ជឿ​ថា​មាន “ក្រយៅ​ខ្មោច​លង” អត់?


ជឿ​ថា​មាន “ក្រយៅ​ខ្មោច​លង” អត់?

នៅ​ពេល Sabay សួរ​ថា តើ​​ជឿ​​ថា ​មាន​​ខ្មោច​ដែរ​ឬទេ? លោក ខុម ឌីណា បាន​ប្រាប់​ថា៖ “សម្រាប់​បង បង​គិត​ថា​មាន”។ ចុះ​បើ​និយាយ​ពី​ក្រយៅ​ខ្មោច​លង​វិញ តើ​បុរស​រូប​នេះ​ និង​ពលរដ្ឋ​​ខ្មែរ​ផ្សេង​ទៀត​ជឿ​​ដែរ​អត់?

 

ជឿ​ថា​មាន “ក្រយៅ​ខ្មោច​លង” អត់?

រូបតំណាង

 

អ្នក​ភ្នំពេញ ឌីណា លើក​ឡើង​ថា រឿង​ក្រយៅ​ខ្មោច​លង លោក​ធ្លាប់​ឮ​គេ​​និយាយ​ត​គ្នា ប៉ុន្តែ​​មិនដឹង​គេ​សម្គាល់​លើ​អ្វី​ឱ្យ​​ប្រាកដ​​ឡើយ។ យ៉ាងណាមិញ ​រាសី​ធ្លាក់​ចុះ ហើយ​ត្រូវ​ខ្មោច​លង ​គឺ​លោក​ជឿ ព្រោះ​មិត្តភ័ក្ដិ​​របស់​លោកម្នាក់​ ធ្លាប់​ជួប​ប្រទះករណី​​នេះ​។

 

“ឮ​ចាស់ៗ​និយាយ​ដែរ តែ​ជា​គ្មាន​អ្វី​ចំណាំ​ឱ្យ​ប្រាកដ បើ​គ្រូ​មន្តអាគម​ទៅ គេ​អាច​ដឹង។ បើ​អា​រឿង​រាសី​ធ្លាក់​ចុះ ត្រូវ​ខ្មោច​លង​ខ្ញុំ​ជឿ ព្រោះ​អី​មិត្ត​ខ្ញុំ​ម្នាក់​ប្រាប់​ថា វា​ធ្លាប់​ខ្មោច​លង។ ថ្ងៃ​មួយ​ខ្ញុំ មិត្តភ័ក្ដិ​ខ្ញុំ​ថា​ ជួប​ខ្មោច​ហ្នឹង (អាប៊ី) និង​ គ្នា​ខ្ញុំ​ ៨ នាក់​ទៀត ទៅ​លេង​លើ​ស្តាត​អូឡាំពិក។ ម៉ោង ៧ កន្លះ​យប់ យើង​មក​ផ្ទះ​វិញ​តាម​ច្រក​ផ្លូវ​ទៅ​វត្ត​មហាមន្ត្រី ស្រាប់​តែ​មាន​ភ្លើង​ពណ៌​ស​មួយ​រត់​ជែង​ជើង​ពួក​ខ្ញុំ អ្នក​​ឃើញ​មាន​តែ​ខ្ញុំ​នឹង​អាប៊ី​ទេ អ្នក​ផ្សេង​អត់​ឃើញ”។

 

បុរស​សម្បុរ​ខ្មៅ​​ស្រអែម​រូប​នេះ​បន្ត​ថា ប៉ុន្មាន​ខែ​ក្រោយ​មក ស្រាប់​តែ​​មិត្ត​របស់​លោក​ឈ្មោះ ប៊ី ជិះ​ម៉ូតូ​បុក​គ្នា ហើយ​រ៉ឺម៉ក​កង់​បី កិន​​​​អូស​ពីរ​បី​ម៉ែត្រ សន្លប់​ប្រហែល ១៥ នាទី ដោយ​មុខ ​និង​ក្បាល ប្រឡាក់​សុទ្ធ​តែ​ឈាម។

 

និយាយ​ទាំង​ព្រឺ​សម្បុរ​គីង្គក់ ឌី ថ្លែង​ឱ្យ​ដឹង​តាម​សម្ដី​របស់​មិត្តភ័ក្តិ​ថា ៖ “ពេល​នោះ​វា​អត់​ទៅ​ពេទ្យ​ទេ ព្រោះ​ខ្លាច​ដេក​ពេទ្យ ត្រូវ​​ម៉ាក់​វា​ដឹង វា​ក៏​ចូល​ម៉ាត​លុប​មុខ​ចេញ…ជិះ​កាត់​ស្តុប​កែង​វត្ត​មហាមន្ត្រីពេលយប់ វា​ក៏​ឃើញ​ខ្មោច​ពរ​កូន មិន​មែន​មួយ​ទេ​គឺ​ច្រើន​​បក់ដៃ​ហៅ។ ហ្នឹង​ហើយ​ដល់​ព្រឹក​ឡើង ទើប​វា​ប្រាប់​អ្នក​ផ្ទះ ម៉ាក់​វា​​ក៏​ប្រាប់​ថា​ឆ្នាំ​នេះ អាប៊ី​​អាយុ ២០ ឆ្នាំ​គត់ ជា​ឆ្នាំ​អត់​ល្អ រាសី​ធ្លាក់ ហើយ​ក៏​បាច​អង្ករ និង ​នាំ​វា​ស្រោច​ទឹក​ចេញ​រំដោះគ្រោះ”។

 

ប្រជ្រុយ​បាត​ជើង ជា​ប្រជ្រុយ​ខ្មោច​លង។ នេះ​បើ​តាម​យុវជន សៅ វិបុល ឮ​គេ​ដំណាល​ត​គ្នា។ វិបុល ប្រាប់​ថា៖ “ខ្ញុំ​អត់​ដឹង​​ច្បាស់​ដែរ តែ​ឮ​ពូ​ខ្ញុំ​ប្រាប់​ថា ឱ្យ​តែ​អ្នក​ណា​ប្រជ្រុយ​បាត់​ជើង ដើរ​យប់​ដឹង​តែ​ជួប​ខ្មោច​ហើយ”។

 

អតីត​និស្សិត នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់ វិបុល បាន​រៀបរាប់​ថា លោក​មិន​ដែល​ជួប​ខ្មោច​ទេ ពេល​ចេញ​ដើរ​ថ្ងៃ​យប់ ប៉ុន្តែ​លោក​ថា​មាន​ពូ​សាច់​ថ្លៃ​​ម្នាក់ ត្រូវ​​គេ​ឱ្យ​រហស្សនាម​ថា “អ្នក​ខ្លាច​ខ្មោច​ប្រចាំ​ភូមិ”។

 

“បើ​ប្រាប់​ក៏​មិន​ជឿ​ដែរ! ពូ​ខ្ញុំ​ហ្នឹង​អត់​ហ៊ាន​ចេញ​យប់​តែ​ឯង​ទេ ព្រោះ​គាត់​ខ្លាច​ខ្មោច…ទៅ​ភ្ជួរ​ស្រែ​ម៉ោង ៣ ម៉ោង ៤ ព្រឹក​ហ្នឹង ដឹង​តែ​​ហៅ​កូន​ឱ្យ​ទៅ​ជាមួយ​ហើយ តែ​បើ​តាម​មើល​គាត់​ដូច​ជា​មិន​មែន​ក្រយៅ​ខ្មោច​លង​ទេ អាច​មក​ពី​អារម្មណ៍​ច្រើន​ជាង។ បើ​យើង​មាន​អារម្មណ៍​ខ្លាច អារម្មណ៍​យើង​អត់​នឹង​ទេ ភ្នែក​ក្រឡាប់ចាក់ គិត​តែ​រឿង​ហ្នឹង”។ វិបុល​បញ្ជាក់។

 

ព្រះ​តេជគុណ មាំ វិបុល គង់​នៅ​វត្ត បទុម មាន​សង្ឃដីកា​ថា តេជគុណ​ធ្លាប់​ឮ​ចាស់​ៗ​និទាន​ត​គ្នា​ដែរ ជុំវិញ​អប្បិយជំនឿ​​ខាងលើ៖ “បើ​តាម​អាត្មា​ដឹង ពួក​អមនុស្ស​មិន​ងាយ​បង្ហាញ​ខ្លួន​ឱ្យ​ឃើញ​ទេ លុះត្រាតែ​អ្នក​នោះ​មាន​កម្ម​ណាមួយ​ជាមួយ​នឹងគ្នា”។

 

ទោះមិន​បាន​ជួប​ប្រទះ​ក្នុង​ព្រះធម៌​ក្ដី ប៉ុន្តែ​ព្រះ​តេជគុណមាន​សង្ឃដីកា​ថា បើ​រឿង​ខ្មោច​ព្រាយ​បិសាច​ពិត​ជា​មាន​មែន គឺ​​ពួក​អមនុស្ស [ខ្មោច ព្រាយ​បិសាច ដែល​ជា​សាច់ញាតិ ឬ​អ្នកមាន​កម្ម​ពារ​ជាមួយ​យើង]។ ពេល​ពួក​អមនុស្ស​បង្ហាញ​ខ្លួន​បាន​ន័យ​ថា ពួកគេ​ស្រែក​ឃ្លាន និង​ចង់​បាន​អ្វី​ពី​អ្នកនោះ​ឯង។

 

ដូច្នេះ​ដើម្បី​ជួយ​​ពួក​អមនុស្ស​ទាំងនោះ អ្នក​ដែល​បាន​ឃើញ​ត្រូវ​ធ្វើ​បុណ្យឧទ្ទិសកុសល ជូន​ពួកគេ។ ព្រះ​តេជគុណ​មាន​សង្ឃ​ដីកាបន្ត​​ថា ធ្វើ​បុណ្យ​មិនមែន​ធ្វើ​តែ​ជាមួយ​ព្រះសង្ឃ​ទេ គឺ​ក៏​អាច​ធ្វើ​ជាមួយ​អ្នក​មាន​សីល និង​គុណធម៌ ហើយ​ឧទ្ទិស​កុសល​ឱ្យ​ទាំងអស់​មិន​ថា ពពួក​​អមនុស្ស គ្រុឌ សត្វ ព្រៃ​ប្រឹក្សា ឬ​ទេវតា​ឡើយ។

 

“អ៊ីចឹង​ពេល​ចាស់ៗ​ជិះឡាន​កាត់​ព្រៃ​ភ្នំ​ ពួកគាត់​តែងឧទ្ទិស​ថា ឱ្យ​បាន​បុណ្យ​ទាំង​អស់​គ្នា។ ធ្វើ​បែប​នេះ​ចំហាយ​គុណធម៌ នឹង​បាន​ទៅ​ដល់​ពួកគេ ហើយ​ពួកគេ​នឹង​អរគុណ​យើង…និយាយ​ទៅ​ពួក​អមនុស្ស​ កម្រ​បាន​ទទួល​អាហារ​ឆ្ងាញ់​ របស់​ល្អ​ណាស់ អ៊ីចឹង​ហើយ​ទើប​ពួកគេ​ស្រែក​ឃ្លាន និង​បង្ហាញ​ខ្លួន”។

 

តើ​អ្នក​ធ្លាប់​ឮ​គេ​ថា មនុស្ស​ក្រយៅ​ខ្មោច​លង​ទេ? បើ​ធ្លាប់​សូម​បញ្ចេញ​មតិ​ក្នុង​ប្រអប់ Comment ខាង​ក្រោម៕

 

ចុចអាន៖ ខែ ឆ្នាំ កំណើត​បង្ហាញ​ពី​ចរិត​ និង​ ជោគ​ជតា​របស់​អ្នក

ចុចអាន៖ ប្រជ្រុយ​ ៧ កន្លែង​របស់​មនុស្ស​ប្រុស​ និង មនុស្ស​ស្រី​ដែល​បញ្ជាក់​ថា​ មាន​ភ័ព្វ

 

អត្ថបទ៖ អ៊ុំ សុភក្តិ