តុលាការ​តួ​ក​គី៖ ក្រុម​រដ្ឋ​អ៊ីស្លាម​ពិតជា​បាន​បង្ក​ភេរវកម្ម​នៅ​ក្រុង​អង់កា​រ៉ា​ថ្ងៃ១០តុលា

នៅ​ថ្ងៃ​ពុធ​ម្សិលមិញ តុលាការ​តួ​ក​គី​បាន​គូសបញ្ជាក់ថា ក្រុម​ជី​ហាត​រដ្ឋ​អ៊ីស្លាម​ពិតជា​បាន​បង្ក​ការ​បំផ្ទុះ​គ្រាប់បែក​ចំនួន២ លើ​ហ្វូង​បាតុករ នៅ​កណ្តាល​ក្រុង​អង់កា​រ៉ា កាលពី​ថ្ងៃ១០តុលា​ដើមខែមែន។ មូលហេតុ​គឺ​ដើម្បី​បង្ក​ការភ័យខ្លាច ដើម្បីអោយ​អាជ្ញាធរ​លុបចោល​ការបោះ​ឆ្នោត​សភា នៅ​ថ្ងៃ០១វិច្ឆិកា។

 ភេរវកម្ម​អត្តឃាត​ចំនួន២ ទៅលើ​ហ្វូង​បាតុករ នៅ​ក្រុង​អង់កា​រ៉ា កាលពី​ថ្ងៃ១០តុលា ដែលបានសម្លាប់​មនុស្ស១០២នាក់ ជា​ភេរវកម្ម​មិន​ធ្លាប់​មាននៅ​តួ​ក​គី​ពីមុន​ទេ។ ក្រុមបាតុករ​ជា​សកម្មជន​ឆ្វេងនិយម និង​ក្រុមគាំទ្រ​កៀ​ឌី​ស្តង់។ ពួកគេ​បាននាំគ្នា​បរិហារ​ពី​ការប្រយុទ្ធ​រវាង​កងទ័ព​តួ​ក​កី និង​ក្រុម​កៀ​ឌី​ស្តង់​មកពី​បក្ស​ការងារ​PKK។

ការិយាល័យ​រដ្ឋអាជ្ញា​ក្រុង​អង់កា​រ៉ា​ទទួលបន្ទុក​ស៊ើបអង្កេត​ភេរវកម្ម​ទាំងនេះ បាន​ប្រាប់ថា មាន​ភស្តុតាង​ជាក់លាក់ ថា​ភេរវកម្ម​ថ្ងៃ១០តុលា​នៅ​ក្រុង​អង់កា​រ៉ា បង្កឡើង​ដោយ​សាខា​ក្រុម​ជី​ហាត​រដ្ឋ​អ៊ីស្លាម​នៅ​តួ​ក​គី។ ក្រុម​ភេរ​វករ​នេះ​បានទទួល​បញ្ជា​ផ្ទាល់​ពី​ផ្នែក​គ្រប់គ្រង​ក្រុម​ជី​ហាត​រដ្ឋ​អ៊ីស្លាម​នៅ​ស៊ី​រី​តែម្តង។ ក្រុម​ភេរវ​ករ​ទាំងនេះ​បានទទួល​ការបណ្តុះបណ្តាល​នៅ​ក្រុង​Gaziantep ភាគខាងត្បូង​តួ​ក​កី ជិត​ព្រំដែន​ស៊ី​រី។ ពួកគេ​បង្ក​ភេរវកម្ម​កាលពី​ថ្ងៃ១០តុលា ក្នុងទិសដៅ​វាយប្រហារ​ទៅលើ​សកម្មជន​កឿ​ឌី​ស្តង់ មកពី​បក្ស​ការងារ និង​ក្រុម​ដែល​ប្រឆាំង​ក្រុម​ជី​ហាត​រដ្ឋ​អ៊ីស្លាម​នៅ​តួ​ក​គី ដើម្បី​បំភ័យ​មិនអោយ​អាជ្ញាធរ​តួ​ក​គី​រៀបចំ​ការបោះឆ្នោត​សភា ថ្ងៃ១វិច្ឆិកា។

តាំងពី​សប្តាហ៍​មុន​មក ប៉ូលិស​បាន​ចាប់ខ្លួន​ជនសង្ស័យ​ជាច្រើន​នាក់។ អាជ្ញាធរ​ក៏បាន​ចុះផ្សាយ​ផងដែរ​នូវ​បញ្ជី​ឈ្មោះ​ភេរវជន៣២នាក់ ក្នុងនោះ​ភាគច្រើន​មកពី​ក្រុម​បក្ស​ការងារ​កៀ​ឌី​ស្តង់​PKK។ ២ថ្ងៃក្រោយ​ភេរវកម្ម​ក្រុង​អង់កា​រ៉ា នាយករដ្ឋមន្ត្រី​អា​មេ​ត ដា​វូ​តុ​ក​គ្លូ ធ្លាប់​ប្រកាស​រួចហើយ​ថា​សង្ស័យ​ទៅលើ​ក្រុម​ជី​ហាត​រដ្ឋ​អ៊ីស្លាម។ លោក​ដា​វូ​តុ​ក​គ្លូ​ក៏បាន​សង្ស័យ​ទៅលើ​ក្រុម​ឧទ្ទាម​កៀ​ឌី​ស្តង់ និង​ក្រុម​ជ្រុលនិយម​និន្នាការ​នយោបាយ​ឆ្វេង​ផងដែរ។ ប៉ុន្តែ ក្រុមប្រឆាំង​បាន​ចោទ​រដ្ឋាភិបាល​ថា​ជំរុញអោយមាន​ហិង្សា​ប្រឆាំងនឹង​បក្ស​គាំទ្រ​កៀ​ឌី​ស្តង់​HDP ជា​បក្ស​ដែលមាន​ប្រជាប្រិយភាព​ក្នុងការ​បោះឆ្នោត​សភា ដើមខែ​ក្រោយនេះ៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​