High season ចូលមក​ដល់​តែ​ចំនួន​ភ្ញៀវ​មិនទាន់​ងើប​នៅឡើយ

សៀមរាប៖ High season ឫ​ខែ​ភ្ញៀវ បាន​ចូលមក​ដល់​ហើយ​សម្រាប់​ខេត្តសៀមរាប។ យ៉ាងណា ចំនួន​ភ្ញៀវទេសចរ ហាក់​នៅមាន​តិចតួច​នៅឡើយ ជារួម​ចំនួន​នេះ​នៅ​មិនទាន់​ងើប​ខ្លាំង​នោះទេ បើ​ប្រៀប​នឹងឆ្នាំមុនៗ ។

នៅ​ខេត្តសៀមរាប ដែលជា​ខេត្ត​ទេសចរណ៍​លេខ​មួយ​របស់​កម្ពុជា ត្រូវគេ​ចែកជា​ពីរ​ខែ។ ទីមួយ​គឺ​ខែ​សម្បូរ​ភ្ញៀវ ឫ​ហៅ High season។  ខែ​នេះ​ជា​រដូវប្រាំង និង​សម្បូរ​ភ្ញៀវទេសចរ​ច្រើន។ ទី​ពីរ ខែ​ខ្សត់​ភ្ញៀវ ឫ​ហៅ Low season។ ខែ​នេះ​ចូលដល់​ខែវស្សា ហើយ​មាន​អ្នកទេសចរ​តិចតួច​ប៉ុណ្ណោះ ដែល​និយម​ដើរ។

មកដល់​ចុងខែ​តុលា​នេះ ខែ​ភ្ញៀវ​របស់​ខេត្តសៀមរាប បាន​ចូល​មកវិញហើយ។ ចូល​តែ​រដូវ​កាល តែ​ចំនួន​ភ្ញៀវ​ត្រូវគេ​មើលឃើញថា មិនទាន់​ចូល​នោះទេ។ នៅតាម​ប្រាសាទ ឫ​តំបន់​ទេសចរណ៍​ខ្លះ ក្នុង​ខេត្តសៀមរាប ហាក់​នៅ​ស្ងប់ស្ងាត់​នៅឡើយ។ ទាំង​មគ្គុទ្ទេសក៍​ទេសចរណ៍ និង​អ្នករត់​រ៉ឺម៉ក ខ្លះ​ក៏បាន​ដឹង និង​ខ្លះ​ពុំ​បានដឹង​ពិតប្រាកដ ចំពោះ​មូលហេតុ​ទាំងនេះ​ទេ។

សម្រាប់​លោក ប៉ឹ​ក ថុល យល់ថា ខែ​ភ្ញៀវ​គឺ​រាប់​ចាប់ពី​ខែ សីហា ឫ​ខែកញ្ញា​មក។ យ៉ាងណា​លោក​មើលឃើញថា ភ្ញៀវទេសចរ​គិត​ត្រឹម​ខែតុលា​នេះ ខុសគ្នា​ស្រលះ​នឹង​រយៈពេល​ដូចគ្នា កាលពីឆ្នាំមុនៗ គឺ​នៅមាន​តិចតួច​នៅឡើយ។ ទេសចរ​ដែល​លោក ថុល កត់សម្គាល់ថា​មាន​ចំនួន​ច្រើនជាងគេ​នៅ​ខែ​នេះ គឺ​ជន​ជាតិចិន ហើយ​ទេសចរ​កូរ៉េ រៀង​ថមថយ​បន្តិច។ លោក ថុល ពន្យល់​ពី​មូលហេតុ យ៉ាង​ដូច្នេះ​ថា៖« ទាក់ទង​នឹង​ជំងឺ​នៅ​កូរ៉េ​ខ្លះទៅ គួបផ្សំ​រឿង​នៅ​ព្រលាន​ខ្មែរ​ខ្លះ។ ទាក់ទង​នឹង​ព្រលាន​នៅ​ខ្មែរ ប៉ូលិស​គាត់​គាប​យកលុយ​ពី​ភ្ញៀវ​កូរ៉េ​ពេក»។ ឆ្នាំទៅ​ធ្លាក់​បន្តិច តែ​ឆ្នាំនេះ កាន់តែ​ធ្លាក់​ជាង​ឆ្នាំ​ទៅទៀត។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក ថុល មគ្គុទ្ទេសក៍​ទេសចរណ៍​ភាសា​កូរ៉េ និង​ជា​ប្រធាន​សមាគម​ទ្រទ្រង់​ក្តីសង្ឃឹម មគ្គុទ្ទេសក៍​ភាសា​កូរ៉េ។

«សម្រាប់​ភ្ញៀវ​ជប៉ុន ចាប់ពី​ខែ១១ទៅ នឹង​ឡើង​មកវិញតិច»។ ក្នុងន័យនេះ មគ្គុទេសក៍​ភាសា​ជប៉ុន លោក វ៉ាន់ដា ចង់​បញ្ជាក់ថា នៅ​ខែ​នេះ​លោក​មិនទាន់មាន​ភ្ញៀវ​ច្រើន​ដូចគ្នា។ មិន​ត្រឹមតែ​ភ្ញៀវ​ជប៉ុន​ទេ ដែល​លោក វ៉ាន់ដា កត់សម្គាល់​ឃើញថា មាន​សកម្មភាព​ងើបឡើង​បន្តិចបន្តួច ក្នុងនោះ​រាប់ទាំង​ភ្ញៀវ​ជនជាតិ​ផ្សេង​ទៀតផង ហើយ​មូលហេតុ គឺ​ដោយសារ បញ្ហា​អស្ថេរភាព​សង្គម​នៅក្នុង​ប្រទេស​ថៃ ដែលមាន​កា​រប​ន្ទុះ​គ្រាប់បែក​នៅ​កណ្តាល​ក្រុង​បាងកក កាលពី​ពាក់កណ្តាល​ខែសីហា​កន្លង​ទៅ។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប មិនអាច​ទាក់ទង​បានទេ ជុំវិញ​បញ្ហា​នេះ។ ប៉ុន្តែ​សម្រាប់​លោក ផាវ ព្រឿ​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ប្រចាំ​ខេត្តសៀមរាប កំពុង​ដេក​ឆ្ងល់។ ក្រៅពី​លើក​ហេតុផល​មួយចំនួន ដែល​អាចមាន​ឥទ្ធិពល ប៉ះពាល់​ដល់​វិស័ស​ទេសចរណ៍​កម្ពុជា ដែល​រួមមាន កា​រប​ន្ទុះ​គ្រាប់បែក​នៅ​ថៃ បញ្ហា​សេដ្ឋកិច្ច​នៅលើ​ពិភពលោក​ហើយ​នោះ លោក ព្រឿ​ន បញ្ជាក់ថា ដោយសារ​បញ្ហា​ផ្ទៃក្នុង​ផង ទើប​ធ្វើ​ឲ្យ​ភ្ញៀវ​ធ្លាក់​បែបនេះ។ បញ្ហា​ផ្ទៃក្នុង ដែល​លោក ព្រឿ​ន ចង់​បញ្ជាក់​នោះ រួមមាន ការដំឡើង​តម្លៃ​កញ្ចប់​ទេសចរណ៍ និង​ការឡើង​ថ្លៃ​របស់​ក្រុម​មគ្គុទ្ទេសក៍​ទេសចរណ៍​ជាដើម។

លោក ព្រឿ​ន បញ្ជាក់បន្ថែម៖« បញ្ហា​សណ្ឋាគារ រមណីយដ្ឋាន កន្លែង​ខ្លះ ពិបាក ត្រូវ​ការចាយ​ច្រើន ទើប​ក្រុមហ៊ុន​ដំឡើងថ្លៃ។ ភ្ញៀវ​ខ្លះ​ឃើញបែបនេះ ថា​ថ្លៃ​ពេក ក៏​កាត់បន្ថយ​ការ​ទស្សនា។ គេ​មិន​មក​យើង ប៉ុន្តែ​គេ​អាច​ទៅ​ប្រទេសជិតខាង ដែល​គេ​ធូរ​ជាង​យើង។ អាច​ថា ភ្ញៀវ​ខ្លះ​ធ្វើដំណើរ​ក្នុង​តំបន់​ក្នុងប្រទេស​របស់​ពួកគេ​ក៏បាន»។
 

រាប់​ចាប់ពី​ថ្ងៃទី១ ខែតុលា​មក ខែ High season  បាន​ចូលមក​ដល់​ហើយ។ បច្ចុប្បន្ន​ភ្ញៀវទេសចរ​ចិន​គឺមាន​ចំនួន​ច្រើនជាងគេ ដែល​មក​ទស្សនា​ខេត្តសៀមរាប។ ក្រៅពីនោះ មាន​កូរ៉េ ថៃ វៀតណាម និង​អឺរ៉ុប។ ដោយឡែក ទេសចរ​ជនជាតិ រុស្ស៊ី គឺមាន​ការធ្លាក់​ខ្លាំង ក្នុងចំណោម​ភ្ញៀវទេសចរ​ទាំងអស់។ បញ្ហា​នេះ អាចទាក់ទង​នឹង​ការដំឡើងថ្លៃ​សេវា​កញ្ចប់​ទស្សនា​ដូចគ្នា។

ក្រៅពី​ងឿងឆ្ងល់​ហើយ លោក ព្រឿ​ន បញ្ជាក់ថា លោក​កំពុង​ជួបប្រជុំគ្នា​រក​ដំណោះស្រាយ ដើម្បី​ស្ថា​រ​ស្ថានភាព និង​ធ្វើយ៉ាងណា​ឲ្យ​ទេសចរ ស្ទុះ​ងើបឡើង​វិញ។ ដើម្បី​អាច​ជោគជ័យ​បាន លោក ព្រឿ​ន ទាមទារ​ឲ្យ​មានការ​ចូលរួម​ពី​បណ្តា​អ្នកពាក់ព័ន្ធ​ក្នុង​វិស័យ​ទេសចរណ៍​ទាំងមូល។ លោក ព្រឿ​ន៖« តម្លៃ​កញ្ចប់ មគ្គុទ្ទេសក៍​កុំ​ឲ្យ​គាត់​ឡើងថ្លៃ​ខ្លាំង។ គាត់​នាំគ្នា​ឡើង​គ្រប់​ភាសា ដូចជា ភាសា​រុស្ស៊ី​ពីមុន៤០ ឥលូវ​ឡើង៦០ដុល្លារ អាឡឺម៉ង់​ដូចគ្នា គឺ​ពី៤០ទៅ៦០ដុល្លារ​ក្នុង​មួយថ្ងៃ ភាសា​អង់គ្លេស​ពីមុន​ត្រឹម១៥ ទៅ២០ដុល្លារ ឥលូវ​ឡើងដល់៣០ និង​បារាំង​ឡើងដល់ ៤៥ដុល្លារ។ ផលប៉ះពាល់​មាន​គួបផ្សំ​បញ្ហាតិចៗបញ្ចូល​គ្នា»៕


​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​