វប្បធម៌​និ​ទណ្ឌ​ភាព និង​វប្បធម៌​សន្ទនា​នយោបាយ ធ្វើ​ឲ្យ​ច្បាប់​លែង​សូវ​មានតម្លៃ​មែនឬ​?

​ភ្នំពេញ​៖ ការគ្រប់គ្រង​ប្រទេស​ដោយ​ប្រើ​វប្បធម៌​សម្របសម្រួល គឺជា​ទម្លាប់​អាក្រក់ ដែល​អ្នក នយោបាយ​ខ្មែរ តែងតែ​ធ្វើ ដើម្បី​គេច​វេច​ពី​ទោសកំហុស​។ ច្បាប់​ត្រូវបាន​អ្នកនយោបាយ​យកមក​អង្គុយ​ពីលើ ពេល​ពួកគេ​ប្រព្រឹត្ត​ល្មើសច្បាប់​។ វប្បធម៌​និ​ទណ្ឌ​ភាព បាន​បំផ្លាញ​ទំនុកចិត្ត​ពលរដ្ឋ​ទូ​ទៅលើ​អ្នកគ្រប់គ្រង​ប្រទេស​។ ច្បាប់​ដែលជា​ឧបករណ៍​ដ៏​សំខាន់​សម្រាប់​យកមក​គ្រប់គ្រង​សង្គម​ឲ្យ​មាន​ភាពនឹងនរ ប៉ុន្តែ​ច្បាប់​ត្រូវបាន​អ្នកនយោបាយ​យក​ធ្វើជា​ឧបករណ៍​ដើម្បី​រក្សា​អំណាច​របស់ខ្លួន​។​

​ជា​ទម្លាប់​ទៅហើយ​ដែល​អ្នកនយោបាយ​ខ្មែរ​ខ្លះ តែងតែ យក​ច្បាប់​ធ្វើជា​ឧបករណ៍ ការពារ​អំណាច ជាជាង​យក​ច្បាប់​មក​ធ្វើការ​គ្រប់គ្រង​មនុស្ស ដើម្បី​រៀបចំ​សង្គម​ឲ្យ​មាន​វិន័យ មាន​សន្តិសុខ និង​មាន​សន្តិភាព​សម្រាប់​ប្រជាជន​ទូទៅ​។ មាន​ទង្វើ​ជាច្រើន​ដែល អ្នកមានអំណាច បានគេច​ផុតពី​សំណាញ់​ច្បាប់​។ ហើយ​អ្នក​ដែល​គេច​ផុតពី​ទោស​ពៃ ទាំងនោះ មិនមែនជា​ពូ​សុខ មីង​សៅ ដែល​ឡើងត្នោត​នៅឯ​ស្រែ​នោះទេ តែ​ភាគច្រើន​ពួកគេ​ជាម​ន្ត្រី​ធំៗ ដែលមាន​អំណាច​។

​ករណី​បាញ់សម្លាប់​លោក ជា វិជ្ជា ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា​។ ករណី​អភិបាលក្រុង​បាវិត បាញ់​កម្មករ​ឲ្យ​រងរបួស​ធ្ងន់​ចំនូ​ន​បីនាក់​នៅ​ខេត្តស្វាយរៀង​។ ករណី​បាញ់សម្លាប់​កម្មករ​នៅ​ផ្លូវ​វេ​ង​ស្រេង​ស្លាប់​ចំនួន​៦​នាក់ និង​រង​បួស​ធ្ងន់​និង​ស្រាល​ជាច្រើន​នាក់ និង​ករណី​ថ្មីៗ​នេះ ការវាយដំ​តំណាងរាស្ត្រ​ឲ្យ​របួសធ្ងន់​ពី​សំណាក់​ជន​មិន​ស្គាល់មុខ​នៅក្បែរ​របង​រដ្ឋសភា​។ ករណី​ទាំងនេះ គឺ​សុទ្ធសឹង​ជា​ករណី​រឿង​នយោបាយ ហើយ​នៅពេល​មាន​បញ្ហា​ទាំងនេះ គឺ​អ្នកនយោបាយ​បាន​ព្យាយាម​បកស្រាយ​យករួចខ្លួន ហើយ​ពួកគេ​បាន​គ្រវាត់ចោល​ច្បាប់​។ ទោះបីជា​អ្នកប្រព្រឹត្ត​អំពើ​ឃាតកម្ម និង​ការប្រើប្រាស់​ហិង្សា ត្រូវបាន​អ្នកនយោបាយ​បកស្រាយ​ផ្សេងៗ​គ្នា​ក៏ដោយ ប៉ុន្តែ ច្បាប់​នៅតែ​ជា​ច្បាប់​។ អាជ្ញាធរ និង​នគរបាលជាតិ​ដែលមាន​តួនាទី​ការពារ​សន្តិសុខ​ជូន​ប្រជាជន គឺ​ត្រូវតែ​ទទួលខុសត្រូវ​ចំពោះ​រឿងហេតុ​ទាំងឡាយ ដែល​ប៉ះពាល់​ដល់​សុវត្ថិភាព និង​ការភ័យខ្លាច​របស់​ប្រជាជន​។  អ្នកប្រព្រឹត្ត​អំពើ​ខុសច្បាប់ គឺ​ត្រូវអនុវត្ត​ច្បាប់ ដោយ​ចាប់​អ្នកប្រព្រឹត្ត មិនមែន​រវល់​តែ​ចោទប្រកាន់​អ្នកនេះ ឬ​អ្នកនោះ​នៅ​ពី​ក្រោយខ្នង​នោះទេ​។ ប្រសិនបើ នៅពេល​មាន​អំពើហិង្សា ឬ​ឃាតកម្ម​កើតឡើង អាជ្ញាធរ និង​នគរបាលជាតិ មិនបាន​ការពារ​សន្តិ​សុខ សុវត្ថិភាព​ជូន​ពលរដ្ឋ តើ​ពលរដ្ឋ​ស្លូតត្រង់​ដែលមាន​តែ​ដៃទទេ​នឹង​ទៅ​ពឹង​នរណា​ទៀត​? បើ​ប្រមូល​ផ្តុំគ្នា​បង្កើតជា​ប្រទេស បង្កើត​ច្បាប់​ដើម្បី​ឲ្យ​មាន​យុត្តិធម៌​សង្គម ប៉ុន្តែ​បើ​មានច្បាប់​មិន​អនុវត្តន៍ មាន​តុលាការ មិន​ប្រើប្រាស់​ឲ្យ​បាន​ត្រឹមត្រូវ តើ​ពលរដ្ឋ​នឹង​សង្ឃឹម​អ្វី នៅពេល​ខ្លួន​ជួប​អំពើ​អយុត្តិធម៌​?

​នៅក្នុង​សង្គម​ទំនើប ច្បាប់​គឺ​ស្ថិត​លើ​ក្បាលមនុស្ស​ទាំងអស់​។ គ្មាន​ការលើកលែង គ្មាន​ការ សម្របសម្រួល និង​គ្មាន​លេស​ដើម្បី​គេចវេស​ពី​កំហុស​នោះទេ​។ បុគ្គល​ណា​ប្រព្រឹត្ត​ខុសច្បាប់ គឺ​បុគ្គល​នោះ​ជា​អ្នក​ទទួលទោស​។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​កាលពី​ម្សិលមិញ​(២៨​ខែតុលា​)​ថា នៅក្នុង​ប្រទេស​កម្ពុជា មាន​ស្តង់ដា​តែមួយ​ទេ ពោល គឺ​អ្នកប្រព្រឹត្ត​កំហុស ត្រូវតែ​ទទួលទោស​ទៅតាម​ច្បាប់​។ ការប្រកាស​របស់​ប្រមុខ​ដឹកនាំ​ប្រទេស​កម្ពុជា ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ជំនឿ​ទៅលើ​ប្រពន្ធ​ច្បាប់​ឡើងវិញ​។ ប៉ុន្តែ ការអនុវត្ត​យ៉ាងណា​នោះ គេ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ​។

​ទោះជា​យ៉ាងណាក៏ដោយ សម្រាប់​ប្រទេស​កម្ពុជា គួរ ដល់​ពេលដែល​កម្ពុជា​ល្មម​ឈប់ យក​វប្បធម៌​សម្រុះសម្រួល​នៅពេល​មានការ ប្រព្រឹត្ត​អំពើ​ខុសច្បាប់​ទៀត​ទៅ​។

​ការប្រើប្រាស់​ការ​សម្រប​ស​ម្រូ​ល​ផ្នែក​នយោបាយ បានធ្វើ​ឲ្យ​ច្បាប់​បាត់​តម្លៃ ហើយ​នៅពេល​ច្បាប់​គ្មាន​អនុភាព នោះ​ប្រជាជន​លែង​ខ្លាច​អាជ្ញាធរ ប្រជាជន​ឈប់​ខ្វល់​ពី​ច្បាប់ នោះ​មិនមែនជា​រឿង​ល្អ សម្រាប់​ការគ្រប់គ្រង​ប្រទេស​នោះទេ​។

​តែ​ផ្ទុយទៅវិញ វប្បធម៌​រួចខ្លួន បានធ្វើ​សង្គម​គ្មាន​យុត្តិធម៌ ចុះបើ​សង្គម​គ្មាន​យុត្តិធម៌ តើ​សន្តិភាព​កើតឡើង​យ៉ាងដូចម្តេច​?

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​