គណៈកម្មការ​ស្រាវជ្រាវ​របស់​ក្រសួងមហាផ្ទៃ ប្រកាស​ធានា និង​រក្សា​ការពារ​ការសម្ងាត់​រប​ស់​សាក្សី​

ភ្នំពេញ: គណៈកម្មការ​ពិសេស​របស់​ក្រសួងមហាផ្ទៃ សម្រាប់​ស្រាវជ្រាវ ស៊ើបអង្កេត ករណី​បង្ក​របួសស្នាម​លើ​អ្នកតំណាងរាស្ត្រ បានចេញ​សេចក្តីអំពាវនាវ ចុះ​ថ្ងៃទី​២៩​តុលា​នេះ ឲ្យ​មហាជន​គ្រប់​មជ្ឈដ្ឋាន មេត្តា​ចូលរួម​សហការ​ក្នុងការ​ផ្តល់ព័ត៌មាន រូបភាព ឬ​ចង្អុលបង្ហាញ​ជនដៃដល់ និង​គូកន ក៏ដូចជា​វត្ថុតាង​ផ្សេងៗ ដែល​អាចដាក់​បន្ទុក ឈានដល់​ការចាប់ខ្លួន​ក្រុម​ជនបង្ក​របួសស្នាម​លើ​តំណាងរាស្ត្រ យកមក​ផ្តន្ទាទោស​តាមច្បាប់​។​

​សេចក្តីអំពាវនាវ​នោះ បាន​គូសបញ្ជាក់ថា "​រាល់​ព័ត៌មាន​ទាំងអស់ អាច​ផ្តល់​មក​គណៈកម្មការ​ស្រាវជ្រាវ ស៊ើបអង្កេត តាមរយៈ​លេខ​ទូរស័ព្ទ 012 842 027 និង​012 282 020 ឬ​ជូន​ដល់​សមត្ថកិច្ច ដែល​នៅ​ជិត​បំផុត​។ គណៈកម្មការ​ស្រាវជ្រាវ ស៊ើបអង្កេត ធានា និង​រក្សា​ការពារ​ការសម្ងាត់​ដាច់ខាត សម្រាប់​បុគ្គល​គ្រប់រូប ដែល​បាន​សហការ​ផ្តល់ព័ត៌មាន ឬ​ចង្អុលបង្ហាញ​ជនដៃដល់ ក៏ដូចជា ផ្តល់​ភស្តុតាង​ផ្សេងៗ ដែល​ពាក់ព័ន្ធ​ដល់​អំពើ​ល្មើស ជូន​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​"​។​

​សេចក្តីអំពាវនាវ​រប​ស់​គណៈកម្មការ​ប៉ូលិស​ក្រសួងមហាផ្ទៃ​នេះ បានធ្វើ​ឡើង​ភ្លាមៗ បន្ទាប់ពី​សម្តេច​តេ​ជោ​ហ៊ុនសែន កាលពី​ព្រលប់​ថ្ងៃទី​២៨​តុលា បានចេញ​សារ​វិ​ដេ​អូ​ជាង ១០ នាទី បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក និង​ផ្សាយ​តាម​ទូរទស្សន៍​គ្រប់​ប៉ុស្តិ៍​។ សម្តេច​ហ៊ុនសែន បានដាក់​បទបញ្ជា​ឲ្យ​តាម​ចាប់​ជនបង្ក​របួសស្នាម​លើ​តំណាងរាស្ត្រ​ទាំងនោះ យកមក​ផ្តន្ទាទោស ដោយ​គ្មាន​ការលើកលែង​ឡើយ ទោះជា​ជន​នោះ ជា​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ឬ​គាំទ្រ​រដ្ឋាភិបាល​ក៏ដោយ​៕​ H

គណៈកម្មការ​ស្រាវជ្រាវ​របស់​ក្រសួងមហាផ្ទៃ ប្រកាស​ធានា និង​រក្សា​ការពារ​ការសម្ងាត់​រប​ស់​សាក្សី​