ចុះ​ដាក់មង​យក​ត្រី បែ​ជា​រុំ​និង​សាច់​មង​លង់ទឹក​ស្លាប់​

ស្វាយរៀង: ​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​សព​បុរស​ម្នាក់ រុំ​ជាប់​មង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើលកាលពី​រសៀល​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៥ នៅ​ចំណុច​ព្រែក​អូរ​ខាងកើតបង្គោល សីមា​ព្រំដែន​លេខ​១៣៦(១)​ប្រហែល​៥០​ម៉ែត្រ​(​ខាង​កម្ពុជា​)​ស្ថិតនៅភូមិ ពោន ឃុំ​ដូង ស្រុក​រមាសហែក​។​

​ជនរងគ្រោះ​ឈ្មោះ សៀវ ហឿន អាយុ​៦៤​ឆ្នាំ បាន​ទៅ​ដាក់មង​យក​ត្រី​នៅចំណុចកើតហេតុ​ខាងលើ ហើយក៏​បាត់​ខ្លួន​។​

 ក្រោយពី​ទៅ​ដាក់មង​រួច​នៅ​ម៉ោង​ប្រមាណ​ជិត​១​រសៀល មិនឃើញ​ប្ដី​ត្រឡប់មកផ្ទះហូបបាយ ប្រពន្ធ​របស់គាត់​បាន​រក​បងប្អូន​ទៅតាម​រហូតដល់​ម៉ោង​១រសៀល​នៅតែ​មិនឃើញ ហើយ​អ្នកភូមិ​មានការ​សង្ស័យថា​ជនរ​ង​គ្រោះ​លង់ទឹក​ស្លាប់ទើប​នាំគ្នា​ចុះ រាវ​រុករក​ក្នុង​ទឹក​ព្រែក​ដែល​ជនរងគ្រោះ​ធ្លាប់​ចុះ​ដាក់មង​រហូតដល់ម៉ោង​១ និង​៥០​នាទី​រសៀល​ក៏បាន​រកឃើញ​សព​រុំ​ជាប់​មង​ស្លាប់​ក្នុង​ទឹកជម្រៅ ១,៨០​ម៉ែត្រ​ត្រង់ចំណុច​ព្រែក​អូរ​ជិត​បង្គោល​សីមា​ព្រំដែន​លេខ​១៣៦(១)​ខាងកម្ពុជា​-​វៀតណាម​។

​ក្រោយមក​បងប្អូន និង​អ្នកភូមិ​បាននាំគ្នា​ស្រង់​សព​ពី​ទឹក​រួច​សែង​មក​ផ្ទះ និង​បាន​ប្តឹងសមត្ថកិច្ច​ឲ្យ​មក​ពិនិត្យ​សព​។ ក្រោយពី​សមត្ថកិច្ច​នគ​របាល​ស្រុក​ពិនិត្យ​រួចមក​បានសន្និដ្ឋានថា ជនរងគ្រោះ​ពិតជា​លង់ទឹក​ស្លាប់​ពិតមែន មូលហេតុ​គឺ​ជនរងគ្រោះហែល​ទឹក​ដាក់មង​ក្នុង​ទឹក​ជ្រៅ ហើយ​វាន់​ជើងដៃ​ជាប់​ក្នុង​មង​បណ្ដាល​ឲ្យលង់ទឹក​ស្លាប់​តែម្តង ៕​