ក្រុម​ជម្រើស​ជាតិ​ចេញ​ទៅ​​ហាត់​នៅ​បាទី​ថ្ងៃ​នេះ​ ខណៈ ការពារជាតិ​ជាប់​៧​នាក់


ក្រុម​ជម្រើស​ជាតិ​ចេញ​ទៅ​​ហាត់​នៅ​បាទី​ថ្ងៃ​នេះ​ ខណៈ ការពារជាតិ​ជាប់​៧​នាក់

សមាជិក​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​​​ត្រូវ​បាន​គ្រូ​បង្វឹក​កោះ​ហៅ​ឲ្យ​​ប្រមូល​ផ្តុំ​ចេញ​ដំណើរ​ទៅ​ហ្វឹកហាត់​នៅ​មជ្ឈមណ្ឌល​បាល់ទាត់​ជាតិ​បាទី​ថ្ងៃ​នេះ​ហើយ​ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​មិត្តភាព​នឹង​ក្រុម​ជម្រើស​ជាតិ​ប៊្រុយណេ​នា​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា នៅ​ពហុកីឡដ្ឋាន​ជាតិ​ខាង​មុខ​នេះ ខណៈ​​សមាជិក​៧​រូប​មក​ពី​ក្លិប​ក្រសួង​ការពារ​ជាតិ​ត្រូវ​បាន​កោះ​ហៅ​ឲ្យ​ចូល​ជម្រើស​ជាតិ។

 

ក្រុម​ជម្រើស​ជាតិ​ចេញ​ទៅ​​ហាត់​នៅ​បាទី​ថ្ងៃ​នេះ​ ខណៈ ការពារជាតិ​ជាប់​៧​នាក់ ក្រុម​បាល់ទាត់ជម្រើស​ជាតិ​កម្ពុជា

 

ប្រភព​ពី​ក្លិប​ក្រសួង​ការពារ​ជាតិ​បាន​​ប្រាប់​ឲ្យ​ដឹថា កីឡាករ​របស់​ក្រសួង​ការពារ​ជាតិ​៧​នាក់​ត្រូវ​បាន​កោះ​ហៅ​ចូល​ជម្រើស​ជាតិ​​កម្ពុជា​គឺ អ្នក​ចាំ​ទី​ អ៊ុំ សេរីរ័ត្ន, ឈិន ឈឿន, កែ វណ្ណៈ, ទូច រ៉ូម៉ា, ពុំ ដារំាង, រឿម ចាន់រឿន,  និង ច្រឹង ពលរដ្ឋ។ ពួក​គេ​ត្រូវ​ចូល​រួម​ជា​មួយក្រុម​ជម្រើស​ជាតិ​មក​ពី​ក្រុ​ម​ផ្សេង​ទៀត និង​ត្រូវ​ចេញ​ដំណើរ​វេលា​ម៉ោង​១២​ថ្ងៃ​ត្រង​នេះ​ទៅ​មជ្ឈមណ្ឌល​បាល់​ទាត់​ជាតិ​បាទី ប៉ុន្តែ​សមាជិក​មក​ពី​ក្លិប​ភ្នំពេញ​ក្រោន និង​បឹងកេត​អង្គរ​មិន​បាន​រួម​ដំណើរ​ថ្ងៃ​នេះ​ទេ។​

 

​សមាជិក​របស់​ភ្នំពេញ​ក្រោន​៤​រូប​គឺ​ សុះ​ ស៊ូហាណា,​ កែវ សុខផេង,​ ធារី ចន្ថាប៊ីន​ និង​ វ៉ា សុខថន​ មិន​ទាន់​បាន​ចេញ​ដំណើរ​ទៅ​ថ្ងៃ​នេះ​ទេ​ដោយ​សារ​ទើប​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នៃ​លីក​បាល់ទាត់​កម្ពុជា​ជា​មួយ​ Cambodian Tiger កាល​ពី​ម្សិល​មិញ។ ពួក​គេ​ទាំង​៤​នាក់​ត្រូវ​ចេញ​ដំណើរ​ទៅ​ថ្ងៃ​ទី​៣០ ខែ​តុលា ស្អែក​នេះ។  អ្វី​ដែល​គួរ​ឲ្យ​ខ្សែ​បម្រើ​ប្រយុទ្ធ វ៉ា សុខថន ត្រូវ​ត្រូវ​បាន​កោះ​ហៅ​ចូល​ជម្រើស​ជាតិ​ភ្លាម​ បន្ទាប់​ពី​វិល​ត្រឡប់​មក​ពី​ប្រទេស​បារាំង​ និង​បង្ហាញ​ខ្លួន​យ៉ាង​ល្អ​ឲ្យ​ភ្នំពេញ​ក្រោន​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នៃ​លីក​បាល់ទាត់​កម្ពុជា។​

 

ចំណែក​សមាជិក​មក​ពី​ក្រុម​បឹងកេត​អង្គរ​ក៏​មិន​បាន​រួម​ដំណើរ​ជា​មួយ​មិត្ត​រួម​ជាតិ​ទៅ​ហ្វឹកហាត់​នៅ​បាទី​ថ្ងៃ​នេះ​ដែរ​ដោយសារ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ប្រកួត​ពាន​រង្វាន់​ Toyota Mekong Clup Champiohsip 2015 នៅ​ប្រទេស​ឡាវ។ ចំពោះ​​ក្រុម​ណាហ្គាវើល​ដែល​ជាប់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នៃ​លីក​បាល់ទាត់​កម្ពុជា​ជាប់​៣​នាក់​ ហើយ​គួច សុកុម្ភៈ អត់​បាន​ទៅ​ទេ​ថ្ងៃ​​នេះ​ដោយសារ​នៅ​ឈឺ​ជើង។ ចំពោះ​សមាជិក​មក​ពី​ក្រុម​ផ្សេង​ទៀត Sabay មិន​ទាន់​បាន​ទទួល​នៅ​ឡើយ​ទេ​ពី​សហព័ន្ធ​​បាល់ទាត់​កម្ពុជា៕

 

អត្ថបទ៖ ជាន ចាន់រ៉ា