លោក​អភិបាល​រាជធានី​ប្រកាស​ជា​ថ្មី​ថា ផ្សារ​ដើម​គ​មិន​មានការ​សាងសង់​ថ្មី​ទេ​បើសិន​អាជីវករ​ជំទាស់

រាជធានី​ភ្នំពេញ ៖ លោកប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ជា​ថ្មី​ថា សាលា​រាជធានី​ភ្នំពេញ​ពិតជា​មាន​គម្រោង​សាងសង់​ផ្សារ​ដើម​គ​ប្រាកដ​មែន ប៉ុន្តែ​គម្រោង​នៃ​ការ​សាងសង់​នេះ បើ​មាន​បងប្អូន​អាជីវករ​តែ​ម្នាក់​ជំទាស់​មិន​ឱ្យ​សាងសង់​នោះ គឺ​មិន​មានការ​សាងសង់​ថ្មី​នោះ​ទេ ។ ចំពោះ​ពាក្យ​ចចាមអារ៉ាម​ថា បងប្អូន​អាជីវករ​ទាំងអស់​នៅ​ផ្សារ​ដើម​គ​នឹង​ត្រូវ​អាជ្ញាធរ​រាជធានី​ភ្នំពេញ បង្ខំ​ឱ្យ​រើ​ទីតាំង​ទៅ​លក់​នៅ​ព្រៃ​ស ក្នុង​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ​នោះ ជា​រឿង​មិន​ពិត ដែល​នេះ​ជា​ការ​ញុះញង់​ឱ្យ​ប្រជាពលរដ្ឋ​មានការ​យល់​ច្រឡំ​ប៉ុណ្ណោះ ។

នេះ​ជា​ការ​លើក​ឡើង​របស់​លោក​អភិបាល​រាជធានី​ភ្នំពេញ ប៉ា សុ​ជាតិ​វង្ស បន្ទាប់​ពី​ក្រុម​អាជីវករ​ផ្សារ​ដើម​គ​បាន​សួរនាំ នៅ​ក្នុង​វេទិកាសាធារណៈ កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ តុលា​២០១៥ នៅ​សាល​មហា​ស្រព​ចេ​ន​ឡា ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក ។ ក្នុង​វេទិកា​នេះ មានការ​ចូលរួម​ពី​លោក ឱម យ៉ិន​ទៀង ប្រធាន​ក្រុមការងារ​ចុះ​ជួយ​មូលដ្ឋាន​ខណ្ឌទួលគោក និង​ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក សួន រិ​ន​ឌី តំណាង​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌទួលគោក​យ៉ាងច្រើន​កុះករ ។

លោកប៉ា សុ​ជាតិ​វង្ស ថ្លែង​ទៀត​ថា គម្រោង​សាងសង់​ផ្សារ​ដើម​គ​ថ្មី​នេះ មិន​មានការ​បង្ខំ​ឱ្យ​អាជីវករ​រើ​ទីតាំង​ចេញ​ឆ្ងាយ​ពី​ផ្សារ​ដើម​គ​ទេ គឺ​អាច​ឲ្យ​ប្រជាពលរដ្ឋ​លក់​លើ​ចិញ្ចើម​ផ្លូវ​ដូច​ពេល​សាងសង់​ផ្សារ​ធំ​ថ្មី​ដែរ ។ ចំពោះ​អាជីវករ​ដែល​មាន​តូប​នៅ​ក្នុង​ផ្សារ ក្រោយ​ការ​សាងសង់​ផ្សារ​រួច​នឹង​បាន​តូប​មួយ​នៅ​ក្នុង​ផ្សារ​ថ្មី​នេះ​ស្វ័យប្រវត្តិ​តែ​ម្តង ដោយ​មិន​តម្រូវ​ឱ្យ​បង់លុយ​ថ្លៃ​តូប​ឡើយ ។ ប៉ុន្តែ​បើ​ប្រជាពលរដ្ឋ​ជា​អាជីវករ​មិន​ឱ្យ​សាលា​រាជធានី​ភ្នំពេញ​ធ្វើការ​សាងសង់ នោះ សាលា​រាជធានី​នឹង​យក​គម្រោង​ថវិកា​នៃ​ការ​សាងសង់​នេះ​ទៅ​សាងសង់​ផ្សារ​រដ្ឋ​ថ្មី​មួយទៀត​ក្នុង​រាជធានី​ភ្នំពេញ ។

ក្នុង​វេទិកា​នេះ ប្រជាពលរដ្ឋ​បាន​លើក​ឡើងជា​សំណួរ និង​សំណូមពរ​ជា​ច្រើន​ចំណុច​ទៀត​ដូច​ជា ឱ្យ​មានការ​បំបាត់​ហ្គេ​ម​បាញ់​ត្រី ដែល​កើត​មាននៅ​ក្នុង​សង្កាត់​ទឹកល្អក់​ទី​២ សុំ​ឲ្យ​ជួសជុល​សួនច្បារ​ចេ​ន​ឡា ការ​ជួសជុល​លូ ផ្លូវ និង​សុំ​ឱ្យ​ដោះស្រាយ​បញ្ហា​សំរាម​ជាដើម ។

ចុងបញ្ចប់​នៃ​វេទិកាសាធារណៈ​នេះ លោក​អភិបាល​រាជធានី​ភ្នំពេញ​បញ្ជាក់​ថា រាល់​សំណើ​និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ទាំងអស់​សាលា​រាជធានី​ភ្នំពេញ​នឹង​ប្រគល់​ទៅ​ឱ្យ​ជំនាញ​នីមួយ​ៗ​ដើម្បី​ដោះស្រាយ​ភ្លាម​ៗ ជូន​ប្រជាពលរដ្ឋ​ហើយ​ចំណុច​ដែល​ដោះស្រាយ​មិន​បាន​ភ្លាម យើង​នឹង​រួម​គ្នា​ដោះស្រាយ​ជា​បន្ត​ទៀត​នៅ​ថ្ងៃក្រោយ ៕