ការប្រកួតកីឡាវ៉ូវីណាមជើងឯកថ្នាក់ជាតិ ចាប់ផ្តើមថ្ងៃនេះ

ការ​ប្រកួត​កីឡាវ៉ូវីណាម​ជ្រើស​រើស​ជើង​ឯក​ថ្នាក់​ជាតិ ប្រចាំ​ឆ្នាំ​២០១៥ ដែល​ជា​កម្ម​វិធី​ប្រកួត​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​នោះ ​នឹង​ត្រូវ​ធ្វើ​ឡើងនៅ​វិមាន​ពហុកីឡដ្ឋាន​ជាតិ ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍​នេះទៅ​ ដោយ​គ្រោង​បញ្ចប់​​នៅ​​ថ្ងៃ​ទី​៣១ ខែតុលា​នេះ។

ការ​ប្រកួត​​នៅ​ឆ្នាំ​នេះ មាន​អត្ត​ពិក​កីឡា​វ៉ូវីណាម​មក​ពី​ទូទាំង​ប្រទេស​កម្ពុជាចំនួន​៩៩​នាក់​ចូល​រួម​ប្រកួត ហើយ​ពួក​គេ​បាន​មក​ជួប​ជុំ​គ្នា នៅ​ពហុកីឡដ្ឋាន​ជាតិ កាល​ពី​ថ្ងៃ​ពុធម្សិល​មិញ ដើម្បី​ធ្វើ​ការ​ថ្លឹង​ទម្ងន់ និង​ហ្វឹក​ហាត់​ឲ្យ​ស៊ាំ​នៅ​លើ​ទី​​លានថ្មី មុន​ពេល​ពួក​គេ ត្រូវ​ប្រកួត​ប្រជែង​គ្នា​ជា​ផ្លូវ​ការ ​ចាប់​ពី​ថ្ងៃ​នេះ​ទៅ។

​​អត្ត​ពលិក​​ទាំង​៩៩​នាក់​នេះ ​បាន​មក​ចូល​រួម​​ប្រកួត​នេះ គឺ​ពួក​គេ​លេង​​តំណាង​ឲ្យ​ក្លិប-សមាគម​​ចំនួន​៦ ក្នុង​នោះ​មាន​ ក្លិប​វ៉ូវីណាម​​វិទ្យាល័យ​វត្ត​កោះ​ ក្លិប​វ៉ូវីណាម​វិទ្យាល័យជា​ស៊ីម​​សាមគ្គី​ ​​អង្គ​ការ​សង្គ្រោះ​កុមារ​កម្ពុជា​​សមាគម​វ៉ូវីណាម​អាស៊ី​អឺរ៉ុប ​​​ក្លិប​វ៉ូវីណាម​ក្រុម​ហ៊ុន​រ័ត្នសាខន​ និង​​ក្លិប​​វ៉ូវីណាម​ក្រសួង​មហាផ្ទៃ​​។
1
លោក ទេព សុជីវសុខុម គ្រូ​បង្វឹក​ជម្រើស​ជាតិ និង​ជា​អគ្គ​លេខាធិការ​សហព័ន្ធ​កីឡា​វ៉ូវីណាមកម្ពុជា បាន​ប្រាប់​កាល​ពី​ថ្ងៃ​ពុធ ម្សិល​មិញ​​ថា៖​«​នេះ​ជា​កម្ម​វិធី​ប្រកួត​របស់​ក្រសួង ដែល​ធ្វើ​ឡើង ដើម្បី​​ជ្រើស​រើសអត្ត​ពលិក​ឆ្នើម​ចូល​រួម​ហ្វឹក​ហាត់​ក្នុង​ក្រុម​ជម្រើស​ជាតិ នា​ឆ្នាំ​២០១៦ ហើយ​យើង​ក៏​នឹង​ប្រើ​ការ​ប្រកួត​នេះ ដើម្បី​សម្លឹង​រក​មើល​យុវជន​មាន​ទេព​កោសល្យ​យក​ទៅ​បណ្តុះ​បណ្តាល​ត្រៀម​ការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ​២០២៣ ដែល​កម្ពុជា នឹងធ្វើជា​ម្ចាស់​ផ្ទះ​ផង​ដែរ។

ចំពោះ​ប្រភេទ​វិញ្ញាសា ដែល​នឹង​ត្រូវ​ដាក់​ឲ្យ​អត្ត​ពលិក​ទាំង​៩៩​នាក់ ប្រកួត​ប្រជែង​គ្នា​នៅ​ឆ្នាំ​នេះ​មាន​១៣​វិញ្ញាសា​ ដោយ​ក្នុង​នោះ​​ការ​ប្រកួត​ផ្នែក​​ប្រយុទ្ធ​បុរស​​​មាន​ប្រភេទ​ទម្ងន់​៥៥គ.ក្រ ៥៥, ៦០ និង​ទម្ងន់​​លើស​៦៥​គីឡូ​ក្រាម ឯ​ផ្នែក​នារី​មាន​​ប្រកួត​ទម្ងន់​៥៥គ.ក្រ និង​៦០គ.ក្រ។​ ចំណែក​ការ​​​ប្រកួត​សម្តែង​ រួម​មាន​មេគុន​បុរស​ឯកត្ត​ជន មេគុន​កាំ​បិត​ធំ​២នាក់​បុរស សម្តែង​​ជា​ក្រុម​បុរស​៤​នាក់​មាន​អាវុធ មេគុន​ឯកជន​នារី មេគុនដាវ​ឯកត្ត​ជន​នារី សម្តែង​នារី​១​នាក់​ជាមួយ​បុរស​១​នាក់ សម្តែង​នារី​១​នាក់​ជាមួយ​បុរស​៣​នាក់​មាន​អាវុធ៕