បារមី​អ្នកតា​ដើម​គគីរ​លើក​ក្រឡាប់​រថយន្ត​ស្ទូច

បារមី​អ្នកតា​ដើម​គគីរ​លើក​ក្រឡាប់​រថយន្ត​ស្ទូច

ខេត្តក្រចេះ ៖ រថយន្ត​ស្ទូច​ធុន​ធំ​មួយ​គ្រឿង បាន​ផ្កាប់មុខ​បះ​គូទ​គ្រហីត ខណៈ​កំពុង​អារផ្តាច់ និង​ស្ទូច​ដើម​គគីរ​ធំ​មួយ​ដើម នៅ​ក្បែរ​សាលាស្រុក​ស្នួល ដែល​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ឧប្បត្តិ​ហេតុនេះ​បណ្តាល​មក​ពី​ខុស​បច្ចេកទេស ។ ប៉ុន្តែ​អ្នកស្រុក ដែល​មាន​ជំនឿ​អរូបី បាន​និយាយ​ថា ដោយសារ​តែ​បារមី​អ្នកតា​ដើម​គគីរ​ខឹងសម្បារ នឹង​ការ​កាប់​ផ្តួល​វិមាន​របស់​គេ ហើយ​ម្យ៉ាង​ទៀត មុន​ពេល​កាប់​​ផ្តួល មិន​បាន​រៀបចំ​ធ្វើ​ពិធី​ឲ្យ​បាន​ត្រឹមត្រូវ ទើប​ធ្វើ​ឱ្យ​រថយន្ត​ស្ទូច​នេះ​ក្រឡាប់​ស្រស់​ៗ ។

ការ​ក្រឡាប់​រថយន្ត​ស្ទូច​នេះ នៅ​ពេល​កំពុង​តែ​អារកាត់ និង​ស្ទូច​ដើម​គគីរ​ធំ​មួយ​ដើម​ក្នុង​ចំណោម​ដើម​គគីរ​ធំ​ៗ​ជា​ច្រើន​ដើម ដែល​នៅ​ទល់មុខ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្នួល ជាប់​ចិញ្ចើម​ផ្លូវជាតិ និង​ស្ថិត​នៅ​ក្បែរ​ចំណតរថយន្ត បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក នៃ​ថ្ងៃ​ទី​២៨ តុលា នៅ​ពេល​គេ​ឃើញ​រថយន្ត​ស្ទូច​មួយ​គ្រឿង​នេះ​ក្រឡាប់​ដាំទីង​បះ​គូទ​ឡើង​លើ​ គ្រហីត ។ ទាក់ទង​នឹង​ហេតុការណ៍​នេះ លោក ចាន់ សុ​គី​ម អធិការ​នគរបាល​ស្រុក​ស្នួល បាន​បញ្ជាក់​ថា ឧប្បត្តិ​ហេតុនេះ​បណ្តាល​មក​ពី​ខុស​លក្ខណ​បច្ចេកទេស ហើយ​​ហេតុការណ៍​នេះ​ក៏​មិន​បាន​បង្ក​ឱ្យ​អ្នក​ណា​ម្នាក់​គ្រោះថ្នាក់​ដែរ ។

ចំណែកឯ​អ្នកស្រុក​ចាត់​ទុក​ថា ករណី​នេះ​អាច​បណ្តាល​មក​ពី​បារមី​អ្នកតា​ដើម​គគីរ​ខឹងសម្បា ព្រោះ​ដើម​គគីរ​នេះ​មាន​អាយុកាល​រាប់រយ​ឆ្នាំ​មក​ហើយ នៅ​ពេល​កាប់​ផ្តួល​មិន​បាន​រៀបចំ​ធ្វើ​ពិធី ឲ្យ​បាន​សមរម្យ​ជា​តង្វាយ​ដល់​អ្នក​ថែរក្សា ។ គួរ​រំឭក​ថា កន្លង​មក​ធ្លាប់​មាន​ឧប្បត្តិហេតុ​ជា​ញឹកញាប់​ពី​ដើម​គគីរ​ធំ​ៗ​ទាំងនេះ ដែល​បណ្តាល​មក​ពី​ការ​បាក់មែក ធ្លាក់​ធ្វើ​ឱ្យ​អ្នកដំណើរ និង​ប្រជាពលរដ្ឋ​ដែល​លក់ដូរ​នៅ​ក្រោម​ដើម​គគីរ​នោះ មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​របស់​ពួក​គាត់ ទើប​អាជ្ញាធរ​ស្រុក​សម្រេច​កាប់​ចេញ ។

ម្យ៉ា​ង​ទៀត កាលពីដើម​ខែកក្កដា​កន្លង​ទៅ មាន​មន្ត្រី​នគរបាល​ម្នាក់​បាន​រង​របួសធ្ងន់ បែកក្បាល និង​បាក់​ភ្លៅ​ខាងស្តាំ ខណៈ​កំពុង​ឈរ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ផ្លូវ ក៏​ត្រូវ​មែក​គគីរ​ធំ​មួយ​មែក បាក់​ធ្លាក់​សង្កត់​លើ ៕