ក្រុមចោរ AK ចូល​ប្លន់​ផ្ទះ​លក់​គ្រឿងទេស​យក​អស់​ជាង​៥​ពាន់​ដុល្លារ និង​ម៉ូតូ​២​គ្រឿង​

ខេត្ត​ត្បូងឃ្មុំ​៖​ក្រុមចោរ​ប្រដាប់អាវុធ​មួយក្រុម​មាន​គ្នា​៤​នាក់បានធ្វើ​សកម្មភាព​ចូល​ភ្ជង់​ម្ចាស់ផ្ទះ​លក់​គ្រឿងទេស​ប្លន់​យកលុយ​អស់​ជាង​៥​ពាន់​ដុល្លារ និង​ម៉ូតូ​២​គ្រឿង ជិះ​រត់គេចខ្លួន​ដោយ​សុវត្ថិភាព​។ ហេតុការណ៍​នេះ បានកើត​ឡើង​នៅ​ម៉ោង​៦ និង​៣០​នាទី​យប់​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៥ នៅ​ភូមិ​ចំបក់ ឃុំ​ថ្ម​ពេជ្រ ស្រុក​-​ខេត្ត​ត្បូងឃ្មុំ​។​

​ជនរងគ្រោះ​មានឈ្មោះ ឡ​ន ហុង​សេង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ប្រពន្ធ​ឈ្មោះ សាន ដា អាយុ​៣៦​ឆ្នាំ មុខរបរ​អ្នកលក់​គ្រឿងទេស រស់នៅភូមិ ឃុំកើតហេតុខាងលើ។

បើតាមការរៀបរាបពីជនរងគ្រោះបានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ​ខ្លួន​កំពុង​រៀបចំ​ទុកដាក់​ទំនិញ​លក់ដូរ រួច​ចេញទៅ​បិទទ្វារ​របង ខណៈនោះ​ក៏​ស្រាប់​តែមាន​ជនសង្ស័យ​៤​នាក់ ស្លៀកពាក់​ស៊ី​វី​ល​ជិះ​ម៉ូតូ​២​គ្រឿង មិន​ស្គាល់​ម៉ាក ប្រដាប់​ដោយ​កាំភ្លើង​AK ២​ដើម និង​កាំភ្លើងខ្លី​១​ដើម ឈប់​នៅមុខ​ផ្ទះ ហើយ​៣​នាក់​បាន​ដើរចូល ធ្វើ​សកម្មភាព​ភ្ជង់​គំរាម​បាញ់សម្លាប់ និង​ចាប់​ប្តី​ចង យក​ដប​ស៊ាំ​ង​វាយដំ ហើយ​រុក​រើកកាយ​យក​ទ្រព្យសម្បត្តិ​។​

 ប្រភព​បញ្ជាក់ថា ទ្រព្យសម្បត្តិ​ដែល​ក្រុមចោរប្លន់​យក​មានដូចជា ខ្សែ​កមាស​៣​ខ្សែ សរុប​មាន​ទំងន់​១​តំឡឹង​៩​ជី ជញ្ជៀន​មាស​២​វង់ មាន​ទំងន់​២​ជីក​ន្លះ ប្រាក់​ដុល្លារ​១៥០០​ដុល្លារ លុយ​លក់ដូរ​ប្រចាំថ្ងៃ​ជាង​១​លាន​រៀល និង​ម៉ូតូ​២​គ្រឿង ដោយ​១​គ្រឿង​ម៉ាក Dream  C125 ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ កំពង់ចាម 1J-5758 និង​១​គ្រឿង​ទៀត ម៉ាក Wave ស៊េរី​ឆ្នាំ​២០១៤ ពណ៌​ក្រហម​គ្មាន​ស្លាក​លេខ ហើយ​ក្រុម​ជនសង្ស័យ​បាន​ជិះ ឆ្ពោះទៅ​ទិស​ខាងលិច​ចូល​ព្រៃ​កៅស៊ូ​ជប់ គេចខ្លួនបាត់​ស្រមោល​តែម្តង​។​

​ក្រោយពី​កើតហេតុ​ភ្លាមៗ សមត្ថកិច្ច​ជំនាញ​នគរបាល​ស្រុក​ត្បូងឃ្មុំ​សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្ត និង​កម្លាំង​មូលដ្ឋាន​ចុះ​ធ្វើការ​ស៊ើបអង្កេត និង​ពួនស្ទាក់​តាម​ច្រករបៀង​សំខាន់ៗ​ជាច្រើន​ដើម្បី​តាម​ចាប់​ជនសង្ស័យ យកមក​ផ្តន្ទាទោស​តាមច្បាប់​៕

ក្រុមចោរ AK ចូល​ប្លន់​ផ្ទះ​លក់​គ្រឿងទេស​យក​អស់​ជាង​៥​ពាន់​ដុល្លារ និង​ម៉ូតូ​២​គ្រឿង​
ក្រុមចោរ AK ចូល​ប្លន់​ផ្ទះ​លក់​គ្រឿងទេស​យក​អស់​ជាង​៥​ពាន់​ដុល្លារ និង​ម៉ូតូ​២​គ្រឿង​