ប្លន់​ម៉ូតូ​បាន​ជិះ​គេចខ្លួន ខឹង​ប៉ូលិស​ដេញ​ដក​កាំភ្លើង​បាញ់​១​គ្រាប់ ប៉ូលិស​បាញ់​វិញ​ត្រូវ​ជើង

ខេត្ត​ព្រះ​សីហ​នុ ៖ ជនសង្ស័យ​ម្នាក់​​ ក្នុង​ចំណោម​បក្សពួក​៣​នាក់ ត្រូវ​កម្លាំង​សមត្ថកិច្ច​ស្រុក​ព្រៃ​នប់​ធ្វើការ​​បង្ក្រាប​បាន បន្ទាប់​ពី​សកម្ម​​ភាព​ប្លន់ម៉ូតូ​​រួច​ បម្រុង​ជិះ​គេចខ្លួន​ទៅ​រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​០៨ និង​២០​នាទី​យប់​ថ្ងៃ​ទី​២៨ តុលា ២០១៥ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​០៤ ត្រង់​ចំណុច​បឹង​ត្រាច ឃុំ​ចំការ​ហ្លួង ស្រុក​កំពង់ ខេត្ត​ព្រះ​សីហ​នុ ។

ប្រភព​បានឱ្យ​ដឹង​ថា ជនសង្ស័យ​​ឈ្មោះ​ចាន់ ក្តិ​ប អាយុ​៤០​ឆ្នាំ មានស្រុក​កំណើត​នៅ​ខេត្តកំពង់ស្ពឺ ។  ចំណែក​ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​ឈ្មោះ​វន ពិសិដ្ឋ ជា​បុគ្គលិក​ធនាគារ មាន​ទីលំនៅ​ក្នុងភូមិ​បឹង​វែង ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ ជិះ​ម៉ូតូ​ធុន C125 ស៊េរី​២០១៥ ពាក់​ស្លាក​លេខ 1FJ-0312 ។

ប្រភព​បន្ត​ថា មុន​ពេលកើតហេតុនៅវេលា​​ម៉ោង​០៨​ថ្ងៃ​ដដែល ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ខាងលើ​ មក​អង្គុយ​ញ៉ាំ​បង្អែម​នៅ​មុខ​កន្លែង​ស្នាក់​នៅ ហើយ​មាន​ជនសង្ស័យ​ ក៏​មក​អង្គុយ​ហូប​ក្បែរ​គ្នា​នោះ​ដែរ ។ មិនយូរ​ប៉ុន្មាន ជនសង្ស័យ​នោះ​ បាន​ឆក់​យក​សោ​ម៉ូតូ​ពី​ជន​រង​គ្រោះ​មក​សំដៅ​ម៉ូតូ ហើយ​ក៏​ដក​កាំភ្លើងខ្លី​ភ្ជង់​ទៅ​លើ​ជន​រង​គ្រោះ រួច​ក៏​ជិះ​សំ​ទៅ​ទៅ​រាជធានី​ភ្នំពេញ និង​បក្សពួក​២​នាក់​ទៀត​ដែល​ជិះ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ស្មាស់ ក៏​ជិះ​តាម​ក្រោយ ។

បន្ទាប់​ពី​កើតហេតុ ក៏​មាន​ភ្ញាក់ផ្អើល​ដល់​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ព្រៃ​នប់​កំពុង​ល្បាត​នោះ  ក៏​សហការ​ជាមួយ​ប៉ូលិស​មូលដ្ឋាន ដាក់​ពួនស្ទាក់ និង​មានការ​ប្រដេញ​ពីក្រោយ រហូត​មក​ដល់​ចំណុច​ភូមិ​បឹង​ត្រាច (​ចំណុច​ឃាត់ខ្លួន​) ជនសង្ស័យ​ខាងលើ បាន​បាញ់​មក​លើ​សមត្ថកិច្ច​១​គ្រាប់ តែ​ត្រូវ​កម្លាំង​បាញ់​តដៃ​វិញ​ត្រូវ​ជើង បណ្តាល​ឱ្យ​រង​របួស​រួច​ក៏​ឃាត់ខ្លួន រួម​ទាំង​កាំភ្លើងខ្លី​មួយ​ដើម​ផង
ដែរ រីឯ​បក្សពួក​២​នាក់​បាន​ជិះ​គេចខ្លួន​បាត់  ។