សង្ស័យ​មានការ​បើកភ្លើង​ខៀវ ! រថយន្ត​ដឹក​ដី ដឹក​ទំនិញ​សំពីងសំពោង​ ចូល​ក្នុង​ក្រុង​ទេសចរ​យ៉ាង​រលូន

ខេត្តសៀមរាប ៖ នៅ​តំបន់​ប៉ូ​ល​ទេសចរ​ប្រវត្តិសាស្ត្រ​នៃ​ខេត្តសៀមរាប ត្រូវ​បាន​មជ្ឈដ្ឋាន​នានា​រិះគន់​ថា មានការ​បើកភ្លើង​ខៀវ​ឱ្យ​រថយន្ត​ដឹក​ដី និង​ដឹក​ទំនិញ​សំពីងសំពោង​ធ្វើ​សកម្មភាព​ជញ្ជូន​ចូល​ក្រុង​សៀមរាប​យ៉ាង​ អនាធិបតេយ្យ ធ្វើ​ឱ្យ​ធូលី​ដី​ហុយ​ស្ទើរ​មើលផ្លូវ​មិនឃើញ ខណៈ​ពេល​ដែល​អាជ្ញាធរ និង​សមត្ថកិច្ច​ដែល​ឈរជើង​នៅ​តាម​ដងផ្លូវ​នានា​មិន​មាន​ចំណាត់ការ​សោះឡើយ ។

បើ​តាម​សេចក្តីរាយការណ៍​ជាក់ស្តែង​ដែល​បាន​ផ្តិត​យក​រូបភាព​បាន​បង្ហាញ​ ឱ្យ​ដឹង​ថា មាន​រថយន្ត​ដឹក​ដី​ពី​តាម​បណ្តា​ស្រុក​មួយ​ចំនួន​នៃ​ខេត្តសៀមរាប​រាប់​រយ​ គ្រឿង​សម្រុក​ដឹក​ដី​យក​មក​លក់​នៅ​ក្នុង​ទីប្រជុំជន នៃ​ក្រុង​សៀមរាប ដោយ​មិន​បាន​គ្រប​តាម​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ ហើយ​គេ​សង្កេត​ឃើញ​មាន​ធូលី​ដី​ធ្លាក់​រប៉ាត់រប៉ាយ​តាម​ផ្លូវ ធ្វើ​ឲ្យ​ពលរដ្ឋ​មានការ​ខឹងសម្បារ និង​រិះគន់​យ៉ាងធ្ងន់ធ្ងរ​ទៅ​លើ​​អាជ្ញាធរ​ខេត្តសៀមរាប​ថា គ្មាន​ចំណាត់ការ​ណាមួយ​សមរម្យ​សោះឡើយ ដោយ​ឃើញ​តែ​យក​លុយ​ពី​ក្រុម​ឈ្មួញ ឬ​ថៅកែ​ដឹក​ដី​ដាក់​ហោប៉ៅ​ខ្លួន​ឯង​ទៅ​វិញ ។

ប្រភព​បាន​បន្ត​ថា ចំណែក​រថយន្ត​ដឹក​ទំនិញ​សំពីងសំពោង​រាប់រយ​គ្រឿង​ដឹក​ចូល​ក្រុង​សៀមរាប​ជា​ រៀងរាល់ថ្ងៃ ក៏​មិនឃើញ​មាន​អាជ្ញាធរ​ពាក់ព័ន្ធ ឬ​ក៏​សមត្ថកិច្ច​ណាមួយ​ចេញ​មុខ​បង្ក្រាប ឬ​ក៏​ធ្វើការ​ណែនាំ​សោះឡើយ ដោយ​ឃើញ​តែ​សមត្ថកិច្ច​នៅ​តាម​ដងផ្លូវ​មួយ​ចំនួន​យក​លុយ​ពី​ក្រុម​រថយន្ត​ ទាំងនោះ​យ៉ាង​ត្រជាក់ចិត្ត ជា​ពិសេស​នរណា​ក៏​ឃើញជាក់ស្តែង​ដែរ​ថា សមត្ថកិច្ច​ដែល​យក​លុយ​បាន​ច្រើន​ជាងគេ​គឺ​ខាង​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​, មន្ត្រី​ប៉ូលិស​ចរាចរណ៍ និង​ប៉ូលិស​សណ្តាប់ធ្នាប់​ផង​ដែរ ។ ហើយ​ក្រុម​មន្ត្រី​ទាំងនោះ​តែងតែ​ប្រមូល​លុយ​យក​ទៅ​ឱ្យ​ថ្នាក់លើ​ដើម្បី​ទប់ ​តំណែង​របស់​ខ្លួន​ឱ្យ​បាន​នៅ​យូរអង្វែង ។

ប្រភព​បាន​បន្ថែម​ទៀត​ថា នៅ​ក្នុង​ក្រុង​សៀមរាប ទាំង​យប់​ទាំង​ថ្ងៃ គេ​សង្កេត​ឃើញ​មាន​សភាព​ធូលី​ដី​ហុយ​ស្ទើរ​មើលផ្លូវ​មិនឃើញ​នៅ​ពេល​ដែល​ រថយន្ត​ធំ​ៗ​បើក​ឆ្លងកាត់​ម្តង​ៗ ហើយ​ក្រុម​ពលរដ្ឋ​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ជុំវិញ​ខេត្ត​ និង​សមត្ថកិច្ច​ពាក់ព័ន្ធ គួរតែ​មាន​វិធានការ​ឱ្យ​បាន​តឹងតែង ដើម្បី​ឱ្យ​ស័ក្តិសម​ទៅ​នឹង​ពាក្យ​ថា «ទីក្រុង​ស្អាត រម​នី​យ​ដ្ឋា​ន​ល្អ​» ពិតប្រាកដ​មែន​នោះ ។

លោក​វរសេនីយទោ ជឹ​ម សុវណ្ណ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្តសៀមរាប បាន​មាន​ប្រសាសន៍​ប្រាប់​ថា លោក​បាន​ច្រានចោល​នូវ​ការ​លើក​ឡើង​ខាងលើ ហើយ​លោក​បាន​អះអាង​ថា មិន​បាន​អនុញ្ញាត​ឱ្យ​កូនចៅ​របស់​លោក​ដែល​ឈរជើង​នៅ​តាម​គោលដៅ​ទាំងអស់​នៃ​ ខេត្តសៀមរាប​យក​លុយ​ពី​ឡាន​ដឹក​ដី និង​ដឹក​ទំនិញ​សំពីងសំពោង​នោះ​ឡើយ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា ប្រសិនបើ​ឃើញ​មាន​កូនចៅ​មួយ​ណា​យក​លុយ​ពី​ឡាន​ដឹក​ទំនិញ​ទាំងនោះ លោក​បាន​ស្នើ​ឱ្យ​អ្នកកាសែត​រាយការណ៍ និង​ប្រាប់​ឈ្មោះ​មន្ត្រី​ទាំងនោះ ដើម្បី​លោក​មាន​វិធានការ​ដក​បញ្ឈរជើង​នៅ​ស្នងការ​តែ​ម្តង ។

ជុំវិញ​ករណី​ខាងលើ​នេះ​ដែរ​លោក​វរ​ស​នី​យ​ឯក កែវ រក្សា ប្រធាន​ការិយាល័យ​សណ្តាប់ធ្នាប់​ខេត្ត មិន​អាច​ទាក់ទង​សុំ​ការ​ពន្យល់​បាន​ទេ ដោយ​ទូរស័ព្ទ​របស់​លោក​នៅ​ក្រៅ​តំបន់​សេវា ។ ចំណែក លោក គឹ​ម ប៊ុ​ណ្ណា ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តសៀមរាប ក៏​មិន​អាច​ទាក់ទង​សុំ​ការ​​បំភ្លឺ​បាន​ដែរ​នៅ​រសៀល​ថ្ងៃនេះ ខណៈ​ទូរស័ព្ទ​របស់​លោក​ក៏​នៅ​ក្រៅ​តំបន់​សេវា​ដែរ​នោះ ។

ប្រជា​ពលរដ្ឋ​ទូ​ទាំង​ខេត្តសៀមរាប ស្នើ​ឱ្យ​លោក ឃឹម ប៊ុ​ន​សុង អភិបាលខេត្ត​សៀមរាប មាន​ចំណាត់ការ​យ៉ាងណា ដើម្បី​រៀបចំ​ឱ្យ​ទីក្រុង​ប្រវត្តិសាស្ត្រ​នៃ​ខេត្តសៀមរាប ក្លាយ​ទៅ​តាម​ពាក្យស្លោក​ថា «​ទីក្រុង​ស្អាត រម​នី​យ​ដ្ឋា​ន​ល្អ​» នោះ ។ ពលរដ្ឋ​ស្នើ​ទៀត​ថា លោក​អភិបាលខេត្ត​គួរ​មាន​វិធានការ​ដុះក្អែល​មន្ត្រី​ខិលខូច​នៅ​ជុំវិញ​ខេត្ត ​ផង ព្រោះ​មន្ត្រី​មួយ​ចំនួន​តូច​ទាំងនោះ​ធ្វើ​ជា​ឆ្អឹង​ទទឹង​.​ក នៃ​ការ​អភិវឌ្ឍន៍​នៅ​ក្នុង​ខេត្តសៀមរាប​ទាំងមូល ជា​ពិសេស​កុំឱ្យ​ពួក​គេ​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ស្រេច​តែ​អំពើ​ចិត្ត​របស់​ ពួក​គេ ៕

សង្ស័យ​មានការ​បើកភ្លើង​ខៀវ ! រថយន្ត​ដឹក​ដី ដឹក​ទំនិញ​សំពីងសំពោង​ ចូល​ក្នុង​ក្រុង​ទេសចរ​យ៉ាង​រលូន
សង្ស័យ​មានការ​បើកភ្លើង​ខៀវ ! រថយន្ត​ដឹក​ដី ដឹក​ទំនិញ​សំពីងសំពោង​ ចូល​ក្នុង​ក្រុង​ទេសចរ​យ៉ាង​រលូន
សង្ស័យ​មានការ​បើកភ្លើង​ខៀវ ! រថយន្ត​ដឹក​ដី ដឹក​ទំនិញ​សំពីងសំពោង​ ចូល​ក្នុង​ក្រុង​ទេសចរ​យ៉ាង​រលូន
សង្ស័យ​មានការ​បើកភ្លើង​ខៀវ ! រថយន្ត​ដឹក​ដី ដឹក​ទំនិញ​សំពីងសំពោង​ ចូល​ក្នុង​ក្រុង​ទេសចរ​យ៉ាង​រលូន

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត