ប្រជាប្រិយភាព​លោក កឹម សុខា នឹង​កើន បើ​រដ្ឋសភា​ដកដំណែង​លោក កឹម សុខា មែន​

​តើ​រដ្ឋសភា​ដែលមាន​សមាជិក​ភាគច្រើន​មកពី​គណបក្សកាន់អំណាច នឹង​សម្រេច​ដក​លោក កឹម សុខា ពី​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​ដែរឬទេ​? មិនទាន់មាន​ចម្លើយ​សម្រាប​សំណួរ​នេះ​នៅឡើយ​ទេ​។ ប៉ុន្តែ​បើ​មានការ​សម្រេច​ដូច​ការទាមទារ​មែន ក្រុមអ្នកតាមដាន​ស្ថានការណ៍​នយោបាយ​អាច​មើលឃើញ​បច្ច័យ​២​ចំនុច​។​

​លោក អ៊ូ វីរៈ អ្នកវិភាគ​នយោបាយ​មួយរូប បាន​និយាយ​អំពី​ចំនុច​ទាំងពីរ​នេះ​មុនគេ​។ សម្រាប់​អតីត​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​រូបនេះ បើសិនជា​រដ្ឋសភា​នឹង​ដក​លោក កឹម សុខា ចេញពី​ថ្នាក់ដឹកនាំ​រដ្ឋសភា​បាន​មែន នោះ​វា​នឹង​បង្ហាញ​អំពី​បរាជ័យ​របស់​គណបក្ស​ប្រឆាំង​នៅក្នុង​កិច្ចព្រមព្រៀង​នយោបាយ ដែល​ខ្លួន​បានធ្វើ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។ ហើយ​ថា​ការដក​លោក កឹម សុខា មានតែ​ធ្វើ​ឲ្យ​ប្រជាប្រិយភាព​របស់លោក កឹម សុខា កើនឡើង​ក្នុងចំណោម​អ្នកបោះឆ្នោត​តែប៉ុណ្ណោះ​។ លោក អ៊ូ វីរៈ បញ្ជាក់​យ៉ាង​ដូច្នេះ​៖«​ខ្ញុំ​គិតថា​គណបក្ស​សង្គ្រោះ​ជាតិ នឹង​បរាជ័យ​លើ​កិច្ចព្រមព្រៀង ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ​គឺជា​អ្នក​ដាក់​លោក កឹម សុខា ជា​អនុប្រធាន​ទី​១​រដ្ឋសភា មិនមែន​គណបក្ស​ប្រជាជន​ទេ​។ ក្នុងន័យនេះ លោក កឹម សុខា នឹង​បាត់បង់​តួនាទី​មែន ប៉ុន្តែ​ខ្ញុំ​ថា ប្រជាប្រិយភាព​របស់លោក កឹម សុខា នឹង​កើនឡើង​»​។ បើតាម​អ្នកវិភាគ​ដដែល ការសម្រេច​ដក​លោក កឹម សុខា វា​ក៏​បង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​ព្រួយបារម្ភ​អំពី​ភាពរឹងមាំ​របស់លោក កឹម សុខា នៅក្នុង​ស្ថាប័ន​រដ្ឋសភា​ដែរ​។​
ប្រជាប្រិយភាព​លោក កឹម សុខា នឹង​កើន បើ​រដ្ឋសភា​ដកដំណែង​លោក កឹម សុខា មែន​
​មិន​ខុសពី​លោក អ៊ូ វីរៈ នោះទេ លោក សូ ចន្ថា អ្នកវិភាគ​នយោបាយ​មួយរូប​ទៀត​ក៏​យល់ឃើញថា លោក កឹម សុខា នឹង​ទទួលបាន​សំឡេងគាំទ្រ​ច្រើន​ពី​ប្រជាពលរដ្ឋ ហើយ​គណបក្ស​ប្រជាជន​នឹង​មិនមាន​ផលចំណេញ​អ្វី​នោះឡើយ បើសិនជា​រដ្ឋសភា​សម្រេច​ដក​លោក កឹម សុខា ចេញពី​តួនាទី​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​មែន​នោះ​។ លោក សូ ចន្ថា បាន​បន្ថែម​យ៉ាង​ដូច្នេះ​ថា​៖«​បើសិនជា​រដ្ឋសភា​ប្រជុំ​សម្រេច​ដក​លោក កឹម សុខា មែន​នោះ គឺអាច​ដក​បាន​តាម​សំឡេង​៥០​បូក​១ ដែល​គណបក្ស​ប្រជាជន​កម្ពុ​ជាមាន​គ្រប់គ្រាន់​ហើយ​។ ប៉ុន្ដែ​ធ្វើ​យ៉ាងនេះ មានតែ​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​ខាត​បាត់​បង់ការ​គាំទ្រ​បន្ថែមទៀត​ប៉ុណ្ណោះ​។ បើ​ដក​លោក កឹម សុខា មិន​ចំណេញ​សោះ​នោះ តើ​ដក​ធ្វើ​អ្វី​»?

​ត្រង់នេះ លោក អ៊ូ វីរៈ ក៏​យល់ស្រប​។ បើតាម​ការយល់ឃើញរ​ប​ស់លោក អ៊ូ វីរៈ គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​ប្រើ​យុទ្ធសាស្ត្រ​វាយប្រហារ​លើ​គណបក្ស​ស​ង្គ្រោះ​ជាតិ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ បានត្រឹមតែ​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​នៅ​ស្ងាត់ស្ងៀម ទទួលបាន​នូវ​សន្ទុះ​នៃ​ការគាំទ្រ​ឡើងវិញ​ខ្លាំង​ឡើងវិញ​តែប៉ុណ្ណោះ​៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​