ក្រុមហ៊ុន​ទំនប់​វា​រី​អគ្គិសនី​កំចាយ​ចំណាយ​ថវិកា​ប្រមាណ​40​ម៉ឺន​ដុល្លារ ក្នុង​1​ឆ្នាំ​គម្រោង​ស្ដារ​បិ​រ​ស្ថាន

ខេត្តកំពត ៖ ក្រុមហ៊ុន​ទំនប់​វា​រី​អគ្គិសនី​កំចាយ ស៊ី​ណូ​ហា​យ​ដ្រូ ប្រកាស​ឱ្យ​ដឹង​ថា ក្រុមហ៊ុន​បាន​ចំណាយ​ថវិកា​ប្រមាណ​៤០​ម៉ឺន​ដុល្លារ ក្នុង​មួយ​ឆ្នាំ​លើ​គម្រោង​ស្តារ​បរិស្ថាន​ឡើង​វិញ នៅ​ខេត្តកំពត ។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក អ៊ុ​ក ចាន់​ឌី​ណា នាយក​ឧទ្យាន​ជាតិ​ព្រះ​មុនី​វង្ស​បូកគោ ថ្លែង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ តុលា ក្នុង​ពិធី​ផ្សព្វផ្សាយ​ច្បាប់​ស្តី​ពី​តំបន់ការពារធម្មជាតិ និង​ផល​ប្រយោជន៍​​ធនធានធម្មជាតិ​ព្រៃឈើ​ដល់​ប្រជាពលរដ្ឋ​នៅ​ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ ។

បើ​តាម​លោក អ៊ុ​ក ចាន់​ឌី​ណា ដែល​ជា​អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ផង​ដែរ​នោះ បាន​ឲ្យ​ដឹង​ទៀត​ថា គម្រោង​ស្តា​របរ​ស្ថាន​ឡើង​វិញ​របស់​ក្រុមហ៊ុន​ទំនប់​វា​រី​អគ្គិសនី​កំចាយ ស៊ី​ណូ​ហា​យ​ដ្រូ នេះ ជា​គម្រោង​មួយ​ក្នុង​កិច្ចសន្យា​របស់​ក្រុមហ៊ុន​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​សាងសង់​ទំនប់​វា​រី​អគ្គិសនី​កំចាយ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ព្រះ​មុនី​វង្ស​បូកគោ​នេះ ។

លោកនាយក​ឧ​ទ្យា​ជាតិ​ព្រះ​មុនី​វង្ស​បូកគោ មាន​ប្រសាសន៍​ទៀត​ថា គម្រោង​ស្តារ​បរិស្ថាន​ឡើង​វិញ​នេះ ក៏​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ដោយ​មន្ទីរ​បរិស្ថាន​ខេត្តកំពត បាន​ចាប់ផ្តើម​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​បាន​យល់​ពី​កិច្ចការពារបរិស្ថាន និង​សារសំខាន់​នៃ​ធនធានធម្មជាតិ​ព្រៃឈើ ។ជាមួយ​គ្នា​នេះ គម្រោង​បាន​រៀបចំ​ថ្នាល​បណ្តុះ​កូន​ឈើ​សម្រាប់​ដាំ​ដុះ​ឡើង​វិញ​នៅ​តំបន់​ព្រៃ​រេចរឹល​ផង​ដែរ ។

បើ​តាម​លោក អ៊ុ​ក ចាន់​ឌី​ណា បាន​ឲ្យ​ដឹង​ថា ចំពោះ​ការ​ផ្សព្វផ្សាយ​ច្បាប់​ស្តី​ពី​តំបន់ការពារបរិស្ថាន និង​ផលប្រយោជន៍​នៃ​ធនធាន​ធម្មជាតិ​ព្រៃឈើ​នេះ នឹង​ធ្វើ​ឡើង​នៅ​ភូមិ​ឃុំ​ដែល​នៅ​ជុំវិញ​តំបន់​ទំនប់​វា​រី​អគ្គិសនី​កំចាយ រួម​មាន​ភូមិ​ចំនួន​២២ ស្ថិត​ក្នុង​ក្រុង​កំពត ស្រុក​ទឹកឈូ និង​ស្រុក​ឈូក ។

ក្រុមហ៊ុន ស៊ី​ណូ​ហា​យ​ដ្រូ ដែល​ជា​ក្រុមហ៊ុន​រដ្ឋ​របស់​ប្រទេស​ចិន​មួយ​នេះ បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០០៦ សាងសង់​ទំនប់​វា​រី​អគ្គិសនី ដែល​ផលិត​ថាមពល​បាន​១៩៣,២​មេ​ហ្កា​វ៉ា​ត់ ក្នុង​ទឹកប្រាក់​២៨០​លាន​ដុល្លា​អា​មេ​រិ​ក ៕