បេក្ខភាព៧នាក់នឹងត្រូវប្រជែងសម្រាប់តំណែង FIFA

អង្គ​ភាព​គ្រប់​​គ្រង​​កីឡាបាល់​ទាត់​ពិភព​លោក FIFA កាល​ពី​ថ្ងៃ​ពុធ បានប្រកាស​ថា ​ខ្លួន​បាន​​​សម្រេច​យល់​ព្រម​ទទួល​យក​បេក្ខ​ភាព​​៧​នាក់​​ដែល​នឹង​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​​សម្រាប់​ការ​ជ្រើស​រើស​ប្រធាន​ថ្មី​ម្នាក់នៅ​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ខាង​មុខនេះ​។ បេក្ខ​ភាព​ដែល​នឹង​​ត្រូវ​ជំនួស​តំណែង​របស់​លោក Sepp Blatter រួមមាន​ ព្រះ​អង្គ​ម្ចាស់ Ali Bin Al Hussein លោក Musa Bility, Jerome Champagne, Gianni Infantino, Michel Platini, Sheikh Salman bin Ebrahim Al Khalifa និង​លោក Tokyo Sexwale​។
a
លោក David Nakhid អតីត​កីឡាករ​បាល់​ទាត់​របស់​ក្រុម​ជម្រើស​ជាតិ​ទ្រី​នី​ដាដ និង​តូ​បា​ហ្គោ បាន​បញ្ជូន​​​បេក្ខ​ភាព​របស់​ខ្លួន​កាល​ពី​សប្តាហ៍មុន ប៉ុន្តែ ត្រូវ​បាន​ច្រាន​ចោល​ភ្លាម​ៗ​ដោយ​សារ​តែ​សមា​គម​មួយ​ក្នុង​ចំណោម​សមា​គម​បាល់​ទាត់​ចំនួន​៥​ដែល​​​បាន​យល់​ព្រម​​គាំ​ទ្រ​ដល់​​​លោក​បាន​គាំ​ទ្រ​បេក្ខ​ភាព​​ម្នាក់​ផ្សេង​ទៀត​រួច​ជា​ស្រេច​។ នេះ​បើ​យោង​ទៅ​តាម​ប្រភព​​មួយ​របស់ FIFA​។ បេក្ខ​ភាព​​ទាំង​អស់​ចាំ​បាច់​ត្រូវ​តែ​ទទួល​បាន​​ការ​គាំ​ទ្រ​យ៉ាង​ហោច​ណាស់​​៥​សមា​គម​ក្នុង​ចំណោម​សមា​គម​​ជា​សមា​ជិក​ទាំង​២០៩​របស់ FIFA នៅមុន​ពេល​បេក្ខ​ភាព​ទាំង​នោះ​ត្រូវ​បាន​ពិ​ចារណា​​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia