​​ស្ត្រី​ប្តី​ស្លាប់​លើ​ទឹកដី​ថៃ​ដង្ហោយ​រក​​អន្តរាគមន៍ ​តែ​គ្មាន​អ្នក​ជួយ​បាន​មក​ដល់​កម្ពុជា​ហើយ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ស្ត្រី​ទីទ័ល​ក្រ​មានកូន​ប្រុស​ស្រី​រហូត​៤​នាក់​ក្នុង​បន្ទុក​ទាំង​វ័យក្មេង​ដែល​ប្តី​ត្រូវ​ឃាតករ​ជា​ពលករ​ខ្មែរ​ដូច​គ្នា​កាប់​ស្លាប់​នៅ​ខេត្ត​សាមុទ្រ​ប្រា​កាន ​ប្រទេស​ថៃ​កាលពី​ម៉ោងជាង​៤​រសៀល​ ថ្ងៃ​ទី២៥ ​តុលា​ ២០១៥ បាន​មក​ដល់​កម្ពុជា​ហើយ​កាលពី​ម៉ោងជាង​៩​យប់​ ថ្ងៃ​ទី​២៨ ​តុលា​។

នាង​ទិ​ត្យ ​ផ​ល្ល័​ក ​ក្នុង​វ័យ​25​ឆ្នាំ ​ជាមួយ​កូនប្រុស​ស្រី​ឱប​ពីមុខ​ឱប​ពីក្រោយ​ដៃ​បីត្រកង​ធាតុ​ប្តី​ដែល​ភាគី​ថៃ​វេច​ក្រណាត់​ស​ដាក់​ឲ្យ​ក្នុង​កេស​ក្រដាស់​នោះ​ដើរ​ចូល​ផ្ទះ​​​ក្នុងភូមិ​ប្រជា​ធម្ម​លិច ​សង្កាត់​ផ្សារ​កណ្តាល​ ក្រុង​ប៉ោយ​ប៉ែ​ត ​ទាំង​បង្ហូរទឹកភ្នែក ​ដោយ​សាច់ញាតិ​រង់​ចាំ​ទទួល​ទាំង​យំ​ទ្រហឹង​។

​ស្ត្រីប្តី​ស្លាប់​ម្នាក់​នេះ​បាន​រៀបរាប់​ថា ​ប្តី​នាង​ត្រូវ​ឃាតករ​កាប់​ស្លាប់​ក្នុង​ថ្លុកឈាម​នៅ​កន្លែង​កើតហេតុ​ដោយ​ឃាតករ​នោះ​កាប់​ប្តី​នាង​ដាច់​ស​សៃ​កែងជើង​នៅ​កន្លែង​ផឹកស៊ី​មិន​អាច​រត់​រួច​។ មិនតែប៉ុណ្ណោះ​នាង​រៀបរាប់​ទាំង​បង្ហូរទឹកភ្នែក​ថា​ ក្រោយ​ប្តី​ស្លាប់​ចង់​យក​សព​ប្តី​មក​ស្រុក​ដើម្បី​ឲ្យ​សាច់ញាតិ​ឃើញ​មុខ​ក៏គ្មាន​ប្រាក់​ឲ្យ​គេ​ដែរ​ ត្រូវ​បង្ខំចិត្ត​ឲ្យ​គេ​បូជា​លើ​ទឹកដី​ថៃ​។

នាង​បញ្ជាក់​ថា​ ការ​ដង្ហោយ​រក​ការ​អន្តរា​គម​ន៍​ជួយ​ពី​មន្ត្រី​កម្ពុជា​តាម​ទូរស័ព្ទ​ជា​ច្រើន​លើក​បាន​ត្រឹមតែ​សួរ​ពី​កន្លែង​កើតហេតុ​ និង​ថា ​ចាំ​ជួយ​ ទីបំផុត​សូ​ម្បី​តែ​ម្នាក់​ក៏មិនឃើញ​ចុះ​ដល់​កន្លែង​កើតហេតុ​ដើម្បី​សួរ​នាង​ឡើយ​។

នាង​បន្ត​ថា ​ដោយ​ការ​អាណិតអាសូរ​ពី​ពលរដ្ឋ​ថៃ​គេ​នាំ​គ្នា​រៃ​អង្គាសប្រាក់​ឲ្យ​បាន​ថ្លៃ​បូជា៧៥០០​បាត​ និង​ការ​ចំណាយ​លើ​ការ​ចាត់ចែង​ផ្សេង​ៗ​។ ស្ត្រី​ខាងលើ​ប្រាប់​ថា ​ឃាតករ​ជា​ខ្មែរ​ដែល​សម្លាប់​ប្តី​នាង​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​បាន​ហើយ​ៗ​នាង​ក៏បាន​ទៅ​ឃើញ​ឃាតករ​នោះ​ដល់​មន្ទីរឃុំឃាំង​របស់​ថៃ​ផង​ដែរ​។

ជុំវិញ​​ការ​​ចោទប្រកាន់​នេះ​ មន្ត្រី​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​ដែល​មាន​ទំនាក់ទំនង​ទូរស័ព្ទ​ជាមួយ​ស្ត្រី​ខាងលើ​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ​​៕ ​