៩ខែ សមត្ថកិច្ច បង្ក្រាបបទល្មើស នេសាទខុសច្បាប់ ជិត៣ពាន់ករណី

ភ្នំពេញ៖ ក្នុងរយៈពេល ៩ខែ ឆ្នាំ២០១៥ សមត្ថកិច្ចទាំង ផ្នែកទឹកសាប និងសមុទ្រ បានបង្ក្រាបបទល្មើស នេសាទ ខុសច្បាប់បានជិត ៣ពាន់ករណី ដែលបទល្មើស ទាំងអស់នោះ ភាគច្រើនកើតឡើង នៅក្នុងតំបន់ទឹកសាប។

 យោងតាមរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០១៥ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា រយៈពេល ៩ខែសំណុំរឿងបទល្មើសជលផលមានចំនួន ២.៧៤៤ករណី ក្នុងនោះបទល្មើសទឹកសាបចំនួន ២.៦៥៥ករណី និងបទល្មើសទឹកសមុទ្រចំនួន ៨៩ករណី។

 ចុះរុះរើ និងបំផ្លាញចោលវត្ថុតាងបទល្មើសជលផលរួមមាន៖ របាំងស្បៃមុង និងសាច់អួនប្រវែង ១.២៨៨.៣១៩ ម៉ែត្រ , លូស្បៃមុង និងសាច់អួនចំនួន ២៤.១៦៧មាត់, បង្គោល/ចង្រឹងចំនួន ១.០៣៩.៥៣២ដើម, ឧបករណ៍ឆក់ត្រី ចំនួន ១.៣៦២គ្រឿង, សម្រាស់ចំនួន ៦២.៩៤០ម៉ែត្រក្រឡា, របាំងព្រួលប្រវែង ១៤.៩៩៨ម៉ែត្រ, លបកែច្នៃ (កន្ទុយកណ្តុ/ពោះវៀនជ្រូក) ចំនួន ១.៩១៥គ្រឿង, លែងត្រីចម្រុះចូលបឹងធម្មជាតិចំនួន ២៣៧.១៧២គីឡូក្រាម, កូនត្រីឆ្តោចំនួន ៥៧២.៤៥០ក្បាល, កូនត្រីរ៉ស់ចំនួន ១.០៤១.០០០ក្បាល និងកូនត្រីប្រាចំនួន ១.០៧០.៥០០កូន។

របាយការណ៍ដដែល បានបញ្ជាក់ថា ចំណូលពីវិស័យជលផលមកទល់ពេលនេះសរុបចំនួន ២.៨១៦.៥៩១.៧៧៥រៀល ស្មើ៧៩,២៥ភាគរយ នៃផែនការ ៣.៥៥៤.២៨១.២៥០រៀល បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៤ កើនឡើងចំនួន ១៤៩.៧៦២.៥៤៣រៀល។ ដោយឡែកក្នុងខែកញ្ញា អនុវត្តបានចំនួន ៤៦២.០៤០.០០០រៀល៕