សង្ឃដីកា​អន់​ព្រះ​ទ័យ នឹង​ម្ចាស់​សំដី​«យើស… អា​ត្រង៉ោល!»

បន្ទាប់ពីរងនូវការប្រមាថ ដោយប្រើពាក្យ ប្រកបដោយភាព«អសុរោះ» ពីបុរសម្នាក់រួច ខាងក្រោមនេះ ជា​ថេរដីកា​អាក់​អន់​ព្រះទ័យ របស់ព្រះសង្ឃ ដែលអះអាងថា លោកគ្រាន់តែចង់ផ្ដិតយកព័ត៌មាន នូវព្រឹត្តិការណ៍ នៃ​ការ​ធ្វើ​បាតុកម្ម ទាមទារ​ឲ្យ​ទម្លាក់​លោក កឹម សុខា ពីតំណែងជាអនុប្រធាន នៃរដ្ឋសភាប៉ុណ្ណោះ។
សង្ឃដីកា​អន់​ព្រះ​ទ័យ នឹង​ម្ចាស់​សំដី​«យើស... អា​ត្រង៉ោល!»
ព្រះសង្ឃ ណាំ ចាន់ថេន គង់នៅវត្តព្រះពុទ្ធ រាជធានីភ្នំពេញ។ (រូបថត monoROOM.info/ S. Tith)

បន្ទាប់ពីការវាយដំធាក់ទាត់ ទៅលើតំណាងរាស្ត្រពីររូប មកពីគណបក្សសង្គ្រោះជាតិ រហូតមានរបួស​ស្នាម​នោះ ហេតុការណ៍មួយនេះទៀត ក៏បានជួយបន្ថែមរសជាតិ ឲ្យបាតុកម្មទាមទារឲ្យទម្លាក់លោក កឹម សុខា ចេញ​ពី​តំណែង ជាអនុប្រធានទីមួយ នៃរដ្ឋសភានោះ កាន់តែមានភាពល្បីល្បាញ។ ល្បីល្បាញ ព្រោះពាក្យ​សម្ដី​មួយ​ឃ្លា របស់បុរសម្នាក់ ដែលមានអាហារនៅពេញមាត់ បានស្រែកទៅលើព្រះសង្ឃមួយអង្គ ព្រះនាម ណាំ ចាន់ថេន សឹងកក្រើកប្រថពី (ព្រោះសម្លេងខ្លាំងជាងសម្លេងរាប់សិប របស់បាតុកររាប់សិបដទៃទៀត) ថា៖ «គេវាយឥឡូវហ្នឹង!... ទៅវត្តទៅ! លោកឆ្កួតអីមកអញ្ចឹង! យើស​អាត្រង៉ោល!... អើ​ចុះ​ហ្អែង​អាត្រងោល បើ​ប្រម៉ាណ​ពាន់អង្គ មកតែហ្អែងមួយ​ហ្នឹង! ចុយអានេះ!»

មានថេរដីកា នៅក្រោយព្រឹត្តិការណ៍នេះភ្លាមៗ ព្រះតេគុណ ចាន់ថេន គង់នៅវត្តព្រះពុទ្ធ បានឲ្យដឹងថា ព្រះសង្ឃ​អាចធ្វើការចូលរួម ជាមួយនឹងសកម្មភាពផ្សេងៗ ដូចនឹងប្រជាពលរដ្ឋទូទៅដែរ ដូចជាការងារ​សង្គម ការងារមនុស្សធម៌ជាដើម។ ព្រះអង្គបន្តថា តាមច្បាប់រដ្ឋធម្មនុញ្ញ ប្រជាពលរដ្ឋទូទៅមានសិទ្ធិ ក្នុងការ​ទទួល និង​យកព័ត៌មាន។ ព្រះអង្គបានចោទជាសំនួរថា៖ «តើញោមមានបានមើលទេ ហើយញោមម៉ិញ មាន​ប្រសាសន៍​ថា សុទ្ធតែអាត្រងោលអីចឹង វាមិនត្រូវទេ។ ហើយមកដេញអាត្មា ឲ្យទៅវត្តទៅអី ចុះបើនិមន្តអាត្មា​ឲ្យ​ស្រួល​ទៅ អាត្មាក៏និមន្តទៅដែរ។ (...) ហើយរកវាយអាត្មាទៀត អំពើហិង្សាទាំងកាយ ទាំងពាក្យសំដី។ (...) មិន​សម​ជា​ពុទ្ធសាសនិកជន ជាអ្នកចេះដឹង និងគោរពព្រះពុទ្ធសាសនា (នោះទេ)។»

ព្រះអង្គបានថ្លែងបន្ត ដោយអាក់អន់ស្រពន់ ក្នុងព្រះហឬទ័យថា៖ «អាត្មាអន់ចិត្តមែនទែន។ ក្នុងនាមប្រជា​ពលរដ្ឋ​ម្នាក់ មានឈាមជ័រជាខ្មែរ ជាអ្នកកាន់ព្រះពុទ្ធសាសនា ហេតុអ្វីបានជាគាត់ពាក់មួក ប្រើពាក្យសុទ្ធតែ​អា...ចឹង។ (...) ញោមម្នាក់ហ្នឹង គឺឈ្លើយបំផុត។» រហូតដល់មានស្ត្រីម្នាក់ ចេញមុខមកសម្រួល ដោយដាក់​កំហុសទៅលើ«បុគ្គល»។ តែបើតាមអ្នកនៅក្នុងហេតុការណ៍ បានឲ្យដឹងថា ការស្រែករបស់បុរសម្នាក់នេះ ត្រូវ​បានមនុស្សនៅជុំវិញ ជាច្រើននាក់ផ្សេងទៀត ស្រែក«បន្ទរ»តាមពីក្រោយ។ បើអញ្ចឹង សូមជួយពន្យល់​ពាក្យ​ផងថា អ្វីទៅដែលហៅថា «បុគ្គល»? ឬមួយមនុស្សបែបនេះ មានច្រើនពេកទៅ គេត្រូវហៅថា «បុគ្គល ពហុវចនៈ»?

» សូមស្តាប់ការបកស្រាយ របស់ព្រះអង្គទាំងស្រុង ដូចខាងក្រោម៖