សារាយ ស​ក្ខ​ណា ត្រៀម​វេចសម្ពាយ​មក​ស្រុក​

Sanofi

​សិល្បការិនី ដែល​បាន​រៀបការ​មាន​ស្វាមី និង ចេញ ទៅ​រស់នៅ​ក្រៅប្រទេស មាន​ច្រើន​ជា​ហូរហែ ប៉ុន្តែ​ពួកគេ​កម្រ​នឹង​ត្រឡប់​មកលេង​ស្រុកកំណើត​ណាស់ យូរៗ​ទើប​ពួកគេ​មកលេង​ស្រុក​ម្តង ។ ដោយឡែក​អតីត​តារា​សម្តែង​សម្បុរ​ស្រអែម សារាយ ស​ក្ខ​ណា វិញ បែរជា​ចេញទៅ​រស់នៅ​តាម​ស្វាមី​ដល់​ទឹកដី​សហរដ្ឋ​អា​មេ​រិ​ក បាន​រយៈពេល​ទើបតែ​ពីរ​ឆ្នាំ​ប៉ុណ្ណោះ នៅតែ​ឆ្លៀតពេល​មកលេង​ស្រុកកំណើត​មួយឆ្នាំ​ម្តង ។

បើតាម​ប្រភពព័ត៌មាន​ពី​ក្រុមគ្រួសារ​របស់ សារាយ ស​ក្ខ​ណា បានបញ្ជាក់​ប្រាប់ថា សារាយ ស​ក្ខ​ណា គ្រោង​នឹង​មកលេង​ស្រុក​ខ្មែរ​សាជាថ្មី​ម្តងទៀត នៅ​ខែមករា ឆ្នាំ ២០១៦ ។ ឆ្លៀត​ពេលនោះ នាង​ក៏ត្រូវ​ថត​រឿង​ថ្មី​ចំនួន​ពីរ​រឿង​ជាប់ៗ​គ្នា ។ សារាយ ស​ក្ខ​ណា ពិត​ជាមាន​យីអ៊ុន​ល្អ​ណាស់ មិន​ត្រឹមតែ​បាន​មកលេង​ស្រុក​នោះទេ ថែមទាំង​បាន​ចំណេញ​ប្រាក់​ត្រឡប់​ទៅវិញ​ទៀត ។​

សារាយ ស​ក្ខ​ណា បាន​បោះបង់​អាជីព​សិល្បៈ​ដើម្បី​ចេញទៅ​រស់នៅ​តាម​ស្វាមី​នៅ​អាមេរិក ជីវិត​គ្រួសារ​របស់​នាង​កាន់​តែមាន​សុភមង្គល ក្រោយពី​ទទួលបាន​កូនស្រី​ម្នាក់​ជា​ចំណងដៃ​នាំ​ឲ្យ​ស្វាមី​របស់​នាង​កាន់តែ​ស្រឡាញ់​ថ្នាក់ថ្នម​នាង​ទ្វេដង ដោយ​មិន​ចង់​ឲ្យ​នាង​ប្រក​បរបរ​អ្វី​ទាំងអស់ ក្រៅពី​រៀន​ភាសា​បន្ថែម និង ធ្វើជា​ភរិយា​ដ៏​ល្អមើល​ការខុសត្រូវ​ក្នុងផ្ទះ និង កូន​ជាទី​ស្រឡាញ់ ។ រាល់ពេល​ទំនេរ សារាយ ស​ក្ខ​ណា និង ស្វាមី​តែងតែ​ចំណាយពេល​វេលា​ដើរ​កម្សាន្ត​នៅតាម​តំបន់​កម្សាន្ត​នានា នៅ​រដ្ឋ​ម៉ាស្សាឈូសេត​រួចហើយ​បង្ហាញ​រូបភាព​ផ្អែមល្ហែម​ជាមួយ​ស្វាមី​នៅលើ​ទំព័រ Facebook របស់ខ្លួន​ឲ្យ​ទស្សនិកជន​ក៏ដូចជា​មិត្តភក្តិ​សិល្បៈ​បានឃើញ មើលទៅ​ការរស់នៅ​របស់​នាង​ពោរពេញ​ទៅដោយ​ក្តី​សុខ​ធ្វើ​ឲ្យ​សិល្បការិនី​ជាច្រើន​ច្រណែន​នឹង​វាសនា​នាង ។

មកទល់ពេលនេះ​កូនស្រី​ជាទី​ស្រឡាញ់​របស់ សារាយ ស​ក្ខ​ណា មាន​វ័យ​ជាង ៦ ខែ​ហើយ តែ សារាយ ស​ក្ខ​ណា នៅតែមាន​រូបរាង​តូច​ស្រ​ឡូ​ន​មិនមាន​អ្វី​ប្រែប្រួល​ទេ ផ្ទុយទៅវិញ​សម្រស់​របស់​នាង​កាន់តែ​ស្រស់ស្អាត​ជាង​មុន​ទ្វេដង ។ ដោយសារ​មើលឃើញថា សារាយ ស​ក្ខ​ណា នៅមាន​រូបរាង​ស្រ​ឡូ​ន និង មាន​សម្រស់​ស្រស់ស្អាត​បានធ្វើ​ឲ្យ​ម្ចាស់​ផលិតកម្ម​មួយចំនួន​ដែល​ធ្លាប់​ហៅ​នាង​ថត​រឿង​បាន​ទាក់ទង​ចង់​ឲ្យ​នាង​ថត​រឿង​មួយចំនួន​ក្នុងពេលដែល​នាង​មកលេង​ស្រុក​ខ្មែរ ពីព្រោះ សារាយ ស​ក្ខ​ណា មាន​ទេពកោសល្យ​សម្តែង​ល្អ ដែល​ពិបាក​នឹង​រក​តួ​ណា​មក​ប្រៀបប្រដូច​បានឡើយ ទោះបីជា​នាង​មាន​ស្វាមី និង កូន​រួចហើយ​ក្តី នាង​នៅតែ​ទទួលបាន​តំណែង​ជា​តួឯក​ស្រី​ដូច​សព្វដង ។

គួរបញ្ជាក់​ផងដែរ​ថា សារាយ ស​ក្ខ​ណា ធ្លាប់បាន​មកលេង​ស្រុកកំណើត​ម្តង​រួចមកហើយ កាលពី​ខែកញ្ញា ឆ្នាំ ២០១៤ នាពេលនោះ ត្រូវបាន​ផលិតកម្ម​ជាច្រើន​ហៅ​នាង​ថត​ភាពយន្ត​ជា​បន្តបន្ទាប់​ទាំង​ការចេញ​ថត​នៅ​ប្រទេស​ថៃ ក៏ដូចជា​ថត​នៅក្នុង​ស្រុក ។ មាន​មិត្តភក្តិ​សិល្បៈ​ជាច្រើន​និយាយថា ស​ក្ខ​ណា ពិតជា​សំណាង​ណាស់​មិន​ត្រឹមតែ​បានមក​លេង​ស្រុក​ខ្មែរ​ទេ ថែមទាំង​ទទួលបាន​ប្រាក់ចំណេញ​ត្រឡប់ទៅផ្ទះ​វិញទៀត ។ សម្រាប់​ឆ្នាំ ២០១៦ វិញ ក៏​មិន​ខុសពី​ឆ្នាំមុន​ដែរ គ្រាន់តែ ស​ក្ខ​ណា មាន​គម្រោង​មកលេង​ស្រុក​ខ្មែរ​ភ្លាម​ស្រាប់​តែមាន​គេ​ទាក់ទង​នាង​ថត​ភាពយន្ត​ឲ្យ​គេ​ភ្លែត ហើយ​បើតាម​ដឹង​មាន​ផលិតកម្ម​បី​ហើយ ដែល​កក់​នាង​ដើម្បី​ថត​រឿង ។

ការត្រៀមខ្លួន​មក​ស្រុក​ខ្មែរ​របស់ សារាយ ស​ក្ខ​ណា លើក​នេះ​មិនមែន​ក្នុង​គោលបំណង​វេចសម្ពាយ​ត្រឡប់មក​រស់នៅ​ស្រុក​ខ្មែរ​វិញ​នោះទេ គឺ​នាង​មក​កម្សាន្ត និង នាំ​កូនស្រី​មក​ឲ្យ​ម្តាយ​របស់​នាង​មើល ។ ​ម្តាយ សារាយ ស​ក្ខ​ណា បានបញ្ជាក់​ប្រាប់ថា ស​ក្ខ​ណា ពិត​ជាមាន​គម្រោង​មកលេង​ស្រុក​ខ្មែរ​នៅ​ដើមខែ​មករា ឆ្នាំ ២០១៦ នា ពេល​ប៉ុន្មាន​ខែ​ខាងមុខនេះ​ពិតមែន ។ បើតាម​គម្រោង​នាង​មកលេង​ស្រុក​លើក​នេះ​មាន​រយៈ ពេល​ពីរ​ខែ ដោយ​នាង​មកជា​មួយ​ស្វាមី និង កូនស្រី ។ ក្រៅពី​មក​ដើរ​កម្សាន្ត​ជួបជុំ​ក្រុមគ្រួសារ ស​ក្ខ​ណា ក៏​ឆ្លៀតពេល​ថត​រឿង​ជាច្រើន​ឲ្យ​ផលិតកម្ម​មួយចំនួន ដែល​បាន​ទាក់ទង និង និយាយ​គ្នា​រួចរាល់​អំពី​តម្លៃ រង់ចាំតែ​ថ្ងៃ​នាង​មកដល់នឹង​ថត​ប៉ុណ្ណោះ ប៉ុន្តែ​មិនទាន់​ដឹង​ច្បាស់​ពី​ចំណងជើង​រឿង​នោះទេ ចាំ ស​ក្ខ​ណា មកដល់​សិន ។

សម្រាប់​តម្លៃ​ខ្លួន​ដែល ស​ក្ខ​ណា ត្រូវ​ថត​រឿង​ទាំងនោះ អ្នកស្រី​សុំ​មិន​និយាយ​អ្វី​ទាំងអស់ គ្រាន់តែ​ដឹងថា​តម្លៃ​សមរម្យ ។ ​តាមពិត សារាយ ស​ក្ខ​ណា មានបំណង​មកលេង​ស្រុក​ខ្មែរ​តាំងពី​ប៉ុន្មាន​ខែ​មុន​មកម្ល៉េះ តែដោយសារ​កូនស្រី​របស់​នាង​នៅ​ក្មេង​ពេក​មិនអាច​ធ្វើដំណើរ​ឆ្ងាយ​បាន ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​សុខភាព ទើប​នាង​ពន្យារ​ពេលវេលា​ទៅ​ខែមករា​ដើមឆ្នាំ ២០១៦ វិញ ។សារាយ ស​ក្ខ​ណា នៅ​ពុំទាន់​មានបំណង​ចង់យក​កូន​ជា​បន្តបន្ទាប់​ទៀត​នៅឡើយ​ទេ ពីព្រោះ​កូនស្រី​របស់​នាង​នៅ​ក្មេង មិនទាន់បាន​មួយឆ្នាំ​ផង បើ​យក​ម្នាក់ទៀត ច្បាស់​ជា​រវល់​ស្លាប់​ហើយ ។ម្យ៉ាងវិញទៀត នាង​ចង់​ចំណាយពេល​ដើម្បី​សិក្សា​ភាសា​អង់គ្លេស​ឲ្យ​បាន​ស្ទាត់ជំនាញ​សិន​ដូច​ដឹង​ស្រាប់​ហើយ​នៅ​ស្រុក​គេ បើ​មិនចេះ​ភាសា​គឺ​ពិតជា​ពិបាក​ខ្លាំងណាស់ ។ ម៉ា រី​សា​

 

  


Related