លួច នាំចូល សាច់មាន់ ជង្គង់​មាន់ ខូចគុណភាព ពី​ប្រទេស​ថៃ តាម​ច្រក​ចាំ​យាម​នៅពេល​យប់​

Sanofi

​នៅវេលា​ទៀបភ្លឺ​យប់​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៥ ម្សិលមិញ​នេះ សាច់មាន់ ស្លាបមាន់ ជង្គង់​មាន់ កោះមាន់ ខូចគុណភាព​ជាច្រើន​បាវ ត្រូវបាន​ក្រុម​ឈ្មួញ​នាំចូល​មកពី​ប្រទេស​ថៃ មកកាន់​ប្រទេស​កម្ពុជា តាម​ច្រក​ចាំ​យាម​នេះ យ៉ាង​រំភើយ ដោយ​ពុំមាន​មន្ត្រី​ណា​ម្នាក់​ត្រួតពិនិត្យ​នោះឡើយ​។​

​បើតាម​សម្តី​ប្រជាពលរដ្ឋ ដែល​បានឃើញ​សកម្មភាព ដឹកជញ្ជូន​សាច់​ខូចគុណភាព​ទាំងនេះ បាន​និយាយថា បច្ចុប្បន្ននេះ សាច់មាន់ កោះមាន់ ដែល​ខូចគុណភាព ត្រូវបាន​ក្រុម​ឈ្មួញ​នាំចូល​ពី​ប្រទេស​ថៃ​យ៉ាងគគ្រឹកគគ្រេង តាម​ច្រក​អន្តរជាតិ​ចាំ​យាម យកមក​ធ្វើការ​ចែកចាយ​នៅតាម​ផ្សារ​នានា​ក្នុង​ខេត្តកោះកុង ព្រមទាំង​មាន​ខ្លះ​យកទៅ​ចែកចាយ​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា ដោយ​គេ​មិនឃើញ​មន្ត្រី​ពាក់ព័ន្ធ​ប្រចាំ​ច្រក​នោះ ត្រួតពិនិត្យ​ឡើយ គឺ​ចាំតែ​យក លុយ រួច​បណ្តោយ​ឲ្យ​ទំនិញ​ទាំងនោះ ចូលមក​តាម​អំពើ​ចិត្ត​។

ដោយសារ​ការនាំ​ចូល គ្មាន​ការត្រួតពិនិត្យ​នេះហើយ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់ នៅ​ទូទាំង​ខេត្តកោះកុង ចាប់ផ្តើម​ព្រួយបារម្ភ​យ៉ាងខ្លាំង ចំពោះ​ទំនិញ​ជា​ប្រភេទ​គ្រឿង ឧបភោគ បរិភោគ ដែល​ខូចគុណភាព ហើយ​ត្រូវបាន​ដឹក​ចូល​ពី​ប្រទេស​ថៃ​មក​កម្ពុជា តាម​ច្រក​ចាំ​យាម ដោយ​ពុំមាន​ការត្រួតពិនិត្យ​ពី​មន្ត្រី​ប្រចាំការ​នៅ​ច្រក​នោះឡើយ​។​

​លោក ថេ​ង ម៉ុង​ហួន ប្រធានការិយាល័យ​គយ និង​រដ្ឋ​ករ​ច្រក​ចាំ​យាម បាន​ឲ្យ​អ្នក​សា​ពត៌មាន​ដឹងថា លោក​ពុំ​បានដឹង​អំពី​បញ្ហា​នាំ​សាច់មាន់ និង​ស្លាបមាន់​ខូចគុណភាព​ចូល​នោះទេ​។ ហើយ​កន្លងមក​លោក​ធ្លាប់តែ​លឺ​កូនចៅ​ប្រាប់ថា មាន​ប្រជា ពលរដ្ឋ​មួយចំនួន​បាន​នាំចូល តែ​ជា​លក្ខណៈ​តូចតាច ដូចជា​ត្រឹម​មួយថង់ ពីរថង់​ប៉ុណ្ណោះ​។ ករណី​ជង្គង់​មាន់ និង​ស្លាបមាន់​នេះ គឺជា​ភារកិច្ច​របស់​កាំកុងត្រូល ព្រោះ​គេ​មាន​ឡា​បូ សម្រាប់​ត្រួតពិនិត្យ ចំណែក​ខាង​លោក​គឺ​គ្រាន់តែ​ជា​អ្នកត្រួតពិនិត្យ​ទំនិញ​ដែល​ត្រូវ​បង់ពន្ធ​នោះទេ​។​យើង​មិនអាច​ទាក់ទង​មន្ត្រី​កាំកុងត្រូល​ណា​ម្នាក់ ប្រចាំការ​នៅ​ទីនោះ​បានទេ នៅ​ព្រឹក​នេះ​៕ សុ ថា​ត់​
​ 

Related