ខ្ញុំ​គួរ​រៀបការ​ទេ បើ​គូ​ដណ្តឹង​មានរឿង​អាស្រូវ​យ៉ាងធ្ងន់ធ្ងរ ?

Sanofi

​រាប់​ថា​ជា​ភ័ព្វសំណាង​ដ៏​ល្អ​មួយ​របស់​ខ្ញុំបាទ​ក្នុងចំណោម​ជនរួមជាតិ​ជាច្រើន​ទៀត ដែលមាន​តួនាទី​ជា​គ្រូបង្រៀន​ថ្នាក់​វិទ្យាល័យ​នៅតាម​ខេត្ដ ។ អាចជា​និស្ស័យ​បូករួម​នឹង​រូប​សម្បត្ដិ ព្រមទាំង​អត្ដ​ចរិត​ស្លូតបូត សុភាពរាបសា​របស់ខ្ញុំ​បាទ​នេះហើយ ទើប​បណ្ដាលឱ្យ​រូបខ្ញុំ​ត្រូវបាន​ស្ថិតនៅក្រោម​ក្រសែភ្នែក​រប​ស់​ថៅកែ​ចម្ការកៅស៊ូ​​ស្វាយចន្ទី​រាប់សិប​ហិកតារ​នៅក្នុង​ស្រុក​មួយនា​ខេត្ដ​កំពង់ចាម ដែល​លោក​ជា​អ្នកមាន​ទ្រព្យសម្បត្ដិ​ស្ដុកស្ដម្ភ​ម្នាក់ តែមាន​បំណង​ចង់បាន​រូបខ្ញុំ​ធ្វើជា​កូនប្រសា​របស់គាត់​ដោយ​ពុំមាន​ទាមទារ​ថ្លៃ​បណ្ណាការ​អ្វី​ទាំងអស់ ពោលគឺ​ខ្ញុំ​ត្រៀម​តែ​ខ្លួន​ដើម្បី​ចូល​រោងការ​ប៉ុណ្ណោះ ។​

​ផ្ដើមចេញពី​មនោសញ្ចេតនា​ដែល​សិស្ស​មាន​ចំពោះ​គ្រូ​ស្ថិតក្នុង​អត្ថន័យ​ស្នេហា​នោះ​ក៏​មិនអាច​ប្រាកដថា​ខ្ញុំ​ត្រូវតែ​ចៀស​ឱ្យបាន​ដាច់ខាត​នោះដែរ ហេតុនេះហើយ​ខ្ញុំ​ក៏បាន​លង់​ចិ​ត្ដ​បណ្ដោយឱ្យ​មនោសញ្ចេតនា​អូសទាញ​ខ្ញុំ​ឱ្យ​ធ្លាក់​ចូលក្នុង​អន្លង់​ស្នេហ៍​រវាង​គ្រូ និង សិស្ស រហូត​លេចឮ​ទៅដល់​ឪពុកម្ដាយ​របស់​នាង ។ ​ទំនាក់ទំនង​នេះ​ពិតជា​រលូន​ល្អ​ខ្លាំងណាស់ ខុសពី​ការបារម្ភ​របស់ខ្ញុំ​ទាំងស្រុង ព្រោះ​ឋានៈ​ត្រឹម​គ្រូបង្រៀន​សាមញ្ញ​ម្នាក់ មុខជា​មិនអាច​រួម​ខ្សែជីវិត​ជាមួយ​នារី​ម្នាក់​ដែល​រស់នៅក្នុង​គ្រួសារ​សេដ្ឋី​ស្រុកចម្ការ​បានឡើយ ។​

​ដោយ​ក្តី​អាណិត​ស្រឡាញ់ និង ផ្គាប់​ចិ​ត្ដ​កូនស្រី​តែមួយ​ជាធំ ម្ដាយ​ឪពុក​របស់​នាង​ក៏​មិន​ជំទាស់​អ្វី​ទាំងអស់ ។ ពួកលោក​បាន​ហៅ​ខ្ញុំ​ទៅ​ជួប និង បង្ហាញ​មនោសញ្ចេតនា និង ក្ដី​រាប់អាន​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះ​រូបខ្ញុំ រហូត​ញញឹម​បិទមាត់​ពុំ​ជិត ទោះបី​ពួកលោក​ដឹងថា​ខ្ញុំ​ជា​កូនអ្នកក្រ​កើត​នៅ​ភ្នំពេញ ដែល​មក​បំពេញការងា​រ​នៅ​ខេត្ដ​ក្ដី ក៏​ពុំមែន​ជា​មូលហេតុ​នាំឱ្យ​ពួកលោក​យក​ជា​បញ្ហា​
​ដើម្បី​ផ្ដាច់ទំនាក់ទំនង​រវាង​ខ្ញុំ និង កូនស្រី​របស់​ពួកលោក​ឡើយ ។

ភាពសប្បាយ​រីករាយ​ដែល​គ្មានអ្វី​អាច​ប្រៀបផ្ទឹម​ក៏បាន​មក​ភព​ប្រសព្វ​ចំ​កណ្ដាល​បេះដូង​ខ្ញុំ​ក្នុង​គ្រានោះ ព្រោះ​គ្មានអ្វី​ជា​ឧបសគ្គ​សម្រាប់​ខ្ញុំ​ឡើយ និយាយ​ដោយ​ខ្លី គឺ​ខ្ញុំបាទ​ត្រៀម​តែ​ខ្លួន​ចូល​រោងការ​នៅពេល​ដ៏​ខ្លី​ខាងមុខ​ប៉ុណ្ណោះ ។ នៅសល់តែ​មួយខែ​ទៀត​ដល់​ថ្ងៃ​រៀបការ​ខ្ញុំបាទ​ក៏បាន​ឮ​ពី​ពូ​មីង​ដែល​ស្រឡាញ់​រាប់អាន​ខ្ញុំ ហើយ​ឱ្យ​ផ្ទះ​ខ្ញុំ​ស្នាក់​នៅពេល​បង្រៀន​នោះ​និយាយ​ពី​ប្រ​វ​ត្ដិ​របស់​គូ​ដណ្ដឹង​ខ្ញុំ​ថា កាលពី​នាង​អាយុ​បាន ៧ ឆ្នាំ ត្រូវបាន​បុរស​ម្នាក់​ជា​ជាងមាស​បៀតបៀន​ខ្លួនប្រាណ​នាង​បានសម្រេច ហើយ​ជាងមាស​នោះបាន​គេចខ្លួនបាត់​រហូត​ដល់​សព្វថ្ងៃ ។

ចំណែកឯ​ឪពុកម្ដាយ​របស់​នាង​ក៏បាន​ផ្លាស់​ទីលំនៅ​មក​រស់នៅ​ស្រុក​នេះ​ដើម្បី​កាត់បន្ថយ​ភាពអាម៉ាស់ ។ ពូ​មីង​ដែល​លើក​រឿងនេះ​មក​និយាយ គឺមាន​បំណងល្អ​ជាមួយ​ខ្ញុំបាទ​ទេ ដោយ​ពួកលោក​ចង់​ប្រាប់​ការពិត​នេះ​ដើម្បី​កុំឱ្យ​ថ្ងៃក្រោយ​ពេល​លេចឮ​រឿងនេះ​ខ្ញុំ​បន្ទោស​ពួកគាត់​ថា​មិន​និយាយ​រឿងនេះ​ប្រាប់​ខ្ញុំ​ឱ្យដឹង​មុន ។ ត្រឹមតែ​ពាក្យសម្ដី​របស់​បុគ្គល​ពី​រ​រូប​ដែល​ខ្ញុំបាទ​គោរព​ស្រឡាញ់ និង មានគុណ​ស្រ័យ​ចំពោះ​ខ្ញុំ ក៏​ពុំទាន់​ធ្វើឱ្យ​ខ្ញុំ​ជឿ​មួយរយ​ភាគរយ​ដែរ ដូច្នេះ​ខ្ញុំ​ក៏បាន​សាកសួរ​លោកតា​ម្នាក់​ដែល​ចំណាស់​ជាងគេ​នៅក្នុង​ភូមិ ថែមទាំង​ជា​អ្នក​កាន់សីល​ផង ក៏​ទទួលបាន​ចម្លើយ​ដូច​ពូ​មីង​ដែល​បាន​និយាយប្រាប់​ខ្ញុំ​ដំបូង​ដែរ ។​

ខ្ញុំបាទ​មាន​អារម្មណ៍​ថា ស្រកស្រុត​អស់​នូវ​ទឹក​ចិ​ត្ដ​រំភើប​ដែល​ធ្លាប់មាន​កន្លងមក និង វិភាគ​ឃើញថា នេះ​ជា​មូលហេតុ​ឱ្យ​រូបខ្ញុំ​បាទ​មានភ័ព្វ​វាសនា​ត្រូវបាន​អ្នកមាន​ជ្រើសរើស​ធ្វើជា​កូនប្រសា​ដោយ​ឥត​លក្ខខណ្ឌ​បែបនេះ គឺ​ច្បាស់​ណាស់ ។ ប្រសិនបើ​គូ​ដណ្ដឹង​ខ្ញុំ​ជានា​រី​ម្នាក់​ដែលមាន​ប្រ​វ​ត្ដិ​សាវតារ​ស្អាតស្អំ ប្រហែលជា​ខ្ញុំ​គ្មាន​ភ័ព្វវាសនា​សូម្បីតែ​បាន​ចូលក្នុង​របង​ផ្ទះ​នាង​ផង​។ ភាព​ប្រទាញប្រទង់​គ្នា​នៅក្នុង​ចិ​ត្ដរបស់​ខ្ញុំ​ក៏​កើតឡើង​គ្រា​ដឹង​រឿងនេះ អារម្មណ៍​មួយ​រារែក​មិន​ចង់​រៀបការ ព្រោះ​ខ្លាច​ពាក្យ​ញាតិ​និន្ទា តែ​ចិ​ត្ដ​មួយ​គឺ​សេចក្ដីស្រឡាញ់​ដែល​ខ្ញុំ និង នាង​មាន​ចំពោះ​គ្នា​ទៅវិញទៅមក ជាពិសេស​ក្ដី​អាណិត​មាន​ទំហំ​ធំ​ជាង​ក្ដី​ស្រឡាញ់​រាប់សិប​ដង​ទៅទៀត​។ តើ​ខ្ញុំ​គួរ​ដើរ​ផ្លូវ​ណា ? ត្រូវ​រៀបការ ឬ បោះបង់ ?

ជូន​ចំពោះ​លោក​មាន​វិបត្ដិ

ថ្វីដ្បិតតែ​អតីតកាល​បាន​កន្លងផុត​ទៅហើយ តែ​ស្លាកស្នាម និង ខ្លឹមសារ​របស់​វា​មិន​ងាយ​សាបសូន្យ​ទៅតាម​ពេលវេលា​នោះឡើយ ជាពិសេស​បើជា​រឿងអាស្រូវ​ផង​នោះ ។ ផ្លូវ​ដើរ​របស់លោក គឺ​វា​អាស្រ័យទៅលើ​ទស្សនៈ​ផ្ទាល់ខ្លួន​របស់លោក ថា​តើ​លោក​អាច​ទទួលយក​បានទេ​ចំពោះ​រឿងនេះ ? បើ​អារម្មណ៍​របស់លោក​ឆ្លើយ​ប្រាប់ថា​លោក​អាច​ទទួលយក​វា​បាន គឺជា​ការបញ្ចប់​បញ្ហា ។ ចំពោះ​ការយល់ឃើញ​របស់​អ្នកដទៃ គឺ​ត្រឹមតែ​ជា​សិទ្ធិ​របស់​ពួកគេ​ប៉ុណ្ណោះ សំខាន់​គឺ​ស្ថិតនៅលើ​សាមីខ្លួន​យើង គឺជា​ម្ចាស់​ជោគវាសនា​របស់​ខ្លួនឯង​ក្នុង​ការរួម​ខ្នើយ​ជីវិត​រហូតដល់​ចាស់​ស្លាប់ ។

ប៉ុន្ដែ​បើ​អារម្មណ៍ និង ឧត្ដមគតិ​របស់លោក​យល់ថា​រឿងនេះ​ជា​បញ្ហា​ធ្ងន់ធ្ងរ​ដែល​មិនអាច​ទទួលយក​បានទេ គួរតែ​កុំ​បណ្ដោយឱ្យ​អាពាហ៍ពិពាហ៍​នេះ​កើតមានឡើង​ជាដាច់ខាត ព្រោះ​បើ​អារម្មណ៍​របស់លោក​ផ្ដោត​តែ​ទៅលើ​រឿង​អ​តី​កាល បូករួម​នឹង​ពាក្យ​និន្ទា​នោះ ភាពផុយស្រួយ​នៃ​ចំណងអាពាហ៍ពិពាហ៍រ​ប​ស់លោក «​ប្រជាប្រិយ​»​សម្លឹង​មើលឃើញ​យ៉ាងច្បាស់​ថា​នឹង​កើនឡើង​ទ្វេដង ។ ម្យ៉ាងទៀត បើ​អាពាហ៍ពិពាហ៍​ដែល​កើតមាន​នេះ​ស្ថិតក្នុង​គោលបំណង​ដើម្បី​ចម្លង​រូបលោក​ឱ្យ​ក្លាយជា​អ្នកមាន​នឹង​គេ​នោះ ក៏​ពុំមែន​ជា​ផ្លូវ​ល្អ​សម្រាប់​លោក​ដែរ ព្រោះនេះ​គេ​ហៅថា​បិទ​ភ្នែក​រៀបការ​ព្រោះ​សម្លឹង​ទ្រព្យសម្បត្ដិ​របស់គេ ។

ស្ថិតនៅ​ចន្លោះ​ការថ្លឹងថ្លែង​នេះ «​ប្រជាប្រិយ​»​សូម​ជូន​ជា​គំនិត​ថា ធ្វើជា​មនុស្ស​ត្រូវ​សម្លឹង​ឆ្ពោះទៅមុខ ពុំគួរ​យក​អតីតកាល​ធ្វើជា​ឧបសគ្គ​រារាំង​អនាគត​ដែល​នឹងមាន​ផ្លែផ្កា​ល្អ​នោះឡើយ ព្រោះ​មនុស្ស​គ្រប់រូប​គ្មាន​អ្នកណាម្នាក់ ដែល​ល្អឥតខ្ចោះ​នោះដែរ ក៏​រឹតតែ​គ្មាន​អ្នកណាម្នាក់​ដែល​មិនបាន​ឆ្លងកាត់​អតីតកាល​នោះដែរ មាន​ទាំង​រឿង​ល្អ និង អាក្រក់​ជាច្រើន ដែល​រឿង​ខ្លះ​លាក់​ជិត និង រឿង​ខ្លះទៀត​ត្រូវបាន​គេ​ដឹងឮ​និយាយ​ត​គ្នា​កើត​ទៅជា​រឿងអាស្រូវ ដូច​ករណី​គូ​ដណ្ដឹង​របស់លោក តែ​«​ប្រជាប្រិយ​»​យល់ឃើញថា អតីតកាល​របស់​គូ​ដណ្ដឹង​លោក គឺជា​រឿង​ដែល​កន្លងផុត​ទៅជា​យូរហើយ ហើយ​អ្វីដែល​កើតមាន​ចំពោះ​នាង​នោះ គឺជា​ករណី​មួយ​ដែល​នាង​ជា​ជនរងគ្រោះ​ពី​បុរស​អគតិ​មួយរូប ។

ជីវិត​រងគ្រោះ​រស់ក្នុង​ភាពអាស្រូវ​របស់​នាង​ពុំមែន​ជា​ជម្រើស​របស់​នាង ឬ មួយ​ក៏​ឪពុកម្ដាយ​របស់​នាង​ទេ មិនគួរ​សង្គមមនុស្ស​រួមទាំង​រូបលោក​មានការ​រើសអើង​ឬក៏​សើចចំអក​និន្ទា​ចំពោះ​រូបនាង​ឡើយ ។ ការយក​ក្ដី​អាណិត ក្ដី​អនិច្ចា​សង្វេគ​ក្តី​ស្រឡាញ់​ស្មោះ​មក​ដាក់​ក្នុង​បេះដូង នោះ​អារម្មណ៍​រារែក​ស្ទាក់ស្ទើរ​របស់លោក​នឹង​រលាយ​បាត់អស់ ហើយក៏​លែង​ខ្វល់​នឹង​ពាក្យ​និន្ទា​អ្វី​ទាំងអស់ ។សុភមង្គល​របស់លោក​ក្នុង​អនាគតកាល​ស្ថិត​លើ​ភាពសុខដុមរមនា​ក្នុង​គ្រួសារ​មិនមែន​ស្ថិត​លើ​ការ​ចំអក ឬ និន្ទា​បែប​ខ្វះ​ការពិចារណា​ពី​សង្គម​ឡើយ ។​

«​ប្រជាប្រិយ​»​សង្ឃឹមថា លោក​នឹង​យក​គតិបណ្ឌិត​ជា​ស្ពាន​សម្រាប់​ចម្លង​ជីវិត​របស់លោក ហើយក៏​សូម​ជូនពរ​លោក​ធ្វើដំណើរ​ដល់ត្រើយ​នៃ​សុភមង្គល​ពិតៗ និង រួមរស់​ជាមួយគ្នា​រហូត​អវសាន​ជីវិត ៕

Related