ក្រុមហ៊ុន​ស្ករស​​ត្រៀម​ផ្តល់​សំណងដល់អ្នក​​​រង​​​ការ​​​​បណ្តេញចេញ​

គណៈកម្មការ​ជាតិទទួល​​​បន្ទុក​សិទ្ធិមនុស្ស​របស់​​ថៃ​បាន​ប្រកាស​កាលពី​ម្សិលមិញ​ថា ក្រុម​ហ៊ុន​ Mitr Phol ជា​ក្រុម​ហ៊ុន​​ស្ករស​ដ៏ធំ​របស់​ ថៃ​​បាន​ជួល​ក្រុម​ហ៊ុន​ស្វ៊ីស​​ឲ្យ​ធ្វើ​ការ​វាយ​តម្លៃ​អំពី​​ការ​​​ខូច​ខាត​ ហើយ​បាន​ព្រមព្រៀង​​​ផ្ដល់​សំណង​​​ដល់​​​​ប្រជាជន​រាប់​រយ​គ្រួសារ​​​ដែល​​​ក្រុមហ៊ុន​​​នេះ​​​បាន​ប្លន់​យក​ដី​របស់​​ពួកគាត់​​​​នៅក្នុង​​​ខេត្ត​​​ឧត្តរមានជ័យ​​​។​​​​​

ប៉ុន្តែ​​បើ​យោង​តាម​អង្គការ​សមធម៌​កម្ពុជា ​ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល​​ក្នុង​ស្រុក​​​ដែល​ជួយ​ដល់​គ្រួសារ​ទាំង​នោះ​បាន​ឲ្យ​ដឹង​ថា រដ្ឋា​ភិបាល​កម្ពុជា​មិន​ទាន់​បាន​ផ្ដល់​ការ​អនុញ្ញាត​ឲ្យ​ក្រុម​ហ៊ុន​ស្វ៊ីស​នេះ​ចាប់​ផ្ដើម​​​ធ្វើ​​​ការ​​​វាយ​​​តម្លៃ​​​​នៅ​ឡើយ​ទេ។

លោក​​ នីរុន ភីតាក់​វ៉ាតចារា៉ (Nirun Phitakwatchara)សមាជិក​គណៈកម្មការដែលចុះមក​មើល​នេះ​​​​បាន​ធ្វើ​ការ​ប្រកាស​ពី​ការ​ផ្លាស់​ប្ដូរ​ទាំង​ស្រុង​របស់​ក្រុម​ហ៊ុន Mitr Phol ​ដំណាល​គ្នា​​​នឹង​ការ​ចាប់​ផ្ដើម​ធ្វើ​របាយការណ៍​របស់​គណៈកម្មការ​នេះ​​​​​​ទាក់​​​ទិន​​​នឹង​​​​​​​ប្រតិបត្តិការ​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​របស់​ក្រុមហ៊ុននេះ​។​​​

លោក​​លើក​ឡើង​នៅ​សន្និសីទ​កាសែត​​​មួយ​​ក្នុង​រាជធានី​ភ្នំពេញ​ថា ”​យើង​រក​ឃើញ​ថា មាន​ការ​រំលោភ​បំពាន​សិទ្ធិ​សហគមន៍​​ក្នុង​ការ​​ប្រកប​របប​ចិញ្ចឹម​ជីវិត​​ចេញ​ពី​​ដី​ដែល​ពួកគាត់​បាន​ប្រើ​​ប្រាស់​។ ការ​រំលោភ​​បំពាន​ទាំង​ នេះ​រួម​មាន​ការ​រុះ​រើ​ និង​​ដុត​បំផ្លាញ​​​​​​​ផ្ទះ​សំបែង​ជាច្រើន​​ខ្នង​​ស្ថិត​ក្នុង​ភូមិ​ចំនួន​​ប្រាំ​​ខុសៗ​គ្នា​”។

លោក នីរុន បាន​ថ្លែង​ថា ​”​សិទ្ធិ​ទី២ ​​[ដែល​ត្រូវ​បាន​រំលោភ​បំពាន​] គឺ​​សិទ្ធិ​ក្នុង​ការ​ទទួល​បាន​​ការ​អភិវឌ្ឍ។ យើង​ដឹង​ថា គោល​នយោ​បាយ​របស់​រដ្ឋាភិបាល​​​តម្រង់​គោល​ដៅ​ទៅ​លើ​​ទុន​ធំ ការ​វិនិយោគ​ធំៗ…។ ត្រូវ​តែ​មាន​តុល្យភាព​រវាង​​ពាណិជ្ជកម្ម​ធំៗ និង​សិទ្ធិ​របស់​ប្រជាជន​​ដែល​រស់​នៅ​ក្នុង​តំបន់​ទាំងនោះ”។

ក្រុម​ហ៊ុន Mitr Phol ដែល​​​ជាក្រុម​ហ៊ុន​មួយ​ក្នុង​ចំណោម​​ក្រុម​​ហ៊ុន​ផ្គត់ផ្គង់​ធំៗ​របស់​កូកា កូឡា​ បាន​ជួល​ចម្ការ​ចំនួន​បី​​គ្រប​ដណ្ដប់​លើ​ផ្ទៃ​ដី​សរុប​២០.០០០​ហិកតា​ក្នុង​ឆ្នាំ​២០០៨។ អង្គការ​សិទ្ធិ​មនុស្ស​​បាន​ចោទ​ប្រកាន់​ក្រុម​ហ៊ុន​នេះ​ថា បាន​បង្ខំ​អ្នក​ភូមិ​ប្រហែល​២.០០០​​​​គ្រួសារ​​ឲ្យ​ចាក​ចេញពី​ចម្ការ​ និង​ផ្ទះ​សំបែង​របស់​ខ្លួននៅក្នុង​ដំណើរ​ការ​នោះ ដែល​ជា​រឿយ​ៗ មាន​ជំនួយ​ពី​អាជ្ញាធរ​មូលដ្ឋាន​ ដែល​បាន​ដុត​បំផ្លាញ​ផ្ទះ​របស់​ពួកគាត់ និង​ចាប់​មនុស្ស​​​ជាច្រើន​​​ដាក់​ពន្ធនា​គារ​​​ចំពោះការ​ព្យាយាម​តតាំង​។

ក្រុម​ហ៊ុន Mitr Phol ​ដែលបាន​សម្រេច​ប្រគល់​ចម្ការ​របស់​ខ្លួន​ទៅ​ឲ្យ​​រដ្ឋ​វិញ​កាលពី​ចុង​ឆ្នាំ​មុន​ ​បាន​រាន​ដី​​អស់​យ៉ាង​ច្រើន​ ប៉ុន្តែ​បាន​ដាំ​អំពៅ​តិច​តួច​​ប៉ុណ្ណោះ។ យោង​តាម​រដ្ឋាភិបាល​ដែល​បានលុបចោល​​កិច្ច​សន្យា​ជួល​នេះ​ជាផ្លូវ​ការ​កាលពី​ខែ​មីនា​បាន​ឲ្យ​ដឹង​ថា ក្រុម​ហ៊ុន​នេះ​បាន​ដក​ខ្លួន​ចេញ​ដោយ​សារ​​​មាន​សម្ពាធ​ខ្លាំង​ បង្ក​ឡើង​ដោយ​ការ​បណ្ដេញ​​ចេញ​នេះ។

ក្រុម​ហ៊ុន​ Mitr Phol មិន​ដែល​ទទួល​ស្គាល់​ជា​សាធារណៈ​ពី​កំហុស​​ណាមួយ​ឡើយ ហើយ​​មិន​អើ​ពើ​នឹង​សំណើ​ជាច្រើន​លើក​សុំ​អត្ថា​ធិប្បាយ​រយៈ​ពេល​ច្រើន​ឆ្នាំ​មក​ហើយ។

ទោះ​ជា​យ៉ាង​ណា កាលពី​ម្សិលមិញ​លោក ​​នីរុន បាន​ថ្លែងថា ​នៅ​ជំនួប​ថ្មី​បំផុត​របស់​លោក​​ជាមួយ​​បុគ្គលិក​ក្រុម​ហ៊ុន​ Mitr Phol ​ ពួកគេ​ទទួល​​​ស្គាល់​ថា គ្រួសារ​ជា​ច្រើន​​ត្រូវ​បាន​ធ្វើ​បាប ហើយ​បាន​យល់​ព្រម​​ “​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ខូច​ខាត​​ដែល​បង្ក​ឡើង​ដោយ​ប្រតិ​បត្តិការ​របស់​ពួកគេ”។

លោក​បាន​ថ្លែង​ថា ពួកគេ​ថែម​ទាំង​បាន​​ជួល​ក្រុម​ហ៊ុន​ស្វ៊ីស​ ជា​ក្រុម​ហ៊ុន​គ្រប់​គ្រង​បរិស្ថាន​អន្តរជាតិ​សម្រាប់ “ការ​វាយ​តម្លៃ​អំពី​ការ​​ខូច​ខាត” រយៈពេល​៦ខែ​​​ទៅ​លើ​​អតីត​ចម្ការ​របស់​ពួកគេដើម្បី​ជួយ​សម្រេច​ពី​ការ​ផ្ដល់​សំណង​ដល់​គ្រួសារ​ទាំង​នោះ​។

ប៉ុន្តែ​លោក អ៊ាង វុទ្ធី នាយក​អង្គការ​សម​ធម៌​​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​កម្ពុជា​បាន​​រារាំង​ក្រុម​ហ៊ុន​​ស្វ៊ីស​នេះ​មិន​ឲ្យ​ចាប់​ផ្ដើម​ឡើយ។ លោក​​ថ្លែង​ថា អភិបាល​ខេត្ត​ឧត្ដរ​​​មានជ័យ​​​បាន​​បដិសេធ​​មិន​អនុញ្ញាត​ឲ្យ​ក្រុម​ហ៊ុន​នេះ​ចាប់​ផ្ដើម​ការងារ​ប្រហែល​២​ខែ​មក​ហើយ​ ពីព្រោះ​ក្រុម​ហ៊ុន​មិន​បាន​ទទួល​ភ្លើង​ខៀវ​​ពី​រដ្ឋាភិបាល​​ ហើយ​ថា ក្រសួង​កសិ​កម្ម​មិន​ទាន់​ឆ្លើយ​តប​ចំពោះ​សំណើ​របស់​ក្រុម​ហ៊ុន​នេះ​នៅ​ឡើយ​ទេ។អ្នក​នាំពាក្យ​ក្រសួង​នេះ​មិន​អាច​​​ទាក់​ទង​សុំ​​​អត្ថាធិប្បាយ​បាន​ទេ។

ក្រុម​គ្រួសារ​ជាច្រើន​ដែល​ជួប​ទុក្ខ​លំបាក​ក៏​​បាន​ដាក់​សំណើ​ទៅ​​ក្រសួងនេះ​​ដើម្បី​ទាម​ទារ​​​​ដីចម្ការ​ចាស់​​របស់​ពួកគាត់​វិញ ដោយ​ក្រុម​​ហ៊ុន Mitr Phol បាន​ចាក​ចេញទៅ​ហើយ​។

ទោះ​ជាយ៉ាង​ណា លោក ស្មិន តេ ដែល​បាន​បាត់​បង់​ចម្ការ​របស់​គាត់​​​​​​ដោយ​​​សារ​​​​​​​ចម្ការ​មួយ​​​ក្នុង​ចំណោម​ចម្ការ​របស់​ក្រុម​ហ៊ុន​​ Mitr Phol បាន​និយាយ​ថា ក្រសួង​មិន​បាន​ឆ្លើយ​តប​ចំពោះ​​​សំណើ​របស់​​គាត់​​​​​ឡើយ​​​។

អ្នកស្រី ហួយ ម៉ៃ ដែលក៏​ត្រូវ​បាន​បណ្ដេញ​​​​ចេញពី​​ដី​របស់​គាត់ដោយ​ក្រុម​ហ៊ុន​នេះ​​​បាន​និយាយ​ថា ការ​រង​ទុក្ខ​សម្រាប់​ក្រុម​គ្រួសារ​របស់​គាត់​គ្មាន​ទីបញ្ចប់។

អ្នក​ស្រី​​និយាយ​ថា “​យើង​​ជួប​ការ​លំបាក​ខ្លាំង​ណាស់។ ការ​ចិញ្ចឹម​ជីវិត​របស់​យើង​កាន់​តែយ៉ាប់យ៉ឺនទៅៗ។ យើង​គ្មាន​​បាយ​​ហូប​​ឡើយ ​យើង​ចែក​​បាយ​គ្នា​ហូប ហើយ​យើង​បាន​ឲ្យ​​​ កូនៗ​របស់​​យើង​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ដើម្បី​ផ្ញើ​ប្រាក់​ត្រឡប់​មក​វិញ”។ អ្នកស្រី​បាន​បន្ថែម​ថា ក្រុម​ហ៊ុន​មិន​ទាន់​បាន​ផ្ដល់​សំណង​ណាមួយ​ដល់​អ្នកស្រី​ឡើយ៕ សារុន​​​

The post ក្រុមហ៊ុន​ស្ករស​​ត្រៀម​ផ្តល់​សំណងដល់អ្នក​​​រង​​​ការ​​​​បណ្តេញចេញ​ appeared first on ខេមបូឌា ដេលី.