មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ​រង់ចាំ​មើល​ចំណាត់ការ​របស់​រដ្ឋាភិបាល លោក ហ៊ុន សែន លើ​ក្រុម​ជនដៃដល់​វ៉ៃ​តំណាងរាស្ត្រ​

កាលពី​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៥ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ក្រុម​ជន​ប្រើ​អំពើហិង្សា​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចូល​សារភាព​ដោយ​ខ្លួនឯង​និង​ប្រកាស​ចេញថ្លៃ​ព្យាបាល​តំណាងរាស្ត្រ​រងគ្រោះ ព្រមទាំង​ជួសជុល​រថយន្ត​ដែល​រង​ការខូចខាត​ផងដែរ​។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាត់​ជនដៃដល់​ដែល​បង្ក​ហិង្សា​លើ​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​២​រូប​ទៀតផង​។ ប្រការ​នេះហើយ​ដែល​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ កំពុង​តាមដាន​ដោយ​យកចិត្តទុកដាក់​ចំពោះ​ចំណាត់ការ​របស់​សមត្ថ​កិច្ច​រដ្ឋាភិបាល ទៅលើ​ក្រុម​ជនដៃដល់​ដែល​វាយប្រហារ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥​។

ក្រុម​អ្នកសង្កេតការណ៍​ឯករាជ្យ​បានលើកឡើង​ថា ប្រសិនបើ​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​សមត្ថកិច្ច​មាន​ឆន្ទៈ​ក្នុង​ការវែកមុខ​ជនដៃដល់​យកទៅ​ផ្ដន្ទាទោស​តាមច្បាប់​នោះ គឺ​មិនមែនជា​រឿង​លំបាក​ឡើយ​។ ដោយហេតុថា​តាមរយៈ​បណ្ដាញ​ទំនាក់ទំនង​សង្គម​(Facebook) បានបង្ហាញ​ជា​បន្តបន្ទាប់​នូវ​អត្តសញ្ញាណ​ក្រុម​ជនសង្ស័យ​ដែល​ប្រើ​អំពើហិង្សា​លើ​លោក គង់ សភា តំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង និង​លោក ញ៉យ ចំរើន តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម​។ ការបង្ហាញ​នូវ​អត្តសញ្ញាណ​ជនសង្ស័យ​ទាំងអស់នោះ គឺជា​ភស្តុតាង​ដែល​សមត្ថកិច្ច​អាចឈាន​ទៅ​វែកមុខ​ជនដៃដល់​យកទៅ​ផ្ដន្ទាទោស​តាមច្បាប់​។

ក្រុមមន្ត្រី​សង្គម​ស៊ីវិល​ក្នុងប្រទេស​កម្ពុជា ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា តំណាង​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា និង​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក ព្រមទាំង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ សុទ្ធតែ​បានចេញ​សេចក្ដីថ្លែងការណ៍​ថ្កោលទោស​អំពើហិង្សា​ទៅលើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក គង់ សភា និង លោក ញ៉យ ចំរើន​។ ការ​ប្រឌិត​ព័ត៌មាន​ណាមួយ​ដើម្បី​បិទបាំង​ការពិត​ជុំវិញ​ការប្រើ​អំពើហិង្សា​វាយប្រហារ​ទៅលើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​រឿង​មិនអាច​ទៅរួច​ឡើយ​។ មុខមាត់​សមត្ថកិច្ច​និង​មន្ត្រី​អាជ្ញាធរ​តាម​បណ្ដា​ខណ្ឌ​មួយចំនួន​ជា​មនុស្ស​របស់​គណបក្ស​ប្រជាជន ចូលរួម​ក្នុង​បាតុកម្ម​កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥ ត្រូវបាន​លាតត្រដាង​ជា​សាធារណៈ​រួចទៅហើយ​។

ក្រុមអ្នកតាមដាន​ស្ថានភាព​នយោបាយ​ក្នុងប្រទេស​កម្ពុជា​បាន​វាយតម្លៃថា បាតុកម្ម​ទាមទារ​ទម្លាក់​លោក កឹម សុខា ចេញពី​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា គឺ​បានធ្វើ​ឲ្យ​ប្រជាប្រិយភាព​គណបក្ស​ប្រជាជន​ដែលមាន លោក ហ៊ុន សែន ជា​ប្រធាន ធ្លាក់ចុះ​កាន់តែខ្លាំង​។ ទោះជា​យ៉ាងណា​ការវែកមុខ​ក្រុម​ជនដៃដល់​ប្រើ​អំពើហិង្សា​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ យកទៅ​ផ្តន្ទាទោស​តាមច្បាប់​តាម​បញ្ជា​របស់លោក​នាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន កំពុង​ស្ថិតក្រោម​ការតាមដាន​យ៉ាង​យកចិត្តទុកដាក់​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​។ អត្តសញ្ញាណ​នៃ​ក្រុម​ជនដៃដល់​មួយចំនួន ក៏ដូចជា​មុខមាត់​មេដឹកនាំ​បាតុកម្ម កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥ ត្រូវបាន​បង្ហាញ​ជា​បន្តបន្ទាប់​រួចទៅហើយ ដូច្នេះ​បើ​រដ្ឋាភិបាល​លោក ហ៊ុន សែន មាន​ឆន្ទៈ​ចាត់វិធានការ​តាមច្បាប់​លើ​ជនដៃដល់​ទាំងអស់នេះ គឺជា​រឿង​ងាយស្រួល​បំផុត​៕

violence_151026-2015-10-2612189007_187192221617487_2696516748702431399_n12112394_1515048742142825_1334308837002154916_n