ភ្នំពេញក្រោន ទម្លាក់ខេមបូឌានថាយហ្គឺរ ដើម្បីឡើងទៅការពារពាន នៅវគ្គផ្តាច់ព្រ័ត្រ

ក្រុមភ្នំពេញ​ក្រោន ​​បានធ្វើ​ដំណើរ​​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ​មិត្ត​ហ្វូន​ខេមបូឌាន​លីក ប្រចាំ​ឆ្នាំ​២០១៥ ​ដើម្បី​ត្រៀម​ការពារ​ពាន​របស់​ខ្លួន ដោយ​ពួក​គេ​​អាច​ជួប​​ក្រុម​បឹង​កេត ឬ​ក្រុម​ណាហ្គាវើល បន្ទាប់​ពី​ ភ្នំពេញ​ក្រោន ​បាន​បន្ត​យក​ឈ្នះ​លើ​ក្រុម​ខេមបូឌាន​ថាយហ្គឺរ ២-១ ក្នុង​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ជើង​ទី​២ នៅ​កីឡដ្ឋាន​វេស្ទើន ពី​ល្ងាច​ថ្ងៃ​ពុធ ម្សិល​មិញ។
1
​ក្រុម​​ភ្នំពេញ​ក្រោន មាន​ប្រៀប​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ជា​ស្រេច តាម​រយៈ​ការ​យក​ឈ្នះ​ក្រុម​ខេមបូឌាន​ថាយហ្គឺរ ៤-១ ក្នុង​ការ​ប្រកួត​ជើង​ទី​១ កាល​ពី​ថ្ងៃ​អាទិត្យ​នោះ នៅ​តែ​ដាក់​សម្ពាធ​ទៅ​លើ​ក្រុម​ខេមបូឌាន​ថាយហ្គឺរ ក្នុង​ការ​ប្រកួត​កាត់​ក្តី​ជើង​ទី​២ កាល​ពី​ម្សិល​មិញ ដោយ​បាន​ផ្តល់​ឱកាស​ឲ្យ​​ខ្សែ​ការពារ Odion Adthony Obadin បាន​ទម្លុះ​សំណាញ់​ទី​ខេមបូឌាន​ថាយហ្គឺរ​បាន​១​គ្រាប់ ខណៈ​ការ​ប្រកួត​ទើប​តែ​ចាប់​ផ្តើម​បាន​​១៣នាទីទី​នោះ។

​បន្ថែម​លើ​នេះ​ខ្សែ​ប្រយុទ្ធដ៏​មុត​ស្រួច Booyen Shane បាន​ស៊ុត​បាល់​បញ្ចូល​ទី​​បាន​​១​គ្រាប់​ទៀត​នៅនាទីទី​២៤ ដើម្បី​ជួយ​ឲ្យ​ក្រុម​ភ្នំពេញ​ក្រោន នាំ​មុខ ២-០ នៅ​តង់​ទី​១ ជា​បណ្តោះ​អាសន្ន។

លទ្ធ​ផល​នាំ​មុខ ២-០ ​បាន​ជំរុញ​​ក្រុម​ខេបូឌាន​ បានព្យាយាម​​​​វាយ​សម្រុក​វិញ​នៅ​ក្នុង​ការ​ប្រកួត​តង់​ទី​២ ព្រោះ​ក្រុម​នេះ​​ត្រូវ​ការ​​ឈ្នះ​ភ្នំពេញ​ក្រោន ជាមួយ​គ្រាប់​បាល់​​ចំណេញ​​​៤​គ្រាប់ ដើម្បី​​បាន​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ប៉ុន្តែ​ពួក​គេ​មិន​អាច​បំពេញ​នូវ​សេចក្តី​ត្រូវ​ការ​​ដ៏​​ធំ​​​នេះ​បាន​ឡើយ ខណៈ​ខ្សែ​ប្រយុទ្ធ​ឆ្នើ​ម​ជាង​គេ ​Marie Privat រក​បាន​តែ​១​គ្រាប់​នៅ​នាទីទី​៨៧ ដើម្បី​បញ្ចប់​​ការ​ប្រកួត​ជាមួយ​លទ្ធ​ផល ២-១ នោះ។
2
ការឈ្នះ​ក្រុម​ខេមបូឌាន​ថាយហ្គឺរ ​ជាមួយ​លទ្ធ​ផល​សរុប​ទាំង​២​ជើង ​៦-២ នេះ​បាន​ជួយ​ឲ្យ​ក្រុមភ្នំពេញ​ក្រោន ឡើង​ទៅ​​​​​នៅ​វគ្គ​ផ្តាច់​ព្រ័​​ត្រ​ជា​ថ្មី​​ម្តង​​ទៀត ដើម្បី​ការពារ​ពាន​​របស់​ពួក​គេ​ ដោយ​ភ្នំពេញ​ក្រោន ​អាច​នឹង​ជួប​ក្រុម​បឹងកេតអង្គរ ឬ​ណាហ្គាវើល ព្រោះ​ណាហ្គាវើល និង​បឹង​កេត នឹង​ត្រូវ​ប្រកួត​កាត់​សេចក្តី​ជើង​ទី​២ នៅពហុកីឡដ្ឋាន​ជាតិ នា​​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ ដោយ​ក្រុម​​មាន​ប្រៀប​ត្រូវ​ឡើង​ទៅ​ជួបភ្នំពេញ​​ក្រោន ហើយ​ក្រុម​ចាញ់ ត្រូវ​ធ្លាក់​ទៅ​ដណ្តើម​យក​ចំណាត់​ថ្នាក់​លេខ​៣ និង​លេខ​៤ ជាមួយ​ក្រុម​ខេមបូឌាន​ថាយហ្គឺរ៕