ប្រធានា​ធិបតីនៃ​ដែន​ដី​ប៉ាឡេស្ទីន​អំពាវនាវ​ឲ្យ​បង្កើត​កង​កម្លាំង​ការពារ​ពិសេស

ប្រធានា​ធិបតីនៃ​ដែន​ដី​ប៉ាឡេស្ទីន​អំពាវនាវ​ឲ្យ​បង្កើត​កង​កម្លាំង​ការពារ​ពិសេស

ប្រធានា​ធិបតីនៃ​ដែន​ដី​ប៉ាឡេស្ទីន លោក​ Mahmoud Abbas ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​ពិសេស​មួយ​នៅ​​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៅ​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ប្រចាំ​តំបន់​អឺរ៉ុបក្នុង​ទីក្រុងហ្សឺណែវ ប្រទេស​ស្វ៊ីស កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥។

ប្រធានា​ធិបតី ​Mahmoud Abbas​ នៃ​ដែន​ដី​ប៉ាឡេស្ទីន​កំពុង​ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ​បង្កើត​របប​ពិសេស​មួយ​ដើម្បី​ការ​ពារ​ពលរដ្ឋ​របស់​លោក ​នៅពេល​ដែល​មាន​រលក​នៃ​ហិង្សា​ដ៏​ប្រល័យ​រវាង​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន។

ក្នុង​សុន្ទរកថា​នៅ​ខាង​មុខ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង​ហ្សឺណែវ​កាល​ពី​ថ្ងៃ​ពុធ ​លោក​ Abbas ​បាន​អំពាវនាវ​ឲ្យ​មាន​ចំណាត់​ការ​ដ៏​ខ្លាំងនិង​ម៉ឺង​ម៉ាត់​មួយ​ដោយ​អង្គការ​សហប្រជាជាតិ ​ហើយ​និង​រដ្ឋ​ជាសមា​ជិក ​ជាពិសេស​ ក្រុម​ប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ។

លោក​បាន​ចោទ​ប្រកាន់​អ៊ីស្រាអែល​ចំពោះ​ការ​សម្លាប់​ជន​ស៊ី​វិល​ប៉ាឡេស្ទីន​ដោយ​គ្មាន​ការ​ជំនុំ​ជម្រះ​ ហើយ​លោក​បាន​ព្រមាន​ថា ​ការណ៍​នេះ​អាច​ជាឱកាស​ចុងក្រោយ​សម្រាប់​ដំណោះស្រាយ​ដោយ​រដ្ឋ​ទាំងពីរ។

លោក​ Abbas ​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា៖ ​«យើង​លែង​អាច​ទទួលការ​ដាក់​ទណ្ឌកម្ម​ទាំង​អស់​នេះ​ទៀត​ហើយ ​អ្នក​ទាំង​អស់​នោះ​ត្រូវបាន​វាយ​ប្រហារ​ដោយ​ពួក​អ្នក​តាំង​ទីលំនៅ​និង​កងទ័ព​អ៊ីស្រាអែល‍។ ​យើង​ចង់​បាន​ការ​ការ​ពារ​ហើយ​យើង ស្វះស្វែង​រក​អស់​លោក​អ្នក​ដើម្បី​ការពារ​យើង»។

លោក​នាយករដ្ឋ​មន្រ្តី​អ៊ីស្រាអែល Benjamin Netanyahu បាន​ចោទ​ប្រកាន់​លោក​អាបាស ​ពីការ​ញុះ​ញង់​ឲ្យ​មានការ​តាន​តឹង​ហើយ​បាន​ផ្សព្វផ្សាយ​ការ​ភូតកុហក​អំពី​អ៊ីស្រាអែល​និង​គោល​នយោបាយ​របស់​ខ្លួន។​មេដឹកនាំ​អ៊ីស្រាអែល និយាយ​ថា ​ការញុះ​ញង់​បែប​នេះ ​នាំ​ឲ្យ​មាន​ភេរវកម្ម។

អំពើ​ហិង្សា​ថ្មីៗ​នេះ​រវាង​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីនបាន​ផ្ទុះ​ឡើង​កាល​ពី​ខែ​មុន ​ដោយ​ជន​ជាតិ​ប៉ាឡេស្ទីន​បាន​ចាក់​និង​បាញ់​ប្រហារ​ជន​ស៊ីវិល​និង​ទាហាន​អ៊ីស្រាអែល​ហើយ​ជន​ជាតិ​អ៊ីស្រាអែល​បាន​ការ​ពារ​ខ្លួន​និង​តាំង​ចិត្ត​ធ្វើ​ការ​សងសឹក​វិញ៕