លទ្ធផល​ការ​​ប្រណាំង​ទូកង​នៅ​ខេត្តកំពង់ចាម

ខេត្តកំពង់ចាម ៖ ពិធី​ប្រណាំង​ទូកង ទូក​ខ្នាត​អន្តរជាតិ និង​បណ្តែតប្រទីប​នៅ​ខេត្តកំពង់ចាម​បាន​ប្រព្រឹត្ត​ទៅ​ចំនួន​២​ថ្ងៃ គឺ​ថ្ងៃ​ទី​២៧ និង​ទី​២៨ តុលា ២០១៥ ដោយ​មាន​ទូកង​ចូលរួម​ចំនួន​២៤​ទូក មក​ពី​តាម​បណ្តា​វត្ត​ផ្សេង​ៗ​បាន​ចូលរួម​ប្រកួតប្រជែង​យកជ័យ​លា​ភី ដើម្បី​ទៅ​ចូលរួម​ប្រណាំង​នៅ​រាជធានី​ភ្នំពេញ​ថ្ងៃ​ខាង​មុខ ។ ក្នុង​នោះ​ទូកងឈ្មោះ ចៅ​ពេជ្រ​កុមារ បុ​ប្ជា​ជ្រោយ​ថ្ម ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១ ។

ក្នុង​ទិដ្ឋភាព​នោះ គេ​បាន​សង្កេត​ឃើញ​មាន​វត្ត​មានការ​ចូល​ជា​ភ្ញៀវ​កិត្តិយស​មាន លោក ហ៊ុន ណេ​ង តំណាង​រាស្ត្រ​មណ្ឌល​កំពង់ចាម​, លោក យឹ​ម ឆៃ​លី ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខេត្តកំពង់ចាម​, លោកគ្រូ​ឧកញ៉ា អ៊ឹម ប្រុស ព្រមទាំង​មន្ត្រី​អ្នកមុខអ្នកការ​ជា​ច្រើន​រូប​ទៀត ។

លោក លន់ លឹ​ម​ថៃ អភិបាលខេត្ត​បាន​ថ្លែង​ឲ្យ​ដឹង​ថា នៅ​ក្នុងឆ្នាំនេះ​ទឹក​ទ​ន្លេមេគង្គ​តូច និង​កត្តា​កាត់​ខេត្តកំពង់ចាម​បំបែក​ជា​ពីរ​ទៅ​ខេត្ត​ត្បូងឃ្មុំ ត្រើយ​ខាងកើត នោះ​បាន​ធ្វើ​ឲ្យ​ទូកង​ដែល​ធ្លាប់​មក​ចូលរួម​ប្រឡងប្រណាំង ហើយ​ទូកង​ខ្លះ​ទៀត​ដាក់​នៅ​បឹង​តែ​ដោយ​ទឹកទន្លេ​តូច​ទើប​មិន​អាចម​កកើត ទូកង​ខ្លះ​មាន​អ្នក​ឧបត្ថម្ភ តែ​មិន​មាន​ចំណុះ​កីឡាករ​ទូកង ។ លោក​បន្ត​ថា តាម​ការ​ប៉ាន់​ប្រមាណ​នៅ​ថ្ងៃ​ទី​២៧ តុលា ដែល​ជា​ថ្ងៃ​អុំទូក​ដំបូង​មាន​ប្រជាពលរដ្ឋ​មក​ពី​គ្រប់​ទិស​ទី​​រហូត​ដល់​ទៅ​ជាង​៣​ម៉ឺន​នាក់ និង​ពេល​យប់​រហូត​ដល់​ទៅ​ជិត​៥​ម៉ឺន​នាក់​ឯណោះ មក​មើល​ការ​បណ្តែតប្រទីប និង​ការ​បាញ់​កាំជ្រួច ព្រមទាំង​មើល​ការ​តាំង​ពិ​ព័រ​ណ័​ទំនិញ​​កម្ពុជា​-​ថៃ ។ នៅ​រសៀល​ថ្ងៃ​ទី​២៨​តុលា ចំពោះ​ទូកង​ដែល​ទទួល​បាន​ជ័យ​លា​ភី​លេខ​១​គឺ ទូកង​ឈ្មោះ ចៅ​ពេជ្រ​កុមារ បុ​ប្ជា​ជ្រោយ​ថ្ម មក​ពី​វត្ត​ជ្រោយ​ថ្ម ប្រើប្រាស់​ថេរវេលា​៩​នាទី និង​៨​វិនាទី​, ទូកង​ជាប់​ចំណាត់ថ្នាក់​លេខ​២​ឈ្មោះ ស៊ា​សែន​ជ័យ​បារមី​តេជៈ មក​ពី​ស្រុក​កងមាស និង​ទូកង​ជាប់​ចំណាត់ថ្នាក់​លេខ​៣​ឈ្មោះ ស្រី​ស្រស់​គៀន​ជ្រៃ បារមី​តេ​ជោ មក​ពី​វត្ត​គៀន​ជ្រៃ ស្រុក​កំពង់សៀម ។ សម្រាប់​ទូកង​ដែល​ជាប់​ចំណាត់ថ្នាក់​លេខ​១ ទទួល​បាន​ថវិកា​១​លាន​រៀល អង្ករ​២០០​គីឡូក្រាម ទឹក​ផ្លែ​ឈើ​៤​កេស បារី​សេក​៧​សុង ទឹកបរិសុទ្ធ​១២​យួរ​, ទូកង​ជាប់​ចំណាត់ថ្នាក់​លេខ​២ ទទួល​បាន ថវិកា​៩០​ម៉ឺន​រៀល អង្ក​២០០​គីឡូក្រាម ទឹក​ផ្លែ​ឈើ​៤​កេស បារី​សេក​៧​សុង ទឹកបរិសុទ្ធ​១១​យួរ​, ទូកង​ជាប់​ចំណាត់ថ្នាក់​លេខ​៣ ទទួល​បាន​ថវិកា​៨០​ម៉ឺន​រៀល អង្ក​២០០​គីឡូក្រាម ទឹក​ផ្លែ​ឈើ​៤​កេស បារី​សេក​៧​សុង ទឹកបរិសុទ្ធ​១០​យួរ ។ សម្រាប់​ទូក​ដែល​មិន​ជាប់​ចំណាត់ថ្នាក់​វិញ​ចំនួន​១០​ទូក ក្នុង​១​ទូក​ទទួល​បាន​ថវិកា​៧០​ម៉ឺន​រៀល អង្ក​២០០​គីឡូក្រាម ទឹក​ផ្លែ​ឈើ​៣​កេស បារី​សេក​៦​សុង ទឹកបរិសុទ្ធ​៩​យួរ ។ សម្រាប់​ទូក​ខ្នាត​អន្តរជាតិ​១១​ទូក វិញ​ក្នុង​១​ទូក​ៗ​ទទួល​បាន​ថវិកា​៣០​ម៉ឺន​រៀល អង្ក​១០០​គីឡូក្រាម ទឹក​ផ្លែ​ឈើ​២​កេស បារី​សេក​៥​សុង ទឹកបរិសុទ្ធ​៥​យួរ​ផង​ដែរ ។

លោក លន់ លឹ​ម​ថៃ អភិបាលខេត្ត​បញ្ជាក់​ថា ជាមួយ​គ្នា​នោះ​ដែរ​ រូប​លោក​សូម​ថ្លែងអំណរគុណ​ចំពោះ​កងកម្លាំង​នគរបាល និង​អាវុធហត្ថ​ខេត្ត ដែល​បាន​ខិតខំ​ជួយ​ការពារ​សនិ្ត​សុខ និង​សណ្តាប់ធ្នាប់​ទាំង​ពេល​ថ្ងៃ និង​យប់ ដោយ​បាន​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​កម្លាំងចិត្ត​ជូន​ដល់​ប្រជាពលរដ្ឋ ៕