អត្ថន័យ​ផ្កា​តាម​ពណ៌​នីមួយ​ៗ ដែល​អ្នក​គួរ​ដឹង​ក្នុង​ថ្ងៃ​ទិវា​នៃ​ក្ដី​ស្រលាញ់


អត្ថន័យ​ផ្កា​តាម​ពណ៌​នីមួយ​ៗ ដែល​អ្នក​គួរ​ដឹង​ក្នុង​ថ្ងៃ​ទិវា​នៃ​ក្ដី​ស្រលាញ់

ក្នុង​ថ្ងៃ១៤ កុម្ភៈ រៀងរាល់​ឆ្នាំ មនុស្ស​ជា​ទី​ស្រលាញ់ គូសង្សារ ឬ​មិត្តភ័ក្ដិ​មួយ​ចំនួន ​ទិញ​ផ្កា​ជូន​គ្នា​ដើម្បី​បញ្ជាក់​ពី​ក្ដី​ស្រលាញ់ និង​មិត្តភាព។ ភាគ​ច្រើន​គេ​ទិញ​ផ្កា​កុលាប ​ប៉ុន្តែ​ផ្កា​មាន​ច្រើន​ពណ៌ ច្រើន​ប្រភេទ ហើយ​សុទ្ធតែ​មាន​អត្ថន័យ​ខុស​ៗ​គ្នា។ ខាង​ក្រោម​នេះ គឺ​ជា​អត្ថន័យ​ពណ៌​ផ្កា​មួយ​ចំនួន ដែល​អ្នក​អាច​យក​ទៅ​វិភាគ​បាន។ ជឿជាក់​ថា​ក្រោយ​ពេល​អាន​ហើយ លោក​អ្នក​ប្រាកដ​ជា​បាន​ច្បាស់​ក្នុង​ចិត្ត លែង​រារែក​ថា​គួរ​ទិញ​ផ្កា​ពណ៌​​អ្វី​ឲ្យ​មិត្តភ័ក្ដិ ឬ​មនុស្ស​ជា​ទី​ស្រលាញ់​ទៀត។ ​​

 

១. ពណ៌​ក្រហម

 

អត្ថន័យ​ផ្កា​តាម​ពណ៌​នីមួយ​ៗ ដែល​អ្នក​គួរ​ដឹង​ក្នុង​ថ្ងៃ​ទិវា​នៃ​ក្ដី​ស្រលាញ់

 

ឃើញ​ពណ៌​ក្រហម អ្នក​ប្រាកដ​ជា​នឹក​ឃើញ​ដល់​ផ្កា​កុលាប​ដែល​មាន​សម្រស់​ស្រស់​បំព្រង​គួរ​ជា​ទី​គយ​គន់ ហើយ​ផ្កា​នេះ​សក្ដិ​សម​បំផុត​សម្រាប់​ជូន​គូ​ស្នេហ៍​គ្រប់​កាលៈទេសៈ​ទាំង​អស់។ ពណ៌​ក្រហម​តំណាង​ឲ្យ​​ចំណង់​ចំណូល​ចិត្ត ក្ដី​ស្រលាញ់ និង​ថាមពល។ ឈាម​ដែល​មាន​ពណ៌​ក្រហម​ឆ្អិន​ឆ្អៅ​រត់​ចុះ​ឡើង​សព្វ​កន្លែង​ក្នុង​ខ្លួន​ប្រាណ ដើម្បី​ផ្ដល់​កម្លាំង​ដល់​មនុស្ស​គ្រប់​រូប។ ជូន​ផ្កា​ពណ៌​ក្រហម​ដល់​នរណា​ម្នាក់ មាន​ន័យ​ថា​អ្នក​ផ្ដល់​កម្លាំង ព្រម​ទាំង​ក្ដី​ស្រលាញ់​ដល់​គេ។

​​​

២. ពណ៌​ទឹក​ក្រូច

 

ពណ៌​ទឹក​ក្រូច មើល​ទៅ​ស្រដៀង​ស្រមោល​ព្រះអាទិត្យ ដែល​កំពុង​ចរ​យាត្រា​ជះ​រស្មី​បំភ្លឺ​ភព​ផែន​ដី។ ពណ៌​ទឹក​ក្រូច​មាន​ន័យ​ថា ភាព​រួសរាយ ការ​លូតលាស់ និង​ភាព​កក់​ក្ដៅ។ ពណ៌​នេះ ក៏​ជា​និមិត្ត​សញ្ញា​នៃ​មិត្តភាព និង​ការ​រួបរួម​គ្នា​ផង​ដែរ។ ចង​ចាំ​ពេល​នៅ​ក្មេង​ៗ​ទេ? ឲ្យ​តែ​ពេល​ព្រះ​អាទិត្យ​ហៀប​នឹង​អស្ដង្គត គ្រប់​គ្នា​ចេញ​មក​លេង​ជួប​ជុំ​គ្នា​យ៉ាង​សប្បាយ​រីករាយ ក្រោម​រស្មី​តិច​ៗ​ពណ៌​ទឹក​ក្រូច ធ្វើ​ឲ្យ​អារម្មណ៍​ស្រស់​ស្រាយ និង​រឹត​ចំណង​មិត្តភាព​ក្នុង​វ័យ​កុមារ។ ដូច​នេះ ពណ៌​ទឹក​ក្រូច​ល្អ​បំផុត សម្រាប់​ជូន​មិត្តភ័ក្ដិ​យល់​ចិត្ត។

 

៣. ពណ៌​លឿង

 

ឃើញ​ពណ៌​លឿង នឹក​ឃើញ​មាស​ដែល​ចាំ​ចិញ្ចាច​ពេល​ប៉ះ​ពន្លឺ​អ្វី​មួយ ហើយ​គេ​ចាត់​ទុក​ពណ៌​លឿង​ជា​និមិត្តរូប​នៃ ភាព​បរិសុទ្ធ សេចក្ដី​ភ្លឺ​ថ្លា ការ​ជឿជាក់ និង​ប្រាជ្ញា។ ការ​សិក្សា​របស់​អ្នក​វិទ្យាសាស្ត្រ បាន​បង្ហាញ​ថា​សរសេរ​អក្សរ​នៅ​លើ​ក្ដារ​ពណ៌​លឿង នឹង​អាច​បង្កើន​ការ​ចង​ចាំ។ ជូន​ផ្កា​ពណ៌​លឿង​ដល់​មិត្ត​ភក្តិ​ជិតស្និទ្ធ នឹង​ធ្វើ​ឲ្យ​ពួក​គេ​កាន់​តែ​មាន​ភាព​ឆ្លាតវៃ​ក្នុង​ការ​សិក្សា។ ​​​​

 

៤. ពណ៌​បៃតង

 

នៅ​ពេល​រដូវ​ផ្កា​រីក ស្លឹក​ឈើ​លាស់​ថ្មី អ្វី​ដែល​អ្នក​មាន​អារម្មណ៍​រីករាយ​ទទួល​បាន គឺ​ស្លឹក​ឈើ​ពណ៌​បៃតង​ដ៏​ស្រស់​បំព្រង។ ពណ៌​បៃតង ជា​តំណាង​នៃ​ការ​ខិតខំ​ប្រឹង​ប្រែង​ជា​ថ្មី ការ​លូតលាស់ សុខភាព និង​យុវវ័យ។ ជូន​ផ្កា​ពណ៌​បៃតង​ចំពោះ​អ្នក​គុណ មិត្តភ័ក្ដិ ឬ​មនុស្ស​ជាទី​ស្រលាញ់ ដើម្បី​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ស្រស់​ស្រាយ និង​ទទួល​បាន​សុខភាព​ល្អ។

 

៥. ពណ៌​ខៀវ

 

មេឃ​ខៀវ​ស្រលះ ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ និង​ទទួល​បាន​ភាព​កក់​ក្ដៅ ជាង​ពេល​មាន​ពពក​បាំង​បិទ។ ពេល​ស្រងូត​ស្រងាត់​ម្នាក់​ឯង អ្នក​ក៏​ចាប់​ផ្ដើម​សម្លឹង​មើល​មេឃ និង​គិត​រឿង​រ៉ាវ​ទាំង​ឡាយ។ ដូច​នេះ​ហើយ ទើប​ផ្កា​ពណ៌​ខៀវ ជា​តំណាង​ក្ដី​សុបិន និង​ការ​ស្រមើល​ស្រមៃ​មិន​ចេះ​រីង​ស្ងួត។ ជូន​ផ្កា​ពណ៌​ខៀវ​ឲ្យ​នរណា​ម្នាក់ ដើម្បី​ជំរុញ​ឲ្យ​គេ​អាច​សម្រេច​ក្ដី​ស្រមៃ។ ម្យ៉ាង​វិញ​ទៀត ផ្កា​ពណ៌​នេះ​សក្តិ​សម​បំផុត​សម្រាប់​អ្នក​ចូល​ចិត្ត​ភាព​ស្ងប់​ស្ងាត់។
​​​​
៦. ពណ៌​ស្វាយ

 

អត្ថន័យ​ផ្កា​តាម​ពណ៌​នីមួយ​ៗ ដែល​អ្នក​គួរ​ដឹង​ក្នុង​ថ្ងៃ​ទិវា​នៃ​ក្ដី​ស្រលាញ់

 

ពណ៌​ស្វាយ តំណាង​ឲ្យ​ភាព​ស្វាហាប់ និង​ស្មារតី​រឹងមាំ។ លើស​ពី​នេះ ពណ៌​ស្វាយ​ក៏​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​និមិត្ត​សញ្ញា​នៃ​ភាព​ខ្សែ​រាជវង្ស និង​វណ្ណៈ​អភិជន​ផង​ដែរ កាល​ពី​សម័យ​បុរាណ។ ជូន​ផ្កា​នេះ ដល់​នរណា​ម្នាក់ ដើម្បី​បញ្ជាក់​ថា​អ្នក​ជឿជាក់​លើ​គេ និង​គោរព​កិត្តិយស​របស់​គេ។ ​​

 

៧. ពណ៌​ស

 

“ស​ស្អាត​ដូច​ជា​សំឡី” នេះ​គឺ​ជា​ពាក្យ​ដែល​មនុស្ស​ភាគ​ច្រើន​ប្រើប្រាស់ ដើម្បី​បញ្ជាក់​ពី​ភាព​ស្អាត​ស្អំ​របស់​ខ្លួន។ ពណ៌​ស​ជា​និមិត្ត​រូប​នៃ ភាព​ស្រស់​ថ្លា ភាព​ស្មោះ​ត្រង់ ភាព​ស្អាត​បរិសុទ្ធ និង​សេចក្ដី​ស្ថិតស្ថេរ​មិន​ប្រែប្រួល។ ជូន​ផ្កា​ពណ៌​ស​ដល់​គូ​ស្នេហ៍ ដើម្បី​បញ្ជាក់​ពី​ភាព​ស្មោះ​ត្រង់​របស់​អ្នក។

 

៨. ពណ៌​ផ្កាឈូក

 

អត្ថន័យ​ផ្កា​តាម​ពណ៌​នីមួយ​ៗ ដែល​អ្នក​គួរ​ដឹង​ក្នុង​ថ្ងៃ​ទិវា​នៃ​ក្ដី​ស្រលាញ់

 

ពណ៌​ផ្កាឈូក តំណាង​ការ​ចាប់​ផ្ដើម ការ​ផ្ដល់​តម្លៃ និង​សុភមង្គល​មិន​ចេះ​រីង​ស្ងួត។ ពណ៌​ផ្កា​ឈូក អាច​ធ្វើ​ឲ្យ​អាច​ធ្វើ​ឲ្យ​អ្នក​ឃើញ​ហើយ មាន​អារម្មណ៍​រីករាយ និង​ស្រស់ថ្លា។ បើ​អ្នក​ទើប​ចាប់ផ្ដើម​ស្រលាញ់​អ្នកណា​ម្នាក់ និង​ចង់​ជូន​ផ្កា​គេ​ជា​លើក​ដំបូង គួរ​ជ្រើស​រើស​ផ្កា​ដែល​មាន​ពណ៌​ផ្កាឈូក។ ​

 

ចុចអាន៖ វត្ថុ​អនុស្សាវរីយ៍​ស្អាត​ៗ ស្វាគមន៍​ថ្ងៃ ​១៤ ​កុម្ភៈ

 

ដោយ៖ គង់ វិសាល
ប្រភព៖ Teleflora