សមត្ថកិច្ច​ច្រក​ណាំ​លៀ បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ឆ្លងដែន​យ៉ាង​គគ្រឹកគគ្រេង​

​បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណីត​ឆ្លងដែន​ទៅ​ស្រុក​យួន​តាម​ច្រក​ណាំ​លៀ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី នៅតែ​បន្ត​កើតមាន​យ៉ាង​គគ្រឹកគគ្រេង ដោយសារ​មានការ​បើកដៃ​ពី​សមត្ថកិច្ច​ពុករលួយ​។ ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​វ៉ា​យោង ជិត​ច្រកទ្វារ​ទ្វេភាគី​ណាំ​លៀ បាន​ឲ្យ​ដឹងថា​ប៉ុស្តិ៍​៧​ដែល​គ្រប់គ្រង​ដោយ​លោក សំរិទ្ធ ណ​យ ជា​មេ​ប៉ុស្តិ៍​ទ្វេភាគី​ណាំ​លៀ និង​លោក សុខ ណា ប្រធាន​ច្រក​ទ្វេភាគី​ណាំ​លៀ គឺជា​អ្នក​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​ដោយ​ឆ្លងកាត់​ច្រក​នេះ​យ៉ាង​រលូន​។

ជនជាតិដើម​ភាគតិច​រស់នៅ​ភូមិ​វ៉ា​យោង ភូមិ​ប៊ូ​ស្រា ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា បាន​ឲ្យ​ដឹងថា​បទល្មើស​កាប់​ឈើ​ប្រណីត​និង​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន គឺជា​ប្រភព​ចំណូល​របស់លោក សំរិទ្ធ ណ​យ និង​លោក សុខ ណា ទើប​ពួកគេ​មិន​ចាត់វិធានការ​ទប់ស្កាត់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈើ​ប្រណីត​ដែល​គេ​អារ​ជា​ឈើ​ជ្រុង​ត្រូវបាន​ដឹកជញ្ជូន​តាម​រថយន្ត​ទំនើបៗ ចេញ​តាម​ប៉ុ​ស្តិ៍្ក​ការពារ​ព្រំដែន​អូរ​តាំ​កន និង​ប៉ុស្តិ៍​លេខ​៧ យកទៅលក់​ឲ្យ​ឈ្មួញ​យួន​នៅ​ស្រុក​ដាក់​មី​ល ដែលមាន​ព្រំប្រទល់​ជាប់​គ្នា​។ សមត្ថកិច្ច​ច្រកព្រំដែន​ក្រោម​ការគ្រប់គ្រង​របស់លោក សំរិទ្ធ ណ​យ និង​លោក សុខ ណា បានកំណត់​ពេលវេលា​ច្បាស់លាស់​ក្នុងការ​បើកផ្លូវ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​។

តាម​ប្រភពពី​សមត្ថកិច្ច​តូចតាច​មួយចំនួន​បាន​ឲ្យ​ដឹងថា ឈើ​ប្រណីត​ដូចជា​ធ្នង់ បេង នាងនួន សុ​ក្រំ ជាដើម​ត្រូវបាន​គេ​ដឹក​តាម​រថយន្ត​កាមរី ហាយ​ឡេ​ន​ឌ័​រ ឡង់​គ្រឺ​ស័​រ និង​ឡិច​ស៊ិ​ស ជាដើម​ចេញពី​ភូមិ​ពូ​ជ្រៃ ឃុំក្រង​តេះ ស្រុក​ពេ​ជ្រា​ដា មក​ក្រុង​សែន​មនោ​រម្យ រួច​ឆ្លងកាត់​តាម​ស្រុក​ពេ​ជ្រា​ដា ឆ្ពោះទៅ​ភូមិ​វ៉ា​យោង យកទៅលក់​ឲ្យ​ឈ្មួញ​យួន​នៅ​ស្រុក​ដាក់​មី​ល​។ រថយន្ត​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​ត្រូវបាន​លោក សំរិទ្ធ ណ​យ និង​លោក សុខ ណា បើក​ឲ្យ​ចេញ​តាម​ច្រក​ទ្វេភាគី​ណាំ​លៀ និង​ច្រករបៀង​អូរ​តាំ​កន ដោយ​គ្មាន​សមត្ថកិច្ច​ណា​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា លោក កែប កត់ មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី និង​លោក អ៊ុំ វ៉ាន់​សុ​ភ័​ក្រ នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រុង​សែន​មនោ​រម្យ និង​ស្រុក​ពេ​ជ្រា​ដា ទំនង​ជាប់​ពាក់ព័ន្ធ​បញ្ហា​ផលប្រយោជន៍ ទើប​មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ដែល​កើតឡើង​យ៉ាង​ពេញបន្ទុក​នោះឡើយ​៕

W@t-28101 W@t-2810 W@t-28102