វិធីបី​ចំនុច​ដ៏មាន​ប្រសិទ្ធភាព​ដើម្បី​ធ្វើឱ្យ​ស្វាង​ពីភាព​ងងុយ​គេង​

ភាព​ងងុយ​គេង​ គឺជា​លទ្ធផល​ដ៏សាមញ្ញ​បំផុត​ ពីការ​គេង​មិន​បាន​សមស្រប ​ឬគេង​មិន​បាន​គ្រប់​គ្រាន់​។ ជាក់​ស្ដែង ​ការ​ងងុយ​គេងខ្លាំង​នៅ​ពេលថ្ងៃ​ អាច​ជា​សញ្ញា​មួយ​នៃវិបត្ដិ​ដំណេក​។ ទិដ្ឋភាព​ផ្លូវ​អារម្មណ៍​រួម​មាន​ដូច​ជា​ ការធ្លាក់​ទឹកចិត្ដ ​ការថប់​អារម្មណ៍ ​ស្រ្ដេស ​ភាព​ធុញ​ទ្រាន់​ក៏អាច​បណ្ដាល​ឱ្យកើត​មាន​នូវ​វិបត្ដិ​ដំណេក​នេះ​ដែរ។​ ភាព​ងងុយ​គេង ​អាច​ជះឥទ្ធិពល​ទៅ​លើ​ផលិត​ភាព​ការងារ​របស់​អ្នក​ និង​បង្កក្ដី​រំខាន់​ដល់​ជីវិត​ផ្ទាល់​ខ្លួន​របស់​អ្នក​។ ដោយ​ការ​ផ្លាស់​ប្ដូរ​របៀប​រស់នៅ​ ការ​ទទួល​ទាន​អាហារ​ល្អ​ចំពោះ​សុខភាព​ និង​ការរៀប​ចំគំ​រូគេង​ឱ្យ​បាន​សមស្រប​ អ្នក​អាច​ប្រឆាំង​នឹង​ភាព​ងងុយ​គេង​បាន​យ៉ាង​ងាយ​ស្រួល​។ ប៉ុន្ដេ​ទោះ​ជាយ៉ាង​ណា ​សូម​ធ្វើការ​ប្រឹក្សា​ជាមួយ​វេជ្ជ​បណ្ឌិត ​ប្រសិន​បើអ្នក​ចាប់​ផ្ដើម​មាន​អារម្មណ៍​ងងុយ​គេង​ ក្រោយ​ពីអ្នក​ចាប់​ផ្ដើម​ប្រើ​ថ្នាំថ្មី​ប្រភេទ​ណាមួយ​ លេប​ថ្នាំច្រើន​លើស​កំណត់ ​ឬរង​របួស​ផ្នែក​ក្បាល។​  ខាង​ក្រោម​នេះ ​យើង​សូម​ណែនាំ​អ្នក ​ពីវិធីមួយ​ចំនួន​ ដែល​ជួយ​អ្នក​ឱ្យបាត់​នូវ​ភាព​ងងុយ​គេង៖​
វិធីបី​ចំនុច​ដ៏មាន​ប្រសិទ្ធភាព​ដើម្បី​ធ្វើឱ្យ​ស្វាង​ពីភាព​ងងុយ​គេង​

១.ការ​កំណត់​កាល​វិភាគ​គេង​ឱ្យ​បាន​សមស្រប៖​
ការគេង​មិន​បាន​គ្រប់​គ្រាន់​ និងគេង​មាន​សម្លេង​រំខាន​ គឺជាហេតុ​ផល​ពីរដ៏ចំបង ​នៅពី​ក្រោយ​ការងងុយ​គេង​ពេល​ថ្ងៃ។​ ដូច្នេះ​ ការកំណត់​កាល​វិភាគ​គេង​ឱ្យបាន​សមស្រប​ គឺជា​វិធី​សាស្រ្ដ​មួយ​ដ៏ប្រសើរ​ ដើម្បី​បង្ការ​ភាព​ងងុយ​គេង​ពេល​ថ្ងៃ។ ​ការគេង​បាន​ប្រក្រតី​នឹង​ជួយ​អ្នក​ការពារ​ប្រឆាំង​នឹងការ​ធ្លាក់​ចុះ​ថាម​ពល​រាងកាយ​ ការស្រុត​ចុះ​កម្លាំង ​ការធ្លាក់​ទឹកចិត្ដ​ និងស្រ្ដេស​។ មនុស្ស​ផ្សេងៗ​ពីគ្នា ​គាត់​ត្រូវ​ការនូវ​បរិមាណ​នៃពេល​វេលា​គេង​ខុសគ្នា​ដើម្បី​បំពេញ​ឱ្យរាង​កាយ​បំពេញ​មុខ​ងារ​បាន​ប្រក្រតី ​ប៉ុន្ដែ​ទោះ​ជាយ៉ាង​ណា​ ពេល​វេលា​នៃការ​គេង​ ពី ៧ ទៅ​ ៨ម៉ោង​ក្នុងមួយ​យប់​គឺគ្រប់​គ្រាន់ ​ដើម្បី​ជួយ​ឱ្យ​រាង​កាយ​របស់​អ្នក​បំពេញ​មុខ​ងារ​បាន​ប្រក្រតី​។ ខាង​ក្រោម​នេះ​ជាវិធី​ជួយ​ឱ្យ​អ្នក​គេង​លក់​ស្រួល៖​​•រក្សា​កាល​វិភាគ​គេង​ ដែល​កំណត់​ឱ្យបាន​ច្បាស់​លាស់​ពីពេល​វេលា​គេង​ និង​ពេល​ក្រោកពី​គេង។​•រក្សា​​បន្ទប់​គេង​របស់​អ្នក​កុំឱ្យ​មាន​ពន្លឺ ​ដើម្បី​លើក​កម្ពស់​ការ​គេង​យ៉ាង​សម្រាក​សម្រាន្ដ។​ ប្រសិន​បើចាំ​បាច់ ​សូម​ប្រើ​ក្រណាត់ ​ឬវាំងនន ​ដើម្បី​បិទ​កុំឱ្យ​ពន្លឺ​ជះពី​ខាងក្រៅ។​•ប្រើពូក ​ដែល​មាន​គុណ​ភាពល្អ ​និងកម្រាល ​និងខ្នើយ​ទន់ៗ​ ដើម្បី​លើក​កម្ពស់​គុណ​ភាព​ដំណេក​របស់អ្នក។​•អាន​សៀវ​ភៅ ​ឬធ្វើ​យូហ្កា ​ឱ្យបាន ​២០នាទី​ មុន​ពេល​ចូល​គេង។​•កំណត់​ការ​សំឡឹង​មើល​អេក្រង់​កុំព្យូទ័រ ​ទូរទស្សន៍​ ឬទូរ​ស័ព្ទ​ដៃ​ឱ្យ​បាន​សម​ស្រប​មុន​ពេល​ចូលគេង។​

២. ចាប់​ផ្ដើម​ថ្ងៃថ្មី​របស់​អ្នក​ជាមួយ​នឹងពន្លឺព្រះអាទិត្យ៖​ សូមឱ្យ​ខ្លួន​របស់​អ្នកប៉ះ​នឹង​ពន្លឺ​ព្រះ​អាទិត្យ​ឱ្យបាន​រាល់ថ្ងៃ​។  ការប៉ះ​នឹងពន្លឺ​ព្រះ​អាទិត្យ​នឹងជួយ​អ្នក​ប្រុង​ជើង​ការ ​និងមាន​ថាម​ពល​ពេញ​មួយថ្ងៃ​ ហើយ​នឹង​បង្ការ​ភាព​ងងុយ​គេង​ពេល​ថ្ងៃ​។ ជាក់​ស្ដែង​ពន្លឺ​ព្រះអាទិត្យ​ ជួយ​គ្រប់គ្រង​វដ្ដនៃ​ការគេង ​និងការ​ភ្ញាក់​ពីគេង​របស់អ្នក ​ពីព្រោះ​វាជួយ​ឱ្យខួរ​ក្បាល​ចង់ចាំ ​ថាពេល​ណា​ត្រូវ​ភ្ញាក់​ពីគេង។ ​ម្យ៉ាង​ទៀត​ ពន្លឺ​ព្រះអាទិត្យ​ជួយ​ឱ្យរាង​កាយ​ផលិត​ចេញ​នូវ​វីតាមីនD​។ ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​កាល​ពីឆ្នាំ ​២០១៣​ ចុះផ្សាយ​នៅក្នុង​ទស្សនា​វដ្ដី​ឱសថ​ជំនួយ​ការ​គេង​បាន​ណែនាំថា ​ភាព​កង្វះ​វីតាមីនD​ អាច​មាន​ទំនាក់​ទំនង​ទៅនឹង​បញ្ហាគេង ​ជាពិសេស​ភាព​ងងុយ​គេង​ពេលថ្ងៃ។​​
៣. ប្រោស​ទឹក​ត្រជាក់​លើមុខ​របស់អ្នក៖ ​ នៅពេល​ ដែល​អ្នក​មាន​អារម្មណ៍​ងងុយ​គេង​ សូម​ប្រោស​ទឹកត្រជាក់​ទៅលើ​មុខ​របស់អ្នក​។ ការ​ផ្លាស់ប្ដូរ​សីតុណ្ហភាព​ភ្លាមៗ​ជួយ​បំបាត់​អារម្មណ៍​ងងុយ​គេង ​និងលើក​កម្ពស់​កម្រិត​ថាមពល​ ព្រមទាំង​ជួយ​ឱ្យផ្ដោត​អារម្មណ៍​បានល្អ​ផងដែរ។​ ក្រោយ​ពេល​ប្រោសទឹក​ត្រជាក់​នៅលើ​មុខរបស់​អ្នក ​សូមឈរ​បែរ​មុខ​ទៅម៉ាស៊ីន​ត្រជាក់ ​ដើម្បី​ធ្វើឱ្យ​ការព្យាបាល​ដោយ​ទឹក​នេះ​កាន់​តែ​មាន​ប្រសិទ្ធ​ភាពខ្ពស់​។ ម្យ៉ាង​ទៀត​ អ្នក​អាចងូត​ទឹក​ត្រជាក់​នៅពេល​ព្រឹក​ដើម្បី​បំបាត់​ចោល​ភាព​ងងុយ​គេង ​និងលើក​កម្ពស់​ចរន្ដឈាម​រត់ផងដែរ៕​

អត្ថបទ៖ ដេវីដ
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​