ក្រសួងការបរទេស​អា​មេ​រិ​ក​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បើក​ការស៊ើបអង្កេត​ប្រកបដោយ​តម្លាភាព​លើ​ករណី​វាយប្រហារ​តំណាងរាស្ត្រ​

បាតុកម្ម​របស់​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥ ហើយ​ឈានដល់​កើតមាន​អំពើហិង្សា​វាយប្រហារ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​២​រូប​ឲ្យ​រងរបួស​ធ្ងន់ កំពុង​ប្រឈម​នឹង​ការរិះគន់​ថ្កោលទោស​កាន់តែខ្លាំង​ឡើងៗ​។ ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក​ដែលមាន​លោក ច​ន ឃឺ​រី ជា​រដ្ឋមន្ត្រី ក៏បាន​ថ្កោលទោស​អំពើហិង្សា​លើ​តំណាងរាស្ត្រ​គណបក្សប្រឆាំង​ក្នុងប្រទេស​កម្ពុជា​ដែរ​។ ដូច្នេះ​ការវែកមុខ​ក្រុម​ជនដៃដល់​យកទៅ​ផ្តន្ទាទោស​តាមច្បាប់ គឺជា​សំណូមពរ​យ៉ាងទទូច​ពី​សំណាក់​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ ក៏ដូចជា​បង្ហាញ​ពី​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​ផងដែរ​។

ទាក់ទង​បញ្ហា​ខាងលើនេះ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក បាន​ថ្កោលទោស​អំពើហិង្សា​វាយប្រហារ​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥ នៅមុខ​វិមាន​រដ្ឋសភា​។ មន្ត្រី​នាំពាក្យ​ការិយាល័យ​កិច្ចការ​សាធារណៈ​អាស៊ី​ខាងកើត​និង​ប៉ាស៊ីហ្វិក នៃ​ក្រសួងការបរទេស​អាមេរិក លោកស្រី ខាត​ធី​ណា អាដាម​(Katina Adams) បាន​ថ្លែង​កាលពី​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៥​ថា ក្រសួងការបរទេស​អា​មេ​រិ​ក បានដឹង​ព័ត៌មាន​ពី​ការប្រើប្រាស់​អំពើហិង្សា​លើ​តំណាងរាស្ត្រ​គណបក្សប្រឆាំង លោក គង់ សភា និង លោក ញ៉យ ចំរើន ឲ្យ​រងរបួស​ធ្ងន់​។ លោកស្រី ខាត​ធី​ណា អាដាម បាន​បញ្ជាក់ថា សហរដ្ឋអាមេរិក​ថ្កោលទោស​អំពើហិង្សា​នេះ ហើយ​ថា​បាតុករ​មិនអាច​យក​លេស​ប្រើប្រាស់​សិទ្ធិ​ប្រមូលផ្ដុំ​និង​សម្ដែង​មតិ ដើម្បី​ប្រព្រឹត្ត​អំពើហិង្សា​បានឡើយ​។

ចំណុច​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គឺ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក បានស្នើ​ឲ្យ​អាជ្ញាធរ​កម្ពុជា​បើក​ការស៊ើបអង្កេត​ដោយ​ហ្មត់ចត់ និង​មាន​តម្លាភាព​ចំពោះ​ករណី​វាយប្រហារ​លើ​តំណាងរាស្ត្រ​នេះ និង​ត្រូវ​ធានា​សុវត្ថិភាព​ដល់​អ្នកនយោបាយ​មកពី​គ្រប់​គណបក្ស​ទាំងអស់​។ ក្រោយពេល​មាន​សេចក្ដីអំពាវនាវ​ពី​មជ្ឈដ្ឋាន​នានា និង​ពី​ក្រសួងការបរទេស​អាមេរិក​នោះ គេ​ឃើញ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាប់​ជនដៃដល់​ដែល​ប​ង្ហ​ហិង្សា​លើ​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​អំពាវនាវ​ឲ្យ​ជនដៃដល់​ចេញមក​សារភាព​។ ប្រការ​នេះហើយ​ដែល​ប្រជាពលរដ្ឋ​ទូទៅ​កំពុង​ចាំមើល​លទ្ធផល​ជាក់ស្ដែង​នៃ​ការវែកមុខ​ជនដៃដល់​យកទៅ​ផ្តន្ទាទោស​តាមច្បាប់ ព្រោះ​សកម្មភាព​ប្រើ​អំពើហិង្សា​លើ​លោក គង់ សភា និង ញ៉យ ចំរើន កាលពី​ថ្ងៃត្រង់​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥ មាន​សភាព​សាហាវព្រៃផ្សៃ​បំផុត​៕

U.S. Secretary of State John Kerry speaks about the Ukraine crisis after his meetings with other foreign ministers in Paris, March 5, 2014. Kerry spoke to reporters at the U.S. ambassador's residence in Paris.  REUTERS/Kevin Lamarque   (FRANCE - Tags: POLITICS)