អំពើ​ប្លន់​ប្រដាប់អាវុធ​ក្នុងស្រុក​ត្បូងឃ្មុំ បង្ហាញ​ពី​អសមត្ថភាព​របស់​ស្នងការ​នគរបាល​ខេត្ត​

លោក ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា មិន​យកចិត្តទុកដាក់​ពង្រឹង​សន្តិសុខ​សង្គម ឲ្យ​ស្របទៅតាម​បទបញ្ជា​របស់លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ស្របទៅតាម​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​នោះទេ​។ លោក ប្រាជ្ញ ចន្ទ អភិបាលខេត្ត​ត្បូងឃ្មុំ ក៏ត្រូវ​ប្រជាពលរដ្ឋ​រិះគន់ថា មិន​យកចិត្តទុកដាក់​ពង្រឹង​សន្តិសុខ​សង្គម ដើម្បី​ផ្ដល់​ភាពកក់ក្ដៅ​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​ត្បូងឃ្មុំ ក្នុងការ​រស់នៅ​និង​ប្រកប​របរ​ចិញ្ចឹមជីវិត​ដោយ​សុខសាន្ត​ឡើយ​។

ជាក់ស្ដែង​កាល​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រលប់ ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៥ មាន​ជនសង្ស័យ​មួយក្រុម​មាន​គ្នា​៤​នាក់ ប្រដាប់​ដោយ​កាំភ្លើង​វែង​ខ្លី​៣​ដើម បាន​ចូល​ប្លន់​ផ្ទះ​អ្នកលក់​គ្រឿងទេស​ដោយ​ចាប់​ម្ចាស់ផ្ទះ​ចង​វាយដំ ហើយ​រើកកាយ​យក​មាសប្រាក់​សរុប​ជា​លុយ​អស់​ជាង​៥០០០​ដុល្លារ និង​ម៉ូតូ​២​គ្រឿង រួច​គេចខ្លួន​ដោយ​សុវត្ថិភាព​។ ករណី​ប្លន់​នេះ​កើតឡើង​ក្នុងភូមិ​ចំបក់ ឃុំ​ថ្ម​ពេជ្រ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ហើយ​ម្ចាស់ផ្ទះ​រងគ្រោះ​មានឈ្មោះ ឡ​ន ហុង​សេង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ សាន ដា អាយុ​៣៦​ឆ្នាំ មានមុខ​របរ​លក់​គ្រឿងទេស​។ ក្រោយពេល​មាន​ហេតុការណ៍​កើតឡើង​ប្រជាពលរដ្ឋ​ស្រុក​ត្បូងឃ្មុំ ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​សន្តិសុខ​សង្គម​និង​សុវត្ថិភាព ព្រោះ​ក្រុមចោរ​ហាក់ដូចជា​មិន​ញញើត​ជាមួយ​សមត្ថកិច្ច​ឡើយ​។

ប្រភពពី​សមត្ថកិច្ច​ដែល​ទៅដល់​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ក្រោយពេល​កើតហេតុ​ភ្លាមៗ​សមត្ថកិច្ច​នគរបាល​ស្រុក​ត្បូងឃ្មុំ បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្ត​និង​កម្លាំង​មូលដ្ឋាន​ចុះ​ធ្វើការ​ស៊ើបអង្កេត ពួនស្ទាក់​តាមផ្លូវ​ជាច្រើន​ដើម្បី​ចាប់​ក្រុម​ជនសង្ស័យ ប៉ុន្តែ​លទ្ធផល​គឺ​សូន្យ​។ ប្រការនេះ​ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ឲ្យ​លោក ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ យកចិត្តទុកដាក់​ឡើង​វិញ​ក្នុងការ​ពង្រឹង​សន្តិសុខ​សង្គម ព្រោះ​មួយរយៈ​ពេល​ចុង​ក្រោយនេះ​បទល្មើស​ផ្សេងៗ​បានកើត​ឡើង​យ៉ាង​ពេញបន្ទុក​នៅ​ស្រុក​ត្បូងឃ្មុំ ស្រុក​ពញាក្រែក និង​ស្រុក​មេមត់ ជាដើម​។ ជាពិសេស​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ គួរពិនិត្យមើល​ភាព​អសកម្ម​របស់លោក ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ផងដែរ ព្រោះ​លោកស្នងការ​រូបនេះ​មិនសូវ​យកចិត្តទុកដាក់​ក្នុងការ​ពង្រឹង​សន្តិសុខ​សង្គម​ឡើយ​៕

1959_1លោក ម៉ៅ ពៅ ស្នងការនគរបាលខេត្តត្បូងឃ្មុំ Hong-0758Hong-0757 Hong-0760