បង្ក្រាប​​ទីតាំង​ហ្គេ​ម​បាញ់​ត្រី​​​មួយ​កន្លែង​ក្នុងសង្កាត់​បឹង​ទំពុន ​

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ល្ងាច​​ថ្ងៃ​ទី​២៨ ​តុលា ​២០១៥ ​កម្លាំង​​អាជ្ញាធរ​​ចម្រុះ​ខណ្ឌមាន​ជ័យ ដឹកនាំ​ដោយ​​លោក​ឌី រ័​ត្ន​ខេ​ម​រុណ អភិបាល​រង​​ខណ្ឌ ​ដោយ​​មានការ​សម្របសម្រួល​​ពី​ព្រះរាជអាជ្ញា​រង​អម​សាលាដំ​បូង​រាជធានី​ភ្នំពេញ លោក​ខាំ​សុ​ផា​រី ​បានធ្វើការ​បង្ក្រាប​​ទីតាំង​លួចលាក់​បង្កប់​​ហ្គេ​ម​បាញ់​ត្រី​ខុសច្បាប់​មួយ​កន្លែង ​ស្ថិត​នៅ​​ចំណុច​ផ្ទះល្វែង​គ្មាន​លេខ ​​តាម​បណ្តោយ​ផ្លូវ​លេខ​៣១BT ​ក្រុម​ទី​៥ ភូមិ​​សន្សំ​​កុសល​៤ សង្កាត់​បឹង​ទំពុន ​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

លោក​ឌី រ័​ត្ន​ខេ​ម​រុណ បានឱ្យ​ដឹង​ថា ​ដោយ​ទទួល​​បាន​ដំណឹង​ពី​ក្រុម​​ប្រជាពលរដ្ឋ ​ដែល​រស់នៅ​ក្បែរ​ទីតាំង​ខាងលើ ​បាន​​រាយការណ៍​ជូន​​អាជ្ញាធរ​ថា មានការ​លួចលាក់​លេង​ហ្គេ​ម​បាញ់​ត្រី​ ទើប​នៅ​​ល្ងាច​ថ្ងៃ​ដដែល​នេះ កម្លាំង​អាជ្ញាធរ​ចម្រុះ​បាន​​ចុះ​មក​ធ្វើការ​បង្ក្រាប​ជាក់​ស្តែង​តែ​ម្តង  ។

លោក​បន្ត​ថា ​ចំពោះ​ទីតាំង​ខាងលើ​នេះ អាជ្ញាធរ​ខណ្ឌ​យើង​បាន​ធ្វើការ​តាមដាន​ជាង​១​ខែ​ទៅ​ហើយ​ មុន​ឈាន​ដល់​ការ​ចុះ​បង្ក្រាប ព្រោះ​ទីតាំង​មួយ​នេះ​ លួចលាក់​លេង​នៅ​តែ​ពេល​រាត្រី​ប៉ុណ្ណោះ ​ពោល​គឺ​លេង​ចាប់ពី​ម៉ោង៩​យប់ រហូត​ដល់​ម៉ោង៤ទៀប​​ភ្លឺ ​ទើប​បិ​ទ​អាជីវកម្ម ។ លើស​ពី​នេះ ​បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះបាន​​ឱ្យ​​ដឹង​ថា ទីតាំង​មួយ​នេះ​ រាល់ពេល​យប់​ឡើង​តែង​តែ​មានការ​វាយតប់​​​​គ្នា​ស្ទើរ​រាល់ថ្ងៃ​ពី​សំណាក់​ក្រុម​ក្មេង​ស្ទាវ ​ដែល​ចេញពី​ទីតាំង​ហ្គេ​ម​បាញ់​ត្រី​ខាងលើ​ ដែល​ជា​ហេតុ​នាំ​ឱ្យ​​បងប្អូន​ប្រជា​ពលរដ្ឋ​យើង​មានការ​ភ័យ​ខ្លាច​ជា​ខ្លាំង​ចំពោះ​ទីតាំង​មួយ​នេះ​ ។

​ក្នុង​ការ​​បង្ក្រាប​​នេះដែរ​ អាជ្ញាធរ​ខណ្ឌមានជ័យ​​ដកហូតបានកៅអីចំនួន២០,​ កំ​ព្យូ​ទ័​រ​គិតលុយ​ចំនួន​១​គ្រឿង, កង្ហារ​មួយ​​គ្រឿង និង​ទូរ​ហ្គេ​ម​​ចំនួន​២​​ទូ ដោយ​ក្នុង​នោះ​​មិន​បាន​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ណា​ម្នាក់​ឡើយ ​គ្រាន់តែ​ធ្វើការ​អប់រំ​ដល់​ម្ចាស់​ទីតាំង​រួច​ធ្វើ​កិច្ចសន្យា​បញ្ចប់​​សកម្មភាព​នេះ​​ទៅ​ថ្ងៃមុន​ទៀត ។ ​

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព