​ថៃ​បញ្ជូន​សាច់ញាតិ​ជនសង្ស័យ រំលោភ​សម្លាប់​នារី​ម្នា​ក់មក​ស្រុក​ខ្មែរ​វិញ

​ខេត្តបាត់ដំបង​៖​អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ក្រុមគ្រួសារ​សាច់ញាតិ​ចំនួន​៦​នាក់​របស់​ជនសង្ស័យ ម្នាក់​ពាក់ព័ន្ធ​នឹង​ករណី​រំលោភ​សម្លាប់​នារី​ម្នា​ក់នៅ​ទីក្រុង​បាងកក ឲ្យ​ត្រឡប់មក​ស្រុកកំណើត​វិញ​ហើយដោយ​មិន​អនុញ្ញាត​ឲ្យ​ធ្វើការ​នៅ​ប្រទេស​ថៃ បន្តទៀត​ទេ​។ ពួកគេ​ត្រូវបាន​បញ្ជូនមក​កាន់​ក​ម្ពុ​ជា​វិញ​នៅវេលា​ម៉ោង​១​និង​៤០​នាទី រសៀល ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៥ តាម​ច្រក​អន្តរជាតិ​ដូង​ស្ថិតនៅក្នុង​ស្រុក​កំរៀង ខេត្តបាត់ដំបង​។ 

​    ​គួរ​បញ្ជាក់ថា ជនសង្ស័យ​ឈ្មោះ​រិត សា​រ័ត្ន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ប្រគាប ឃុំ​រូង​ជ្រៃ ស្រុក​ថ្មគោល បាន​រំលោភ​សម្លាប់​នារី​ជនជាតិ​ថៃ​ម្នាក់​ឈ្មោះ រុក គុណ​អៃរ៉ា​ដា អាយុ​២៥​ឆ្នាំ នៅ​ទីក្រុង​បាងកក​កាលពី​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៥ ព្រមទាំង​បាន​រត់គេចខ្លួន​មក​ស្រុកកំណើត​វិញ​។ ប៉ុន្តែ​ដោយមាន​ការសហការ​រ​វាង​ភាគី​តម្រួត​ថៃ​ជាមួយ​នគរបាល​ខេត្តបាត់ដំបង បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៥​។ ក្រោយមកទៀត​តុលាការ​ក៏បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥​នេះ​។ 

​    ​ដោយឡែក​ក្រុមគ្រួសារ​សាច់​ញាត់​របស់​ជនសង្ស័យ​ចំនួន​៦​នាក់​ក្នុងនោះ​ក៏មាន​ស្ត្រី ជា​ម្ដាយ ដែល​បានធ្វើការ​នៅ​ទីក្រុង​បាងកក​ដូចគ្នា​នោះ ត្រូវបាន​អាជ្ញាធរ​ថៃ និង​តម្រួត​ថៃ​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​ក្រោយពេល ដែល​ជនសង្ស័យ​បាន​រត់គេចខ្លួន​១​ម៉ោង​។ ឥឡូវ​ភាគី​ថៃ​បាន​បញ្ជូន​ជន​ទាំង​៦​នាក់​នេះ​មកកាន់​ស្រុកកំណើត​វិញ​ហើយ​៕

​ថៃ​បញ្ជូន​សាច់ញាតិ​ជនសង្ស័យ រំលោភ​សម្លាប់​នារី​ម្នា​ក់មក​ស្រុក​ខ្មែរ​វិញ
​ថៃ​បញ្ជូន​សាច់ញាតិ​ជនសង្ស័យ រំលោភ​សម្លាប់​នារី​ម្នា​ក់មក​ស្រុក​ខ្មែរ​វិញ