រថយន្ត​កុងតឺន័រ​កៀរ​ម៉ូតូ​ដួល និង​កិន​បុរស​ម្នាក់​ស្លាប់ នៅ​ផ្លូវ​ជា សុផារ៉ា​

ភ្នំពេញ: បុរស​ម្នាក់​ត្រូវ​រថយន្ត​កុងតឺន័រ​កៀរ​ម៉ូតូ​ដួល​ចូល​ក្រោម​កង់​រថយន្ត កុងតឺន័រ​កិន​ខ្ទេចក្បាល​និង​ខ្លួន​ចេញ​ពោះវៀន​មក​ក្រៅ ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​។ ដែលហេតុការណ៍​ដ៍​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃទី​២៨ តុលា២០១៥ នៅ​ចំណុច​មុខ​ហាង​លក់​-​ដូរ​កង់​រថយន្ត​៣៨ ជិត​ច្រកចូល បុរី ហ្គ្រេ​នភ្នំពេញ  តាម​បណ្តោយ​លេខ​៥៩៨ ហៅ​ផ្លូវ ជា សុផារ៉ា ស្ថិតក្នុង​សង្កាត់​ទួល​សង្កែខណ្ឌឫស្សីកែវ ។

​ជនរងគ្រោះ​ដែល​ត្រូវ​រថយន្ត​កិន​ស្លាប់​នៅ​មិនទាន់បាន​ស្គាល់ អត្តសញ្ញាណ​នៅឡើយទេ សមត្ថកិច្ច​កំពុងតែ​ព្យាយាម​ស្វែងរក​ក្រុមគ្រួសារ ដើម្បី​ឲ្យ​មក​ទទួល​​យក​សាកសព ទៅធ្វើ​បុណ្យ​។​ចំណែក​អ្នកបើកបរ​រថយន្ត​កុងតឺន័រ​បង្ក​មានឈ្មោះ រុន សុងភេទ​ប្រុស អាយុ​៤២​ឆ្នាំ ។​

​មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម្នាក់ឯង​ម៉ាក ហុងដា វ៉េវ អាល់​ហ្វា ពណ៌ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CB-0783 បើក​តាម​បណ្ដោយ​ផ្លូវ​លេខ​៥៩៨ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ស្រាប់តែមាន​រថយន្ត​កុងតឺន័រ​១​គ្រឿង​របស់ ក្រុម​ហុន​ដឹកជញ្ជូន ស៊ី​ថប បើក​យ៉ាងលឿន​មកពី​ក្រោយ​កៀរ​ម៉ូតូ​ដួល បណ្តាល​ឲ្យ​ជនរងគ្រោះ​ខ្ទា​ត់​ចូលទៅ ក្រោម​កង់រថយន្ត​កុងតឺន័រ​កិន​ខ្ទេច​ក្បាល​ធ្លាយ​ខួរ និង​ខ្លួន​ធ្លាយ​ពោះវៀន​មក​ក្រៅ​ស្លាប់​ភ្លាមនៅ​កន្លែងកើតហេតុ ។

​ភ្លាមៗ​នោះ​រថយន្ត​កុងតឺន័រ​មិនបាន​ឈប់​ទេ គឺ​ព្យាយាម​បើក​រត់គេចខ្លួន តែ​ត្រូវប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ចេញ​តាម ហើយ​ស្ទាក់​ចាប់បាន​នៅ​ខាងលិច​រង្វង់​មូលខាំ​កូ​ស៊ី​ធី ស្ថិត​តាម​បណ្តោយ​ផ្លូវ​ម៉ុង​ឫទ្ធី ស្ថិតក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ៕