​ក្មេង​ប្រុស​២នាក់ ម្នាក់​៣ឆ្នាំ ម្នាក់​​១៣ឆ្នាំ ស្លាប់​ដោយ​​​លង់​ទឹក​ក្នុង​ថ្ងៃ​តែ​មួយ​គួរ​ឱ្យ​សង្វេគ

ខេត្តកណ្តាល ៖ ក្មេង​ប្រុស​កម្សត់​​​ម្នាក់អាយុ​៣ឆ្នាំ ​ដែល​​ឪពុក​​កំពុង​ជាប់ក្នុង​​ឃុំ​ឃាំង​​ព្រៃស​នៅឡើយ​ ចំណែក​ម្តាយ​​បាន​​​ចុះ​ចោល​កូន​ទៀត ទុក​ឱ្យ​ជីដូន​​ជួយ​មើល​​ថែ​ទាំ​ក៏​បាន​លង់​ទឹក​អូរ​ក្រោម​ផ្ទះ​​អ្នក​ភូមិ​ ស្លាប់​យ៉ាង​អាណោច​អាធ័ម​​​ ខណៈជីដូន​មិន​នៅផ្ទះ កាលពី​វេលា​ម៉ោង​១២​និង​៣០នាទី​រសៀល​ថ្ងៃទី​២៨ តុលា ​​ស្ថិតនៅ​ភូមិ​កោះ​បៀ ឃុំ​គគីរ ស្រុក​កៀន​ស្វាយ ។​

​តាម​ប្រភព​ព័ត៌មាន ​បានឱ្យ​ដឹង​​ថា ​ក្មេង​ប្រុស​ដែល​លង់​ទឹក​ស្លាប់​​​​ខាង​លើ​ ឈ្មោះ ឌួង សុខ​រក្សា អាយុ​៣​ឆ្នាំ ​​។ មុន​ពេល​កើតហេតុ ​ជីដូន​​កុមារ​រង​គ្រោះ​មិន​នៅ​ផ្ទះ គេ​ឃើញ​​កុមារា​ សុខរក្សា ​​ដើរ​​ទៅ​លេង​នៅផ្ទះ​អ្នក​ជិត​ខាង​​ម្នាក់​ដែល​គេ​​មិន​នៅផ្ទះ និង​បិទ​ទ្វារ​ចោល​​ ​សង្ស័យ​កុមារ​រង​​គ្រោះ​ឃើញ​កូន​បាល់​​អណ្តែត​​ទឹកអូរ​ក្រោម​ផ្ទះ​ ក៏ចុះ​ទៅយក​បាល់​នោះ​ទើប​ណ្តាល​ឱ្យ​​រអិលជើង​ធ្លាក់​​ចូល​ទឹក​​លង់​ស្លាប់​ ដោយ​គ្មាន​អ្នក​ណា​ដឹងរហូត​ដល់​ជីដូន​ត្រឡប់​មក​ផ្ទះវិញ​​បាត់​ចៅ​​ក៏​​ដើរ​ រក​ ​ដោយ​សង្ស័យ​ក៏​រក​អ្នក​ជិត​ខាង​​​ជួយ​ចុះ​រាវ​​​ក្នុង​ទឹក​​ ទើប​ប្រទះឃើញ​​​​​​ក្នុង​ទឹក​ជ្រៅ​​​ ប៉ុន្តែ​ជា​អកុសលកុមារា​ សុខ​រក្សា បាន​ស្លាប់​បាត់​ទៅ​ហើយ ។

​ដោយ​ឡែក ក្មេងប្រុស​​អាយុ​​១៣​ឆ្នាំ​ម្នាក់​ ​​លង់ទឹក​​ស្លាប់​យ៉ាង​អា​ណោ​ច​អា​ធ័មបង្ក​ការ​ភ្ញាក់ផ្អើល​​កាលពី​វេលា​ ម៉ោង​១​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​២៨​​ តុលា​​​ ​​នៅ​ចំណុច​ទឹក​ប្រឡាយ​​ ចម្ងាយ​ប្រហែល​៤០០​ម៉ែត្រ​ពី​ផ្ទះ​ ស្ថិត​ក្នុងភូមិ​អង្គរ​ជ័យ ​ឃុំ​បន្ទាយដែក​ ​ស្រុក​កៀនស្វាយ​​ ។

​ក្មេង​ប្រុស​​​ដែល​លង់​ទឹក​ ស្លាប់​ខាង​លើ​ ឈ្មោះ​ ខន​ ណា​ង ​អាយុ​១៣​ឆ្នាំ​ ​​​ឪ​ពុក​ឈ្មោះ​ សូ​ ខន ​អាយុ​៣៩​ឆ្នាំ​ ​និង​ម្តាយ​ឈ្មោះ​ ផៃ​ រី​ អាយុ​៤០​ឆ្នាំ​ ​​ជា​​កសិករ​ មាន​ទីលំនៅ​ភូមិ​​ឃុំ​កើតហេតុ​ខាងលើ​ ។

ឪពុក​ម្តាយ​ក្មេង​ប្រុស​​រង​ គ្រោះ​​បាន​រៀបរាប់​​ទាំង​ទឹកភ្នែក​ថា​ មុន​ពេល​កើតហេតុ​ ​កូន​ប្រុស​គាត់​​​ជិះ​កង់​ចេញពីផ្ទះ​ទៅ​ដើរ​លេង​ លុះដល់​បាត់​យូរ​មិនឃើញ​កូន​ត្រឡប់​មក​ផ្ទះ​វិញ ​គាត់​ទាំង​២​នាក់​ប្តី​ប្រពន្ធ ​ចេញ​​ទៅ​តាម​រក​ស្រាប់​ឃើញ​តែ​កង់​នៅ​មាត់​ប្រឡាយ​បាត់​​កូន​​ដោយ​មានការ​ស ​ង្ស័យ​​ក៏​​នាំ​គ្នា​ចុះ​រាវរក​ក្នុង​ទឹក​ក៍​ប្រទះ​ឃើញ​កូនប្រុស​លង់ទឹក​ ស្លាប់​​​បាត់​ទៅ​ ​​ធ្វើ​ឱ្យ​គាត់​ទាំង​២នាក់​ប្តី​ប្រពន្ធ​​ស្រែក​ទ្រហោយំ​​​ស្តាយ​ស្រណោះកូន ​ប្រុស​សម្លាញ់​ចិត្ត​ស្ទើរ​តែ​គាំ​ងបេះ​ដូង​​នៅ​នឹង​កន្លែង​កើត​ហេតុ ។

​ក្រោយ​កើតហេតុ ​​សមត្ថកិច្ច​​​ចុះ​ទៅ​ពិនិត្យ​​និង​ធ្វើ​កោសល្យវិច័យ​សព​​ក្មេង​ប្រុស​ទាំង​២នាក់​​​​នៅ​កន្លែង​ផ្សេង​គ្នា​ ​​​​បាន​សន្និដ្ឋាន​ថា​ ​ក្មេង​ប្រុស​អាយុ​១៣ឆ្នាំ និង​​កុមារា​អាយុ​៣​ឆ្នាំ ពិតជា​ស្លាប់​ដោយសារ​ការ​​លង់ទឹក​​ប្រាកដ​មែន ​ ​ហើយ​ក៏​ប្រគល់​សព​​ឱ្យ​​ក្រុម​គ្រួសារ​យក​ទៅរៀប​ចំ​ធ្វើ​បុណ្យ​ទៅ​តាម​ប្រពៃណី ​ ៕