អាជ្ញាធរ​ស្វាយរៀង​មិន​ទទួលខុសត្រូវ​ចំពោះ​ដំណើរ​ចុះទៅ​មើល​ព្រំដែន​របស់​បក្ស​អំណាច​ខ្មែរ​

​សាលាខេត្ត​ស្វាយរៀង បាន​បដិសេធ​មិន​ទទួលខុសត្រូវ ចំពោះ​បេសកម្ម​របស់​គណបក្ស​អំណាច​ខ្មែរ ដែល​នឹង​ចុះទៅ​ត្រួត​ពិនិត្យមើល​ព្រំដែន​កម្ពុជា​-​វៀតណាម ជាមួយ​មន្ត្រី​ស្ថានទូត​ចំនួន​១៨ ប្រចាំ​កម្ពុជា នៅ​ថ្ងៃទី​៣០ ខែតុលា ខាងមុខនេះ​។ ទោះបីជា​យ៉ាងណាក៏ដោយ គណបក្ស​អំណាច​នៅតែ​បន្ត​គម្រោង​ចុះទៅ​ទស្សនកិច្ច​ព្រំដែន​ដដែល ប្រសិនបើ​មានការ​ឆ្លើយតប​ជា​វិជ្ជា​មាន​ពី​ស្ថានទូត​ទាំង​១៨ តាម​ការអញ្ជើញ​របស់​គណបក្ស​។ នេះ​ជា​អះអាង​របស់លោក ទេព វីរៈ អ្នកនាំពាក្យ​គណបក្ស​អំណាច​ខ្មែរ​។​

​កាលពី​ថ្ងៃទី​២៦ ខែតុលា គណបក្ស​អំណាច​ខ្មែរ បានដាក់​លិខិត​ជូន​សាលាខេត្ត​ស្វាយរៀង ស្តីពី​ការចុះទៅ​ទស្សនកិច្ច​តំបន់​ព្រំដែន​កម្ពុជា​-​វៀតណាម ជាមួយ​មន្ត្រី​ស្ថានទូត​ចំនួន​១៨ ប្រចាំ​កម្ពុជា តែ​សំណើរ​នេះ ត្រូវបាន​សាលាខេត្ត​ស្វាយរៀង​ចេញ​លិខិត​បដិសេធ មិន​ទទួលខុសត្រូវ​ចំពោះ​បេសកកម្ម​របស់​គណបក្ស​ឡើយ។ ខ្លឹមសារ​នៃ​លិខិត​នោះបាន​អះអាង​ដូច្នេះ​ថា​៖ «​រដ្ឋបាលខេត្ត​មិនអាច​សម្រេច​ជូន​តាម​សំណើរ​របស់​គណបក្ស​បានទេ ព្រោះ​កិច្ចការ​នេះ​ជា​សមត្ថកិច្ច​របស់​ក្រសួង​-​ស្ថាប័ន​ជាតិ និង​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​»​។

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក ទេព វីរៈ អ្នកនាំពាក្យ​គណបក្ស​អំណាច​ខ្មែរ បាន​លើកឡើងថា ការបដិសេធ​របស់​សាលាខេត្ត​ស្វាយរៀង​នេះ អាច​​ជាការ​យល់ច្រឡំ​ពី​បេសកកម្ម​របស់​បក្ស​អំណាច​ខ្មែរ ដោយ​គណៈ​អភិបាល​ទំនងជា​យល់ថា ថ្នាក់ដឹកនាំ​គណបក្ស​នឹង​ចុះទៅ​វាស់វែង ឬក៏​ដកប​ង្គោ​ល​ព្រំដែន ដែលជា​កិច្ចការ​របស់​ស្ថាប័ន​ជាតិ និង​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​។ លោក​បញ្ជាក់​ដូច្នេះ​ថា​៖ «​គណបក្ស​អំណាច​ខ្មែរ​នឹងមិន​ទៅ​បង្ក​អំពើហិង្សា​និង​អសន្តិសុខ ឬក៏​ដក​បង្គោល​អ្វី​ឡើយ​។ អ្វីដែល​គណបក្ស​ធ្វើ​គឺ​គ្រាន់តែ ចុះទៅ​មើល​តំបន់​ណា​ដែលមាន​ជម្លោះ និង​មានការ​ឈ្លានពាន​ពី​ប្រទេស​វៀតណាម​កន្លងមក​ប៉ុណ្ណោះ ដើម្បី​ឲ្យ​តំណាង​ស្ថា​ត​ទូត​ទាំង​១៨ បានឃើញ​ជាក់ស្តែង​»​។

​អ្នកនាំពាក្យ​រូបនេះ បន្ថែមថា បើទោះបីជា​អាជ្ញាធរខេត្ត​ស្វា​រៀង​មិន​ទទួលខុសត្រូវ​ចំពោះ​ដំណើរ​ទស្សនកិច្ច​នេះ​ក៏ដោយ ក៏​គណបក្ស​នៅតែ​បន្ត​បេសកកម្ម​របស់ខ្លួន ឲ្យ​តែមាន​តំណាង​ស្ថានទូត​ផ្តល់​ចម្លើយ​ថា​ទៅ តាម​ការអញ្ជើញ​របស់​គណបក្ស​។ ប៉ុន្តែ​រូបលោក​មិនទាន់​អាច​បញ្ជាក់បាន​ថា ថ្នាក់ដឹកនាំ​គណបក្ស​អំណាច​ខ្មែរ​នៅតែ​បន្ត​ចុះទៅ​ឬក៏​មិន​ទៅ​នោះទេ ប្រសិនបើ​ពុំមាន​ស្ថានទូត​ណាមួយ​ផ្តល់​ចម្លើយ​ថា​អញ្ជើញ​ទៅ​។​

​សូម​រម្លឹកថា កាលពី​ថ្ងៃទី​១៩ ខែតុលា គណបក្ស​អំណាច​ខ្មែរ​បានដាក់​លិខិត​ទៅកាន់​ស្ថានទូត​ចំនួន​១៨​ប្រចាំ​កម្ពុជា ដែល​ស្ថាន​ទូតទាំងនោះ​តំណាង​ឲ្យ​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ដើម្បី​ឲ្យ​ចូលរួម​ទស្សនកិច្ច​ព្រំដែន​កម្ពុជា​-​វៀតណាម ជាមួយ​ថ្នាក់ដឹកនាំ​បក្ស​អំណាច​ខ្មែរ តែ​រហូតមក​ដល់ពេលនេះ​ពុំទាន់​មាន​ស្ថានទូត​ណាមួយ​ឆ្លើយតប​ថា​ទៅ​ឬ​មិន​ទៅនោះ​ឡើយ​។ តាម​ការគ្រោងទុក គណបក្ស​អំណាច​ខ្មែរ​នឹង​ចុះទៅ​មើល​ព្រំដែន​កម្ពុជា​-​វៀតណាម ជាពិសេស​តំបន់​ស្ថិតនៅក្នុង​ឃុំ​ដូង ស្រុក​រមាសហែក ខេត្តស្វាយរៀង ជាមួយ​តំណាង​ស្ថានទូត​ទាំង​១៨ នៅ​ថ្ងៃទី​៣០ ខែតុលា នេះ​៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​