សមត្ថភាព និង​កេរ្តិ៍ឈ្មោះ​របស់​គ្រូពេទ្យ​កម្ពុជា នៅតែ​មិនទាន់​ស្តារឡើងវិញ​!

ភ្នំពេញ: ជា​យូរ​ឆ្នាំ​ណាស់​មកហើយ ដែល​គ្រូពេទ្យ​ក្នុងប្រទេស​កម្ពុជា មួយ​ភាគ​ធំ ត្រូវបាន​គេ​សង្ស័យ​លើ​សមត្ថភាព និង​កេរ្តិ៍ឈ្មោះ​។ ភាពល្បីល្បាញ​នោះ បាន​បន្ត​កើតមាន រហូតដល់​សព្វថ្ងៃ​។ សព្វថ្ងៃ សមត្ថភាព និង​កេរ្តិ៍ឈ្មោះ​របស់​ក្រុមគ្រូពេទ្យ​កម្ពុជា​មួយចំនួនធំ នៅតែ​មិនទាន់​អាច​ស្តារ​បាន​ឡើងវិញ នៅឡើយ​ទេ​។​

​ករណី​ជាក់ស្តែង​លើ​ស្ថានភាព​ជំងឺ​របស់​តំណាងរាស្ត្រ​ពីររូប មកពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាតុករ​វាយ​កាលពី​ថ្ងៃទី​២៦​តុលា គឺ​ការវិនិច្ឆ័យ​រោគ នៅ​ស្រុក​ខ្មែរ និង​នៅ​ស្រុកថៃ ត្រូវបាន​លោក​តំណាងរាស្ត្រ អេង ឆៃអ៊ាង លើកឡើងថា ខុសគ្នា​។ នោះ​គឺ​ស្ថានភាព​របួស​របស់លោក ញ៉យ ចំរើន និង​លោក គង់ សភា ត្រូវបាន​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ ធ្វើ​រោគវិនិច្ឆ័យ​ឃើញថា មិនមាន​សភាព​ធ្ងន់ធ្ងរ​ទេ ហើយ​ការព្យាបាល មិនចាំបាច់​ធ្វើការ​វះកាត់​ឡើយ​។​

​ផ្ទុយទៅវិញ លោក​អេង​ឆៃអ៊ាង ដែល​កំពុង​ស្ថិតនៅ​ប្រទេស​ថៃ ជាមួយ​តំណាងរាស្ត្រ​រងគ្រោះ​ទាំង​ពីររូប បាន​បញ្ជាក់ថា "​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ PHYATHAI 2 នៅ​ទីក្រុង​បាងកក បានធ្វើ​រោគវិនិច្ឆ័យ​ឃើញថា ស្ថានភាព​របួស​របស់​លោក ញ៉យ ចំរើន និង​លោក គង់ សភា មាន​សភាព​ធ្ងន់ធ្ងរ ដែល​ត្រូវធ្វើ​ការព្យាបាល ដោយ​ការវះកាត់​ជាបន្ទាន់ បើ​មិន​ដូច្នោះ​ទេ អ្នក​ទាំងពីរ​នឹងមាន​ពិការភាព​។ លោក ញ៉យ ចំរើន បើ​មិន​ធ្វើការ​វះកាត់​ទាន់ពេលវេលា​ទេ នឹង​ខូចដៃ​ស្តាំ និង​ភ្នែក​ខាងស្តាំ​។ ឯ​លោក គង់ សភា ក៏​ដូចគ្នា​ដែរ បើ​មិន​ធ្វើការ​វះកាត់​ទេ នឹង​ខូច​ឆ្អឹងច្រមុះ និង​ថ្លង់​"​។​

​ឆ្លងតាម​លទ្ធផល​នៃ​ការវិនិច្ឆ័យ​របស់​គ្រូពេទ្យ នៅ​ប្រទេស​កម្ពុជា និង​នៅ​ប្រទេស​ថៃ ខាងលើនេះ គេ​អាច​មើលឃើញ​ពី​សមត្ថភាព​ខុសគ្នា រវាង​គ្រូពេទ្យ​នៅ​ស្រុក​យើង​។

​ជាការ​ពិត ក្នុងសង្គម​កម្ពុជា បើសិនជា​អ្នកមានៗ គឺ​គេ​សុខចិត្ត​ជិះ​យន្តហោះ ទៅពិនិត្យ​ជំងឺ និង​ព្យាបាល​ជំងឺ នៅក្រៅ​ប្រទេស ដូចជា នៅ​ថៃ និង​សឹង្ហ​បុរី ជាដើម​។ រីឯ​អ្នកមាន​ទ្រព្យធន​មធ្យម គេ​នឹង​ជិះឡាន ចេញទៅ​ព្យាបាល​ជំងឺ នៅ​ប្រទេស​វៀតណាម​។​

​សម្រាប់​ពេទ្យ​ក្នុងស្រុក ត្រូវបាន​គេ​រិះគន់​ជា​ហូរ​ហែម​កថា ពូកែ​ខាង​ធ្វើ​លុយ និង​មាន​សេវា​មិនល្អ​។ ឈឺ​អី​បន្តិច រកតែ​វះកាត់ ដើម្បី​បាន​លុយ​ច្រើន​។ ងាក​ទៅ​ពេទ្យ​រដ្ឋ​វិញ មួយចំនួនធំ ក៏​ទទួលរង​នូវ​ការរិះគន់ មិនតិច​នោះទេ​។​

​សរុបមក ច្រើន​ឆ្នាំ​មកនេះ សមត្ថភាព និង​កេរ្តិ៍ឈ្មោះ​របស់​ក្រុមគ្រូពេទ្យ​កម្ពុជា មួយចំនួនធំ នៅតែ​មិនទាន់​អាច​ស្តារឡើងវិញ​បាន​។ ដូច្នេះ មានតែ​គ្រូពេទ្យ​ខ្លួនឯង​ទេ ត្រូវតែ​ខិតខំ​គោរព​ក្រមសីលធម៌​គ្រូពេទ្យ និង​មិនត្រូវ​យកចំណេញ​ខ្លាំង​ពេទ្យ​ពីមុខ​របរ​ពេទ្យ ដែល​ពួកគាត់ ខំរៀន​អស់​លុយ​ច្រើនជាង​មុខជំនាញ​វិជ្ជាជីវៈ​ដទៃទៀត​ពេក​នោះទេ​៕​