បាត់​ខ្លួន​នៅ​មាត់ទឹក​​រណ្តៅដី​​រកសព​​អត់​ឃើញ ​សាច់​ញាតិអុជ​ធូប​បួង​សួង​ស្រាប់តែ​អណ្តែត

ខេត្តសៀមរាប ៖ តាម​ប្រភព​ពី​មន្ត្រី​ជំនាញ​នគរបាល​ក្រុង​សៀមរាប​បាន​ប្រាប់​កោះសន្តិភាពនៅ​ព្រឹក​ថ្ងៃ​ទី​២៩​ ​តុលា ​២០១៥​នេះ​ថា​ បុរស​ដែល​បាត់​ខ្លួន​នៅ​មាត់​រណ្តៅ​ជីក​យក​ដី​លក់​​ កាលពី​ថ្ងៃ​ទី​២៨ ខែតុលា ​​​នោះ​សមត្ថកិច្ច​បាន​រក​ឃើញ​សព​ហើយកាល​ពី​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​២៩ តុលា នេះ​ បន្ទាប់ពី​​បងប្អូន​បាន​អុជ​ធូប​បួងសួង​សុំ​ឱ្យ​ឃើញ​សព។

គួរ​បញ្ជាក់​ផង​ដែរ​ថា បុរស​រង​គ្រោះ​បានបាត់​ខ្លួន​នៅ​មាត់​រណ្តៅ​តាំង​ពីម៉ោង​១១​ព្រឹក ​​​​ថ្ងៃ​ទី​២៨ តុលា ២០១៥​ ស្ថិត​​​ក្នុងភូមិ​កន្តក់​ថ្មី សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ​បន្ទាប់ពីផឹក​ស្រា​ស្រវឹងហើយត្រូវ​គេ​ឃើញ​ដើរ​ចូល​ទៅ​ក្នុង​ទឹក​រណ្តៅដី​។

បើ​តាម​ប្រភព​ពី​ប៉ុ​ស្តិ៍នគរបាល​ស្វាយ​ដង្គំ​បានឱ្យ​ដឹង​ថា ​សព​​​មានឈ្មោះ ភ័​ណ្ឌ ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កន្តក់​ថ្មី សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប​​។

ចំណែក​លោកស្រី ឈ្មោះ ខុ​ម ដែល​ត្រូវជា​ប្រពន្ធ​សព​ជន​រង​គ្រោះ​នោះ​បានឱ្យ​ដឹង​ថា ​ក្រោយ​ពេល​បាត់​ខ្លួន​​ភ្លាមៗ សមត្ថកិច្ច​ក៏​ដូច​ជា​​អ្នក​ភូមិ​ជួយ​តាម​រក​ដែរ ​​តែ​រក​មិនឃើញ​ គាត់​ក៏​ទៅ​រក​គ្រួ​ទាយ​មើល គ្រួ​ទាយ​បាន​ប្រាប់ឱ្យគាត់យក​បាយ​សម្លទៅ​សែន​នៅ​មុខ​រណ្តៅ​ដី​នោះ​ទៅ ព្រឹក​ទ្បើ​ង​នឹង​ឃើញ​សព​អណ្តែត​នៅ​មាត់​រណ្តៅ​ដី​នោះហើយ​។

​លោកស្រី​បាន​បន្ត​ថា លុះ​ព្រឹក​ទ្បើ​ង​ថ្ងៃ​ទី​២៨​ តុលា ​​ក្រុម​អ្នក​ភូមិ​ និង​គាត់បាន​យក​បាយ​សម្ល​​ទៅ​ដាក់​នៅ​មុខ​រណ្តៅ​ដី​នោះ រួច​នាំ​គ្នា​អុជ​អូ​ប ​​បួងសួង​ឱ្យ​ឃើញ​សព​ប្តី​របស់​គាត់​ ​។ ​មួយសន្ទុះ​ក្រោយ​មក​ស្រាប់​តែ​​ឃើញ​សព​អណ្តែត​នៅ​មាត់​រណ្តៅ​ដី​នោះ​ពិត​ដូច​គ្រូទាយ​​នោះថា​មែន ហើយ​ក៏​នាំ​គ្នា​ស្រង់​សព​ទ្បើ​ង​មក​លើគោក​ដើម្បី​ឱ្យ​សមត្ថកិច្ច​ធ្វើ​កោសល្យ​វិ​ច័យ​បន្ត​ទៀត​ក្រែង​ល​ជា​អំពើ​ឃាតកម្ម​ទៅ​លើ​ប្តី​របស់​គាត់​។

បច្ចុប្បន្ន​សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ធ្វើ​កោសល្យ​វិ​ច័យ​សន្និដ្ឋាន​ថា សព​នេះ​ពិតជា​លង់ទឹក​ស្លាប់​ពិតប្រាកដ​មែន មិនមែន​ជា​ឃាតកម្ម​គិត​ទុកជា​មុន​នោះ​ទេ​៕    ​