ចង់​ដឹង​អត់​ថា ពេល​ដាក់​អាហារូបករណ៍​ផ្នែក​ណា​ពិបាក​ជាង​គេ?


ចង់​ដឹង​អត់​ថា ពេល​ដាក់​អាហារូបករណ៍​ផ្នែក​ណា​ពិបាក​ជាង​គេ?

ការ​ទទួល​បាន​អាហារូបករណ៍​មិន​មែន​ជា​ភាព​ងាយ​ស្រួល​ដែល​គ្រប់​គ្នា​សុទ្ធ​តែ​អាច​យក​បាន​នោះ​ទេ ពោល​គឺ​ត្រូវ​មាន​ការ​ប្រកួត​ប្រជែង​ដោយ​ប្រើ​សមត្ថភាព​ឈ្លាស​វៃ ព្រោះ​គ្រប់​ផ្នែក​នៃ​ពាក្យ​សុំ​អាហារូបករណ៍ ត្រូវ​ការ​ពិនិត្យ​ផ្ទៀង​ផ្ទាត់​សំរឹទ្ធ​សម្រាំង​ល្អ​បំផុត។

 

 

ចង់​ដឹង​អត់​ថា ពេល​ដាក់​អាហារូបករណ៍​ផ្នែក​ណា​ពិបាក​ជាង​គេ?

 

 

​ពាក្យ​សុំ​អាហារូបករណ៍​តែង​តែ​តម្រូវ​ឲ្យ​មាន​ភ្ជាប់​ឯកសារ​ខ្លះ​ៗ​មក​ជា​មួយ ដែល​អ្នក​ជំនាញ​ ពី​វគ្គ​បង្រៀន​ត្រៀម​អាហារូបករណ៍ “Scholarship Training Program 2015” របស់ ANUSSA បាន​បង្ហើប​ថា ផ្នែក​ដែល​ត្រូវ​ការ​ពេល​វេលា​យូរ​បំផុត​ និង​ជា​ផ្នែក​ដែល​ពិបាក​បំផុត​គឺ​ការ​សរសេរ​អត្ថបទ​ពី​ខ្លួន​ឯង (Personal Statement)​ និង​ គម្រោង​សិក្សា (Study Objective)។

 

 

​អាហារូបករណ៍​មួយ​ចំនួន​បំបែក​អត្ថបទ​ទាំង​២​នេះ​ជា​កូន​សំណួរ​តូច​ៗ​ដើម្បី​ជួយ​ដល់​បេក្ខជន​ឆ្លើយ​អោយ​បាន​ក្បោះក្បាយ ​ដោយ​មិន​រំលង​ចំណុច​សំខាន់​តូច​ៗ។ ប៉ុន្តែ​ជា​រួម​២​អត្ថបទ​នេះ​រឺ​សំណួរ​ផ្សេង​ៗ​ទាំង​នេះ​មាន​គោល​ដៅ​ស្វែង​យល់​លម្អិត​ពី​សមាសភាព​គុណភាព​និង​គោលដៅ​នៃ​ការ​សិក្សា​រួម​ទាំង​គោល​បំណង​អនាគត​របស់​បេក្ខជន។

 

 

សម្រាប់​អត្ថបទ​ផ្ទាល់​ខ្លួន ​គណៈកម្មការ​​ចង់​ដឹង​ច្រើន​បំផុត​អំពី​បេក្ខជន ​ពោល​គឺ​ប្រវត្តិ​ផ្ទាល់​ខ្លួន ប្រវត្តិ​គ្រួសារ​ការ​សិក្សា​ឬ​ការងារ​ កត្តា​ជំរុញ​ទឹក​ចិត្ត​ មោទនភាព​និង​សមិទ្ធផល​ផ្ទាល់​ខ្លួន​ រួម​ទាំង​គុណ​តម្លៃ​ឥរិយាបថ​ខ្សែ​ជីវិត​ក៏​ដូច​ជា​ការ​សម្រេច​ចិត្ត​សំខាន់​ៗ និង​ភាព​ខុស​ប្លែក​គ្នា​រវាង​បេក្ខជន​និង​អ្នក​ដទៃ។

 

 

រី​ឯ​គម្រោង​សិក្សា បេក្ខជន​គួរ​រៀបរាប់​ឲ្យ​បាន​ច្បាស់​អំពី​មុខវិជ្ជា​ដែល​ចង់​បន្ត​សិក្សា ព្រម​ទាំង​ សាកលវិទ្យាល័យ​ដែល​ចង់​រៀន។ អ្វី​ដែល​សំខាន់​ ​គឺ​ត្រូវ​មាន​មូលហេតុ​សំអាង​ទៅ​លើ​គម្រោង​ដោយ​បេក្ខជន គួរ​រៀបរាប់​ពី​មូលហេតុ​ដែល​ចង់​រៀន​មុខវិជ្ជា​ ជំនាញ​ សាកលវិទ្យាល័យ​នោះ ហើយ​ឆ្លើយ​តប​ថា​តើ​ហេតុអ្វី​ទើប​អ្នក​ស័ក្ដិសម​នឹង​បន្ត​រៀន​មុខ​វិជ្ជា​នោះ។ តើ​វា​មាន​ប្រយោជន៍​អ្វី​ដល់​ការងារ​បច្ចុប្បន្ន​និង​គម្រោង​អនាគត​របស់​អ្នក? ហើយ​វា​មាន​សារៈសំខាន់​អ្វី​ដល់​ការ​អភិវឌ្ឍ សហគមន៍ រឺ​ប្រទេស​របស់​អ្នក។

 

 

ចង់​ដឹង​អត់​ថា ពេល​ដាក់​អាហារូបករណ៍​ផ្នែក​ណា​ពិបាក​ជាង​គេ?

 

ត្រង់​នេះ​អ្នក​ត្រូវ​ធ្វើ​ការ​ស្រាវជ្រាវ​ឲ្យ​បាន​ស៊ី​ជម្រៅ ដើម្បី​មាន​មូលដ្ឋាន​ច្បាស់​លាស់​ក្នុង​ការ ពន្យល់​គណៈកម្មការ​ឲ្យ​យល់​ឃើញ​ថា ​អ្នក​ពិត​ជា​បេក្ខជន​ដ៏​ស័ក្ដិសម​និង​មាន​សក្ដានុពល​ក្នុង​ការ​បន្ត​ការ​សិក្សា និង​នាំ​យក​នូវ​ចំណេះដឹង​ទាំង​នោះ​ត្រឡប់​មក​អភិវឌ្ឍ​ប្រទេស​របស់​អ្នក។

 

 

គ្មាន​កំពូល​អ្នក​សរសេរ​ឯណា​អាច​សរសេរ​អត្ថបទ​ល្អ​មួយ​ក្នុង​រយៈ​ពេល១ រឺ២ថ្ងៃនោះទេ ពោល​គឺ​អ្នក​ត្រូវ​សរសេរ​ហើយ សរសេរ​ទៀត កែ​ឡើង​វិញ ច្រើន​លើក ច្រើន​សារ ហើយ​ល្អ​បំផុត អាច​ឲ្យ​អ្នក​មាន​បទពិសោធន៍​ជួយ​ផ្ដល់​យោបល់​លើ​អត្ថបទ​របស់​អ្នក​នោះ​ទើប​អ្នក​អាច​ទទួល​បាន​អត្ថបទ​ដ៏​គួរ​ឲ្យ​ពេញ​ចិត្ត​មួយ។ ម្ល៉ោះ​ហើយ អ្នក​ត្រូវ​ចំណាយ​ពេល​ស្គាល់​ខ្លួន​ឯង ដើម្បី​សរសេរ​អត្ថបទ​ផ្ទាល់​ខ្លួន​ឲ្យ​បាន​ល្អ និង​មាន​ភាព​ទាក់​ទាញ។ ហើយ​អ្នក​ត្រូវ​ធ្វើ​ការ​ស្រាវជ្រាវ​ឲ្យ​បាន​ច្រើន​ដើម្បី​គម្រោង​សិក្សា​របស់​អ្នក​មាន​លក្ខណៈ​ប្រាកដ​និយម​ហើយ​ឆ្លើយ​តប​ទៅ​នឹង​ការ​ចូល​រួម​អភិវឌ្ឍ​ប្រទេស​ជាតិ៕

 

សូមអាន ៖   ហេតុ​អ្វី​ការងារ​សង្គម​សំខាន់​ខ្លាំង​សម្រាប់​អាហារូបករណ៍​បរទេស​?