ជម្លោះ​សមុទ្រ​ចិន​៖ អាមេរិក និង​ចិន ប្រើប្រាស់​វប្បធម៌​សន្ទនា​ឡើងវិញ​

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង រដ្ឋាភិបាល​ប៉េកាំង ព្រមព្រៀងគ្នា​ដើម្បី​កំណត់​ការពិភាក្សា​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​តាមរយៈ​សន្និសីទ​វី​ឌី​អូរ​វាង​មន្ត្រី​យោធា​រដ្ឋ​ទាំងពីរ​។ កិច្ចព្រមព្រៀង​នេះ ធ្វើឡើង ក្រោយ​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ ដែល​អាមេរិក បាន​បញ្ជូន​នាវាចម្បាំង​របស់ខ្លួន​មក​ក្បែរ​កោះ​សិប្បនិម្មិត​របស់​ចិន ដែល​បាន​សាងសង់​នៅក្នុង​តំបន់​ជម្លោះ ហើយ បានធ្វើ​ឲ្យ​ចិន​ប្រតិកម្ម​យ៉ាងខ្លាំង​។

​មន្ត្រី​រដ្ឋាភិបាល​ក្រុង​វ៉ា​ស៊ិន​តោន បាន​អះអាងថា​ប្រមុខ​ប្រតិបត្តិការ​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក និង សម​ភាគី​របស់ខ្លួន​ចិន នឹង​បើក​កិច្ចពិភាក្សា​តាមរយៈ​វី​ឌី​អូ​រយៈពេល​មួយ​ម៉ោង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៩ នេះ​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​។

បើតាម​ការបញ្ជា​ក់រប​ស់​មន្ត្រី​រដ្ឋាភិបាល​អាមេរិក ជំនួប​នេះ​ត្រូវបាន​ផ្តួចផ្តើមឡើង​ដោយ​ឧ​ត្ត​ម​សេនីយ ឯកនៃ​ភាគី​ទាំងពីរ​គឺ លោក John Richardson និង លោក Wu Shengli ក្នុង​គោលបំណង​ពិភាក្សា​លើ​ប្រតិ​បប​ត្តិ​ការ​នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង និង ដើម្បី​ពង្រឹង​ចំណងមិត្តភាព​កងទ័ព​ជើង​ទឹក​រវាង​ប្រទេស​ទាំងពីរ​ផងដែរ​នោះ​។​

ជំនួប​រវាង​មន្ត្រី​យោធា​ជាន់ខ្ពស់​ចិន និង អាមេរិក គឺជា​លើក​ទី​៣​ហើយ​ដែល​ត្រូវបាន​ធ្វើឡើង​ក្រោយ ពេល​មាន​ភាព​តានតឹង​រវាង​រដ្ឋាភិបាល​ទាំងពីរ​។ ការយក​ការសន្ទនា​ខណៈពេលដែល​កំពុង​តែមាន​ស្ថានភាព​តានតឹង​រវាង​មហាអំណាច​ទាំងពីរ គឺជា​របត់​មួយ​ដែល​អាច​កាត់បន្ថយ​នូវ​ការ​ប្រឈម​គ្នា​តាម កងកម្លាំង និង ការគំរាមកំហែង​ដល់​សន្តិសុខ​ក្នុង​តំបន់​ផងដែរ​។​

យ៉ាងណាក៏ដោយ គេ​កំពុងតែ​រង់ចាំ​ថា​តើ​ថា​ជំនួប​រវាង​ប្រមុខ​យោធា​ទាំងពីរ នឹង​អាច​ចេញ​ជា​លទ្ធផល​ផ្លែផ្កា​កម្រិតណា​។ នោះ ក៏​ព្រោះតែ​ស្ថានភាព​នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ពេលនេះ​គឺ​កំពុងតែ​ស្ថិត នៅក្នុង​ស្ថានភាព​មួយ​គួរ​ព្រួយបារម្ភ ពោលគឺ​បើ​មិនមាន​ភាគី​ណាមួយ​បន្ទន់ឥរិយាបថ​នោះទេ ការ​ប៉ះ ទង្គិច​គ្នា នឹង​ផ្ទុះឡើង​បាន​គ្រប់ពេលវេលា​។​

សូម​រម្លឹក​ផងដែរ​ថា កាលពី​ថ្ងៃទី​២៦ កន្លងទៅនេះ រដ្ឋាភិបាល​អាមេរិក បាន​បញ្ជូន​នាវាចម្បាំង​របស់ខ្លួន ដែល​ស្ថិត​មិន​ឆ្ងាយ​ពី​តំបន់​កោះ​សិប្ប​និ​មិ្ម​តរបស់​ចិន​ដែល​អាមេរិក​បាន​ចាត់ទុកថា​ជា​សកម្មភាព​បំពាន​ទៅនឹង​ច្បាប់​អន្តរជាតិ​នោះទេ​។ ជាមួយគ្នានេះ​អាមេរិក ក៏បាន​អះអាង​ហើយ​ថា វត្តមាន​នាវា​របស់ខ្លួន​មកកាន់​តំបន់​ជម្លោះ គឺធ្វើឡើង​ដោយ​ស្របច្បាប់ ពោល​គឺជា​សិទ្ធិ​សេរី​នៃ​ការ​ចរាចរ​លើ​ដែនសមុទ្រ​។

សូមបញ្ជាក់​ផងដែរ ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង គឺជា​ជម្លោះ​អធិបតេយ្យ​ដែនសមុទ្រ​រវាង​រដ្ឋ​អាស៊ាន​បួន រួមមាន​ដូចជា​ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង វៀតណាម ជាមួយ​ចិន​។ កន្លងមក មេដឹកនាំ​អាស៊ាន បាន​បន្ត​ស្វែងរក​យន្តការ​នានា​ដើម្បី​ដោះស្រាយ​លើ​ជម្លោះ​នេះ ខណៈ​ចិន​បាន​បន្តសកម្មភាព​វាតទី​ជា ឯកតោភាគី​ដោយបាន​បំពាន​ទៅលើ​តំបន់​ត្រួត​ស៊ី​៕


​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​