្រាស់​សម្ភារ​ម៉ាស៊ីន​ផ្សាយ​មិនមាន​ស្តង់ដារ និង​ការរៀបចំ​បច្ចេកទេស​បាន​ត្រឹមត្រូវ​។​

​លោក ក៏បាន​ស្នើ​ឲ្យ​ក្រសួង​ព័ត៌មាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ផ្នែក​គ្រប់គ្រង​បច្ចេកទេស​ដល់​ស្ថានីយ​វិទ្យុ​នីមួយៗ ដើម្បី​លើកកម្ពស់​ការយល់ដឹង​អំពី​ការរៀបចំ​សម្ភារ ឧបករណ៍ ម៉ាស៊ីន​ផ្សាយ​ការដំឡើង​អង់​តែ​ន​វិទ្យុ​ឲ្យ​បាន​ត្រឹមត្រូវ កុំ​ឲ្យ​ឆ្លង និង​ប៉ះពាល់​ដល់​អាជីវកម្ម​អ្នកដទៃ ព្រមទាំង​ក្រសួង​ងាយស្រួល​គ្រប់គ្រង​ផងដែរ​។​

​កាលពីពេល​កន្លងទៅរ​ដ្ឋ​លេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល បាន​សេចក្តីជូនដំណឹង​និង​បាន​ផ្ញើ​ទៅ​ក្រសួង​ព័ត៌មាន​បាន​បញ្ជាក់ថា រលក​ហ្វ្រេ​កង់​រំខាន​របស់​ស្ថានីយវិទ្យុផ្សាយសំឡេង​FM ដែល​ឆ្លង​ចូល​ហ្វ្រេ​កង់​Air Band បណ្តាល​ឲ្យ​មានការ​ឆ្លង​រំខាន​វិទ្យុ​បញ្ជាការ​ហោះហើរ​រយៈ​ឆ្ងាយ និង​មធ្យម​របស់​យន្តហោះ​នោះ គឺ​មកពី​មូលហេតុ​ចំនួន​៣ គឺ​ទី​១. តម្រង់​រលកសញ្ញា​(Filter)​របស់​វិទ្យុ​ផ្សាយ​មិនល្អ​។ ទី​២. ការដាក់​ដំឡើង​អង់​តែ​ន​ច្រើន​នៅលើ​បង្គោល​អង់​តែ​ន​តែមួយ ជា​មូលហេតុ​បង្កើត​នូវ​បាតុភូត Intermodulation បង្កើតជា​ហ្វ្រេ​កង់​ថ្មី ឆ្លង​ចូលទៅក្នុង Air Band Spectrum​។ និង​ទី​៣. ថាមពល​ផ្សាយ​ចេញ​ខ្លាំងពេក ឬ​ការថែទាំង​មិន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស​។​

​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល បានបញ្ជាក់​ទៀតថា រលក​ហ្វ្រេ​កង់​រំខាន​របស់​ស្ថានីយវិទ្យុផ្សាយសំឡេង​FM នៅតាម​បណ្តា​ខេត្ត​មួយចំនួន និង​នៅ​រាជធានី​ភ្នំពេញ ដែល​ឆ្លង​ចូល​ហ្វ្រេ​កង់​Air Band ជា​បញ្ហា​គួរ​ឲ្យ​ព្រួយបារម្ភ និង​មាន​ហានិភ័យ​ខ្ពស់​សម្រាប់​សុវត្ថិភាព​ហោះហើរ​របស់​យន្តហោះ​៕

​ប្រភព​៖ AKP

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​