E-Sports ថ្នាក់ជាតិរកឃើញ២ក្រុមនៅតំបន់ទី១ទៅវគ្គផ្តាច់ព្រ័ត្របុណ្យសមុទ្រ

ភ្នំពេញ:     ​ភ្នំពេញ​:​ការប្រកួត​កីឡា​អេឡិចត្រូនិក​ថ្នាក់​តំបន់ បានចាប់ផ្ដើម​ប្រកួត​ហើយ ដើម្បី​ស្វែងរក​ក្រុម​ខ្លាំង​មកពី ៦​តំបន់​ខុសៗ​គ្នា​ដែលមាន​សរុប​ទាំងអស់​២៣​ខេត្ត​ក្រុង​ជា​សមាជិក​។​

     ការប្រកួត​នៅក្នុង​តំបន់​ទី​១ ដែល​ទើបតែ​បញ្ចប់​កាលពី​ថ្ងៃទី​២៤ ខែតុលា នេះ គឺមាន​កីឡាករ​មកពី​ខេត្ត​ចំនួន​៤ ដែល​ក្នុងនោះ​មានមក​ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកណ្ដាល និង​ខេត្តកំពង់ចាម​ហើយ​ពួកគេ​ប្រកួត​គ្នា លើ​វិញ្ញាសា AK Online យ៉ាង​ស្វិតស្វាញ​ទើប​អាច​ស្វែងរក​២​ក្រុម​ខ្លាំង​តំណាងអោយ​តំបន់​ទី​១ ដែលមាន​ក្រុម​ឈ្មោះ OverCome  មកពី​ខេត្តស្វាយរៀង និង​ក្រុម YouWillKnow មកពី​ខេត្តកណ្ដាល​។​

​    ក្រុម​ទាំង ២ នេះ​ត្រៀមខ្លួន ទៅ​ចូលរួម​ការប្រកួត​ផ្ដាច់ព្រ័ត្រ​កីឡា​អេឡិចត្រូនិក​ថ្នាក់ជាតិ នៅ​ថ្ងៃទី​១១-១២ ខែធ្នូ ក្នុង​កម្មវិធី​បុណ្យ​សមុទ្រ នៅឯ​ខេត្តកំពត ដែល​នៅ​ទីនោះ​ពួកគាត់​នឹងត្រូវ​ប្រកួត​ជាមួយនឹង​ក្រុម​ខ្លាំងៗ​ជាច្រើន​ដែល​ តំណាង​ឲ្យ​តំបន់​ផ្សេងទៀត ដើម្បី​ស្វែងរក​ម្ចាស់​ប្រាក់រង្វាន់​ធំ ដោយ​លេខ​១​ទទួលបាន ៣០០០ ដុល្លារ លេខ​២ ២០០០​ដុល្លារ និង​លេខ​៣ ៥០០​ដុល្លារ​។

​    នៅ​ថ្ងៃទី​៣១​តុលា​ខាងមុខ នេះដែរ ក៏មាន​ការប្រកួត​កីឡា​អេឡិចត្រូនិក​ថ្នាក់​តំបន់ ដើម្បី​ស្វែងរក​២​ក្រុម​ខ្លាំង​ប្រចាំ​តំបន់​ទី​២ ដែល​ក្នុងនោះ​មាន​ខេត្ត​ជា​សមាជិក​ចំនួន ៤​គឺ  ខេត្តមណ្ឌលគិរី ខេត្តក្រចេះ ខេត្តស្ទឹងត្រែង និង​ខេត្តរតនគិរី​។​

     គួរបញ្ជាក់​ផងដែរ​ថា AK Online ជា​ប្រភេទ​កីឡា​អេឡិចត្រូនិក​ដែល​តម្រូវ​ឲ្យ​កីឡាករ​ធ្វើការ​សហ​ការណ៍​គ្នា​ ជា​ក្រុម ហ្វឹកហាត់ និង​រៀបចំ​យុទ្ធសាស្ត្រ ទៅតាម​ទីតាំង​ភូមិសាស្ត្រ​ខុសៗ​គ្នា ដើម្បី​យកជ័យ​ជំនះ​លើ​ក្រុម​ម្ខាង​ទៀត​។ កីឡា​ប្រភេទ​នេះ គឺ​ផ្ដោត​សំខាន់​ទៅលើ ការហ្វឹកហាត់​ខួរក្បាល ភាពប៉ិនប្រសព្វ​ក្នុងការ​ដឹកនាំ ថ្វីដៃ​ក្នុងការ​ប្រើប្រាស់​កុំព្យូទ័រ​ក្នុងការ​បញ្ជា​បាញ់​ទៅលើ​គូសត្រូវ ហើយ​កីឡា​ប្រភេទ​នេះ​ត្រូវបាន​រាប់បញ្ចូល​ទៅក្នុង សហព័ន្ធ​កីឡា​ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា (NOCC)​។​