នៅ​ពេល​ដែល​កងទ័ព​ស្នើ​ដក​អនុ​ប្រធាន​ទី១​រដ្ឋសភា ​ពី​តំណែង…


គេមិនសូវជាភ្ញាក់ផ្អើលទេ នៅពេលដែលក្រុមអ្នកគាំទ្រ គណបក្សកាន់អំណាច បង្ហាញការមិនពេញចិត្ត​នឹង​មន្ត្រី ឬ​តំណាង​រាស្ត្រ​ណា​ម្នាក់ មក​ពី​គណបក្សប្រឆាំង។ តែករណីនេះ មិនដូច្នេះទេ ព្រោះលោកឧត្តមសេនីយ៍ គន់ គីម អគ្គ​មេបញ្ជាការ​រង និងជា​អនុប្រធាន​ទីមួយ​គណៈបញ្ជាការ នៃសមរភូមិព្រំដែន​កម្ពុជា-ថៃ ដែលជាស្ថាប័ន​មួយ​របស់​ជាតិ បានចេញញត្តិ​ក្នុង​នាម​កងទ័ព ស្នើ​សុំ​ដក​លោក កឹម សុខា ចេញពីតំណែង ជាអនុប្រធានទីមួយ នៃរដ្ឋសភាជាតិ។
នៅ​ពេល​ដែល​កងទ័ព​ស្នើ​ដក​អនុ​ប្រធាន​ទី១​រដ្ឋសភា ​ពី​តំណែង...

កងទ័ពទិសប្រាសាទព្រះវិហារ ពាក់ឯកសណ្ឋានជាកងទ័ព កាន់បដាប្រឆាំងអនុប្រធានទីមួយ នៃរដ្ឋសភា។ (រូបថតសហការី)

តើលោក កឹម សុខា អនុប្រធានទីមួយ នៃរដ្ឋសភា បានប្រព្រឹត្តិទង្វើអ្វីខ្លះ ទើបតម្រូវឲ្យស្ថាប័នមួយ នៃកងទ័ព​ជាតិរបស់កម្ពុជា បង្ហាញការឈឺឆ្អាល លូកដៃលូកជើងចូល យ៉ាងដូច្នេះ? យ៉ាងណាក៏ដោយ លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ បានការពារទង្វើ ក្នុងថ្ងៃទី២៨ ខែតុលានេះថា ជាសិទ្ធិ​របស់​បុគ្គល។

«ញត្តិ»មួយ របស់កងទ័ពនៅសមរភូមិទិសព្រះវិហារ ដែលតំណាងដោយ​លោកឧត្តមសេនីយ៍ គន់ គីម អគ្គ​មេបញ្ជាការរង និងជាអនុប្រធានទីមួយគណៈបញ្ជាការ នៃសមរភូមិព្រំដែនកម្ពុជា-ថៃ និងដែលមកដល់ដៃ​អ្នកសារព័ត៌មានដែរនោះ បានស្នើឲ្យមានការដកលោក កឹម សុខា ពីតំណែងជាអនុប្រធានទីមួយ នៃ​រដ្ឋសភា។ ញត្តិនេះបានធ្វើឡើង នៅក្នុងពេលតែមួយ នៃបាតុកម្មមហាជន នៅរាជធានីភ្នំពេញ ទាមទារឲ្យលោក ហេង សំរិន ទម្លាក់អនុប្រធានទីមួយនៃរដ្ឋសភា ពីតំណែង កាលពីថ្ងៃទី២៦ ខែតុលានេះ។

ញត្តិនោះ បានសរសេរជាអាថ៌ថា៖ «យើងខ្ញុំទាំងអស់គ្នា (កងទ័ពនៅសមរភូមិទិសព្រះវិហារ) បានតាមដាន​យ៉ាង​យកចិត្តទុក្ខដាក់បំផុត អំពីសភាពការណ៍នយោបាយ របស់ប្រទេសជាតិ និងបានមើលឃើញពី​សកម្ម​ភាព ដ៏ពិសពុលរបស់ លោក កឹម សុខា អនុប្រធានទី១រដ្ឋសភា និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ ដែល​កំពុងធ្វើការឃោសនា បោកប្រាស់ប្រជាពលរដ្ឋ ញុះញង់អុចអាលលាបពណ៌ បង្កកំហឹង រើសអើង​ពូជ​សាសន៍ និងឈានទៅបង្កសង្គ្រាមផ្ទៃក្នុង ដែលមិនសមជាទង្វើ របស់ថ្នាក់ដឹកនាំនៃស្ថាប័នកំពូលរបស់ជាតិ។»។

ទន្ទឹមនឹងញត្តិនោះ គេបានឃើញរូបថតប៉ុន្មានសន្លឹក បង្ហោះនៅតាមបណ្ដាញសង្គម (រូបខាងលើ និងខាង​ក្រោម) បង្ហាញ​ពី​កម្លាំងទាហាន ក្នុង«ឯកសណ្ឋាន»ជាកងទ័ពជាតិ ឈរហាលថ្ងៃនៅព្រំដែន តែបែរជាលើក​ស្លាក ឬបដា ទាមទារ​ឲ្យមានការទម្លាក់អនុប្រធានរដ្ឋសភា លោក កឹម សុខា ពីតំណែង។

នៅ​ពេល​ដែល​កងទ័ព​ស្នើ​ដក​អនុ​ប្រធាន​ទី១​រដ្ឋសភា ​ពី​តំណែង...

អ្នកតាមដាន​ស្ថានការណ៍កម្ពុជា​យ៉ាងជិតដិត លោក ព្រហ្ម គិត ដែលជាអតីតមន្ត្រី​ច្បាប់ខ្មែរមួយរូប​ចូលនិវត្តន៍​​ក្នុងប្រទេសបារាំង បានឃើញញត្តិ និងរូបថតទាំងនេះ ហើយបានថ្លែងប្រាប់ទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ តាម​ទូរស័ព្ទថា រឿងរ៉ាវធ្វើឲ្យគេមើលឃើញ កាន់តែច្បាស់ថា កម្ពុជាកំពុងដើរឈានចេញ ពីរបបសភានិយម ទៅ​កាន់​របបយោធានិយមហើយ។ លោកបានបញ្ជាក់ថា យោធាជាស្ថាប័នរបស់ជាតិ ត្រូវការពារជាតិ និង​ប្រជាជន​របស់ខ្លួន តែយោធាមិនត្រូវលូកដៃ ចូលទៅក្នុងស្ថាប័នរដ្ឋសភាជាតិ ដែលជាកន្លែង​របស់​តំណាង​រាស្ត្រ ចេញពីគណបក្សនយោបាយនោះឡើយ។ លោកបានពន្យល់ថា៖ «ញត្តិនេះ ជាសំពាធមួយ ដាក់ទៅ​លើ​ស្ថាប័ន​នីតិបញ្ញត្តិ។ មានន័យថាម៉េច? មានន័យថា ទាហានចង់បានអញ្ចឹង បើមិនធ្វើតាម រដ្ឋសភា​ជាតិ​មួយ​នេះ ត្រូវ​ប្រយ័ត្នខ្លួនទៅ។»

លោក ព្រហ្ម គិត បានថ្លែងឡើងថា៖ «លោក គន់ គីម ជាសមាជិកគណៈកម្មការកណ្ដាល នៃគណបក្ស​ប្រជាជន​កម្ពុជា និងជាញាតិរបស់លោក ហ៊ុន សែន។ បើលោកមិនបម្រើ ឲ្យនយោបាយគណបក្ស​ប្រជាជន​នោះ​ទេ ទើបវាចម្លែក ហើយលោកអាចធ្វើបាន ក្នុងនាមលោក ជាពលរដ្ឋមួយរូប។ តែរឿង ដែលលោកយក​ថានៈ​របស់​លោក​ជាមេទ័ពរង និងកងទ័ពជាតិទាំងមូល មកច្រឡំបល់ជាមួយបក្សនយោបាយ ទោះជាមាន​"លេស"​ពីនេះពីនោះ មកនិយាយដ៏ដោយ វាជារឿងខុសពីច្បាប់លក្ខត្តិកៈ មន្ត្រីរាជការ ជាពិសេសលក្ខត្តិកៈ​​កងខេមរភូមិន្ទ ឬកងនគរ​បាល។ ស្ថាប័នរដ្ឋសភា គេមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការវិនិច្ឆ័យថា តើលោក កឹម សុខា គួរត្រូវដកចេញ ឬទុក ដោយឯករាជ្យភាពរបស់គេ។»៕


» ខាងក្រោមនេះ ជាញត្តិកងទ័ព តំណាងដោយលោក គន់ គីម៖

នៅ​ពេល​ដែល​កងទ័ព​ស្នើ​ដក​អនុ​ប្រធាន​ទី១​រដ្ឋសភា ​ពី​តំណែង...