ក្មេង​កំព្រា ៥ នាក់ រស់នៅ​ជាមួយ​ជីដូន​ជរា​ស្គាល់​តែ​ទុក្ខ​គ្មាន​ល្ហែ​

Sanofi

​ដោយសារតែ​ភាព សប្បាយរីករាយ ភ្លើតភ្លើន ភ្លេច​គិតថា​ក្តី​ទុក្ខ​កង្វល់​នឹង​កើត​តាម ក្រោយ​នោះបាន​ធ្វើឱ្យ​ប្តី​ប្រពន្ធ​មួយគូ​ឆ្លង និង កើត​ជំងឺអេដស៍​រហូត​ស្លាប់​ទាំងពីរ​នាក់​បន្សល់ទុក​កូន​ចំនួន​ប្រាំ​នាក់​ឱ្យ​ក្លាយជា ក្មេង​កំព្រា​រស់​យ៉ាង​វេទនា​គ្មាន​ភាព កក់ក្តៅ​ក្នុង​ជីវិត ។ កូនកំព្រា​ទាំង​ប្រាំ​នាក់​នេះ​រស់នៅ​ដោយ​ដើរ​ស៊ីឈ្នួល​គេ ។ ក្នុងចំណោម​បងប្អូន​ទាំង​ប្រាំ​នាក់​បងប្រុស​របស់​ពួកគេ​បាន​ក្លាយជា​មេ​គ្រួសារ​ទទួល​រ៉ាប់រង​សព្វបែបយ៉ាង ដើម្បី​ចិញ្ចឹម​ប្អូន​បួន​នាក់បូក​រួមទាំង​ការសិក្សា​ផង ។

បច្ចុប្បន្ន​ក្មេង​កំព្រា​ទាំង​ប្រាំ​នាក់​នេះ​រស់នៅ​ក្នុងភូមិ​កោះ​ចេក ឃុំ កោះ​ចេក ស្រុក​ពាម​ជរ​ខេត្តព្រៃវែង ។ បន្ទាប់ពី ឪពុកម្តាយ​របស់​ពួកគេ​ស្លាប់​ដោយសារ​ជំងឺ​សង្គម​(​អេដស៍​)​មក​ក្មេងៗ​កំព្រា​ទាំង​ប្រាំ​នាក់​នេះ​បានចែក​ជើង​គ្នា​ដើរ​ស៊ីឈ្នួល​គេ ដូចជា​បោក​ខោអាវ ច្រូតស្មៅ​លក់​មិនដែល​ខាន​ថ្ងៃ​ណា​ឡើយ​បន្ទាប់ ពី​ពួកគេ​ត្រឡប់​មកពី​សាលារៀន​វិញ ។ ដោយឡែកកូនប្រុស​ច្បងបានចេញ​ទៅធ្វើ​ការ​​ងារ​សំណង់ ដើម្បី​បាន​ប្រាក់​យកមក​ចិញ្ចឹម​ប្អូនៗ ។

មើលទៅ​ជីវិត​រស់នៅ​របស់​ពួកគេ​គួរឱ្យ​អាណិត​ខ្លាំងណាស់ គ្មាន​ភាពកក់ក្តៅ​បន្តិចណា​ឡើយ មួយថ្ងៃៗ​ស្គាល់​តែ​ក្តី​ទុក្ខលំបាក ស៊ី​អត់ ស៊ី​ឃ្លាន រៀន​ក៏​មិនបាន​ដិតដល់​ដូច​កូន​អ្នកភូមិ​ដទៃទៀត ដែលមាន​ឪពុកម្តាយ​ផ្គត់ផ្គង់​មើលថែ​នោះឡើយ ។​ ក្នុង​សម្លៀក​បំ​ញក់​ទើបនឹង​មកពី​ធ្វើ​ការងារ​សំណង់ ហើយ​ប្អូនៗ​ក៏​ទើបតែ​មកពី​សាលារៀន​វិញ​មិនទាន់​ទាំង​មាន​អង្ករ​ដាំបាយហូប​សម្រាប់​ថ្ងៃត្រង់​ផង​នោះ ប្អូនប្រុស ផល វ៉ែន អាយុ ២០ ឆ្នាំ ដែលជា​កូនច្បង​បានឱ្យដឹងថា «ពួក​ខ្ញុំ​មាន ឪពុក​ឈ្មោះ អូរ ផល ម្តាយ សោម ផល ពួកគាត់​បាន​ស្លាប់ចោល​ពួក​ខ្ញុំ​អស់​រយៈពេល​ជាង​បួន​ឆ្នាំ​មកហើយ ។

ក្នុងនាម​ខ្ញុំ​ជា​កូនច្បង ត្រូវទទួល​រ៉ាប់រង​មើលថែ​ប្អូនៗ តែ​ខ្ញុំ​គ្មាន​ការងារ​អ្វី​ធ្វើ​ក្រៅពី​ការងារ​សំណង់​នោះទេ ។ ក្នុង​មួយ​សបា្តហ៍​ខ្ញុំ​ត្រូវសុំ​មេការ​បើក​ថ្លៃ​កម្លាំង​ពលកម្ម​ម្តង ដោយបាន​កម្រៃ​ពី ៤ ទៅ ១០ ម៉ឺន​រៀល​ដើម្បី​ទិញ​អង្ករ អំបិល ប្រហុក ទឹកត្រី ឱ្យ​ប្អូនៗ​ហូប និង លៃ​ទុក​ខ្លះ​សម្រាប់​ទិញសំពត់​ខោអាវ និង សៀវភៅ ប៊ិក សម្រាប់​ឱ្យ​ប្អូនៗ​សិក្សា ។ ខ្ញុំ​មិនចេះ​អក្សរ​ទៅហើយ ខ្ញុំ​មិន​ចង់ឃើញ​ប្អូនៗ​ខ្ញុំ​មិនចេះ​អក្សរ​ដូច​ខ្ញុំ​ទេ រាល់ថ្ងៃនេះ​ខ្ញុំ​ពិបាក​ណាស់ ប៉ុន្តែ​ដើម្បី​ប្អូនៗខ្ញុំ​ត្រូវតែ​ទ្រាំ​តស៊ូ​ធ្វើ​ការងារ មិន​ថា​ការងារ​នោះ​ស្រាល ឬ ធ្ងន់​យ៉ាងណាទេ ខ្ញុំ​ត្រូវតែ​ធ្វើ​ដើម្បី​យក​កម្រៃ​មក​ចិញ្ចឹម​ប្អូនៗ​របស់ខ្ញុំ​ដែល​នៅ​តូចៗ ។

ដោយឡែក​ប្អូនៗ​របស់ខ្ញុំ​វិញ នៅពេល​ចេញពី​សាលារៀន​ពួកគេ​ក៏បាន​ចេញទៅ​ស៊ីឈ្នួល​គេ​បាន ប្រាក់​ខ្លះៗ​ដែរ ដូចជា​ទៅ​បោក​ខោអាវ ឃ្វាលគោ ក្របី និង ស៊ីឈ្នួល​ច្រូតស្មៅ​គោ​ឱ្យគេ ជាដើម​» ។​ ​ជួប​ជាមួយ​ជីដូន​ក្មេងៗ​ទាំង​ប្រាំ​នាក់​ឈ្មោះ សោម យ៉ូន អាយុ ៧២ ឆ្នាំ ជា​ស្ត្រី​មេម៉ាយ​ដែរ នោះបាន​ឱ្យដឹងពី​មូល​ហេតុដែល​ធ្វើឱ្យ​ចៅៗ​គាត់ ធ្លាក់ខ្លួន​កំព្រា​នេះ​ថា កូនស្រី​របស់គាត់​បាន​រៀប ការ​ជាមួយ​ប្តី​ឈ្មោះ អូរ ផល រយៈពេល​ជាង​ម្ភៃ ឆ្នាំ​មកហើយ ក្រោយមក​បន្ទាប់ពី​ពួកគេ​មានកូន ចៅ​មក ជីវភាព​កូន​ទាំងពីរ​នាក់​ប្តី​ប្រពន្ធ​មិន​រីក ចម្រើន​សោះ ដូច្នេះហើយ​ពួកគេ​ក៏បាន​ចេញទៅ រកស៊ី​ធ្វើ​សំណង់​នៅ​ទីក្រុង​ភ្នំពេញ​បាន​មួយខែ ឬ​ពីរ​ខែ​ដំបូង​គេ​បាន​ផ្ញើ​ប្រាក់​មកឱ្យ​គាត់​ទុក​ចិញ្ចឹម ចៅៗ​មិនដែល​ខាន​ទេ ។

ក្រោយមកទៀត​ការផ្ញើប្រាក់​របស់​ពួកគេ​ក៏​ថយចុះទៅៗ ហើយ​កម្មករដូចគ្នា​ប្រាប់ថា ប្តី​ប្រពន្ធ​កូន​របស់គាត់​នេះ​ពេលបើកប្រាក់​បាននាំគ្នា​សប្បាយ​ហ៊ឺហា​ផឹកស៊ី​រហូត​លែង​ខ្វល់​ពី​កូនៗ​ទៀតហើយ ។ ការដើរ​លេង​របស់​កូនប្រសា​ប្រុស​ដែល​ភ្លេចខ្លួន​ខ្វះ​ការពិចារណា​ឱ្យបាន​វែងឆ្ងាយ​មួយរយៈ​ក្រោយមក​ស្រាប់តែ កូនប្រសា​របស់គាត់​ធ្លាក់ខ្លួន​ឈឺចេះតែ​ស្គម​ទៅៗ ដោយ​មិនដឹង​មូលហេតុ ហើយ​ចេះតែ​លេបថ្នាំ ផ្តេសផ្តាស​សព្វបែបយ៉ាង​នៅតែ​មិនជា លុះ​ឱ្យ​ពេទ្យ​ពិនិត្យមើល​ទើប​ដឹងថា កូនៗ​របស់គាត់​ទាំងពីរ​នាក់​ប្តី​ប្រពន្ធ​នេះ​កើត​ជំងឺ​សង្គម​(​ជំងឺអេដស៍​)​។

ដោយសារ​ជំងឺ​នេះ​គ្មាន​ថ្នាំ​ព្យាបាល​នោះ ប្តី​ប្រពន្ធកូន​គាត់​បាន​ស្លាប់​ជា​បន្តបន្ទាប់​គ្នា ដោយ​កូនស្រី គាត់​ស្លាប់​មុន​បាន​មួយឆ្នាំ​ទើប​ប្តី​ស្លាប់​តាម​ក្រោយ ។ តាំងពី​ពេលនោះ​មក​ចៅៗ​ទាំងអស់​ក្លាយជា​ក្មេង​កំព្រា ក្នុងចំណោម​ចៅ​ទាំង ៥ នាក់ នេះ​មាន​ស្រី ២ ភ្លោះ ប្រុស ៣ នាក់ ។​​ដូនចាស់​បាន​រៀបរាប់​ពី​ទុក្ខលំបាក​វេទនា​នេះ​បន្តទៀតថា រាល់ថ្ងៃនេះ​គាត់​មិនអាច​ទៅណា​រួច​ឬ​ធ្វើ​អ្វី​កើត​ឡើយ ក្រៅតែពី​នៅផ្ទះ​បក​អម្ពិលទុំ​ទុក​លក់ និង ដាំបាយហូប​នោះ ។ ជីវិត​របស់គាត់​ដែល​បានរស់នៅ​រហូតមកដល់​ពេលនេះ គឺ​បាន​រស់​ដោយសារ​ចៅប្រុស​ជា​អ្នក​ចិញ្ចឹម គឺ​គេទៅធ្វើ​ការ​សំណង់​យកប្រាក់​មក​ចិញ្ចឹមរ​គាត់​និង ប្អូនៗ​របស់គេ ។

ពេលខ្លះ​ពេល​ចៅ​មិនបាន​ទៅ ធ្វើ​សំណង់​អត់​ប្រាក់ គាត់​សុខចិត្ត​ដើរ​ខ្ចីបុល​គេ​ទិញ​អង្ករ​ម្ហូប​ឱ្យ​ចៅ​តូចៗ​ហូប​បាន​រស់​មួយពេលៗ ទម្រាំ​ចៅប្រុស​បាន​ទៅធ្វើ​ការ​បាន​ប្រាក់​សង​គេ​វិញ ។ ពេលខ្លះ​អ្នក​នៅក្នុង​ភូមិ​គេ​ឃើញ​លំបាក​ពេក ហើយ ចៅៗ​គ្មានអ្វី​ហូប​គេ​ក៏បាន​ហុច​បាយទឹក​ម្ហូប​មួយ គ្រាៗ​ដែរ ។​លោកពូ សៅ រុន ជា​ចាស់ទុំ និង ជា​មេ ភូមិ​ផង​នោះបាន​ប្រាប់​ឱ្យដឹងថា គ្រួសារ​មួយ​នេះ​ពិតជា​លំបាក​វេទនា​ខ្លាំងណាស់ ក្មេងៗ​ក្លាយជា​ក្មេង​កំព្រា​តាំងពី​ពួកគេ​នៅ​តូចៗ​ម្ល៉េះ ដោយសារតែ​ឪពុក​របស់​ពួកគេ​ភ្លើតភ្លើន​នឹង​ស្រី​ញី​នាំ​ជំងឺ​ចូល ផ្ទះ​ចម្លង​ប្រពន្ធ​ធ្វើឱ្យ​ក្មេងៗ​ទាំងអស់​រង​ទុក្ខលំបាក វេទនា​គ្មាន​ស្រាកស្រាន្ត​មួយថ្ងៃៗ​ពួកគេ​រៀនសូត្រ​មិនបាន​ដិតដល់​នោះទេ ដោយសារ​កក្តា​ជីវភាព​ខ្វះ​ព្រឹក​ខ្វះ​ល្ងាចមិនដឹងថា​ទៅ​ថ្ងៃមុខ​ជីវិត​របស់​ពួកគេ​ទៅជា​យ៉ាងណាទេ៕ លី​លី​

 

Related