ការ​មី​ឆ្លាម​បុក​រ៉ឺ​ម៉ក​កង់​បី​ឆ្លងថ្នល់ របួសធ្ងន់​ម្នាក់ ស្រាល​២​នាក់

រាជធានី​ភ្នំពេញ ៖ បុរស​អ្នក​បើក​ម៉ូតូ​កង់​បី​ម្នាក់​បាន​រង​របួសធ្ងន់​ដោយ​បាក់ជើង​ទាំង​សងខាង ចំណែក​កូនប្រុស​ស្រី​២​នាក់​បាន​រង​របួសស្រាល ខណៈ​ពេល​បើក​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​ឆ្លងផ្លូវ​ត្រូវ​រថយន្ត​កាម​រី​ឆ្លាម​បុក​យ៉ាង​ពេញទំហឹង ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​២៨ តុលា ២០១៥ នៅ​ចំណុច​មុខ​ខ្លោងទ្វារ​ចូល​វត្ត​គោក​ខ្សាច់ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ស្ថិត​ក្នុងភូមិ​គោក​ខ្សាច់ សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើកម៉ូតូ​​រ៉ឺ​ម៉ក​កង់​បី​ដឹក​កូន​ក្មេង​ប្រុស​-​ស្រី​២​នាក់ ខណៈ​បត់​ឆ្លងផ្លូវ​ឡើង​មក​ផ្លូវជាតិ​លេខ​៣​ក៏​ត្រូវ​រថយន្ត​ឆ្លាម​១​គ្រឿង ពណ៌​កណ្តុរ​ល្មែះ ពាក់​ស្លាក​លេខ ភ្នំពេញ 2R-5994 បុក​យ៉ាង​ពេញទំហឹង​បណ្ដាល​ឲ្យ​បុរស​អ្នក​បើក​ម៉ូតូ​កង់​បី​រង​របួសធ្ងន់ ដោយ​បាក់ជើង​ទាំង​សងខាង ចំណែក​ក្មេង​ៗ​ទាំង​២​នាក់​រង​របួសស្រាល ។ ចំណែក​អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់ ។

ក្រោយ​ពេល​កើតហេតុ​ទាំង​រថយន្ត និង​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​ដោះស្រាយ​តាម​ផ្លូវច្បាប់ ៕