​បោស​សម្អាតផ្ទះ​បាន​ស្អាត​រយៈពេល​មួយ​ម៉ោង​

Sanofi

​នៅពេល​អ្នកមាន​បំណង​ចង់​សម្អាតផ្ទះ​ឱ្យបាន​ស្អាត​ល្អ និង រហ័ស​នោះ អ្នក​តែងតែ​គិត​រិះរក​វិធី​ផ្សេងៗ​ ​ដើម្បី​កាត់បន្ថយ​ការចំណាយ​ពេល​ក្នុងការ​សម្អាត ហើយ​ការសម្អាត​តាម​លំដាប់លំដោយ គឺជា​រឿង​សំខាន់ ។ ខាងក្រោម​នេះ​ជា​ចំណុច​ដែល​អ្នក​គួរ​ចាប់ផ្តើម​បោសសម្អាត ៖

១ – បន្ទប់​គេង
​ចំណាយពេល​ប្រមាណ​ជា ១៥ នាទី បោសសម្អាត​ធូលី​នៅលើ​សម្ភារ​ផ្សេងៗ តុ ថតតុ អំពូល​ភ្លើង ផ្ទៃ​កញ្ចក់ និង វាំងនន​ជាដើម ។ យក​សំរាម​ក្នុង​ធុងសំរាម​ទៅ​ចាក់ចោល ។ ត្រូវ​គិតថា​បន្ទប់​គេង​របស់​អ្នក​ដូចជា​បន្ទប់​សណ្ឋាគារ ។ បើ​អ្នកមាន ម៉ាស៊ីន​បូម​ធូលី អ្នក​ត្រូវ​បូម​ពី​ក្នុង​មក​ក្រៅ​មាត់ទ្វារ និង បូម​ឱ្យបាន​សព្វ​នៅលើ​ផ្ទៃ​កម្រាលព្រំ ។

២ – បន្ទប់ទឹក
​អ្នក​អាច​ចំណាយពេល​ប្រមាណ​ជា ១០ នាទី ដោយ​បាញ់​ទឹក​ជាមុន​ក្នុង​បន្ទប់ទឹក​សម្អាត បន្ទាប់មក​ត្រូវយក​ទឹកសាប៊ូ​ទៅ​ជូត​តាម​ផ្ទៃ​ចាន​លុបមុខ ចាន​បង្គន់ ដោយ​ប្រើ​ច្រាស​ដុស​បន្ថែម​មុននឹង​បាញ់​ទឹក​លាង​សម្អាត ។ សម្ភារ​ដូចជា កញ្ចក់ ច្រាស​ដុសធ្មេញ​ត្រូវ​បាញ់​ទឹក​សម្អាត ឬ ប្រើ​កំណាត់​ជ្រលក់​ទឹកសាប៊ូ​ជូត​ជាមុនសិន មុននឹង​ធ្វើការ​បោស​ដោយ​ច្រាស​នៅលើ​ផ្ទៃ​ឥដ្ឋ​ក្នុង​បន្ទប់ទឹក ។

៣ – ផ្ទះបាយ
​ចំណាយពេល​ប្រមាណ​ជា ១៥ នាទី ។ មុននឹង​សម្អាត​អ្នក​គួរ​ចំណាយពេល​យ៉ាងហោចណាស់ ២ នាទី យក​វត្ថុ​ដែល​អាច​ធ្លាក់​ទុក​នៅ​កន្លែង​ដើម​ឱ្យបាន​សមរម្យ ដោយ​យកទៅ​ទុក​ក្នុង​ទូ​ចាន ឬ​ធ្នើរ​តាម​កន្លែង ។ ប្រសិនបើ​មាន​ស្នាម​ប្រឡាក់​ក្តាំង​ខ្លាំង អ្នក​ត្រូវយក​ច្រាស​ទៅ​សម្អាត ឬ វត្ថុ​រឹង​ទៅ​កោស​ចេញ មុននឹង​ប្រើ​ទឹកសាប៊ូ ឬ​ទឹក​ជូត​សម្អាត ។ វិធី​សម្អាត​គឺ​ត្រូវ​សម្អាត​ពីលើ​ចុះក្រោម ពី​ក្នុង​មក​ក្រៅ និង ជូត​សម្អាត​កម្រាល​ឥដ្ឋ​ជា​លើកចុងក្រោយ ។ ចំពោះ​ទូទឹកកក​ត្រូវយក​កំណាត់​សើម​បន្តិច​មក​ជូត​សម្អាត ។

៤ – បន្ទប់ទទួលភ្ញៀវ
​ចំណាយពេល​ប្រមាណ​ជា ២០ នាទី ។ ដំបូង​អ្នក​ត្រូវ​ពិនិត្យមើល​បន្ទប់​ជាមុន ដោយ​ត្រូវ​រៀបចំ​របស់របរ​យក​ទៅ​ទុកដាក់​តាម​កន្លែង​ដើម​របស់​វា ដូចជា ឧបករណ៍ បញ្ជា ស៊ី​ឌី តុ កៅអី ជាដើម ។ បន្ទាប់មក​ចាប់ផ្តើម​បោសសម្អាត​ជ្រុង​ជុំវិញ​បន្ទប់ និង ពីលើ​ចុះក្រោម ដើម្បីឱ្យ​ធូលី​ធ្លាក់​លើ​ឥដ្ឋ ។ ប្រសិនបើ​បង្អួច​មាន​សំណាញ់ អ្នក​ត្រូវយក​វត្ថុ​សម្អាត​មាន​ដង​វែង​ទៅ​គោះ​ជាមុន ។ ចំពោះ​ផ្ទៃ​បង្អួច​កញ្ចក់ អ្នក​ត្រូវ​ជូត​ឱ្យបាន​ស្អាត ដោយ​ប្រើ​ទឹក​ម្ចា​ត់​មេរោគ​ជូត​ជា​រង្វង់​ទាំង​ខាងក្នុង និង ខាងក្រៅ​ផ្ទៃ​កញ្ចក់ ។ ចុងក្រោយ អ្នក​អាច​យក​ម៉ាស៊ីន​បូម​ធូលី​បូម​សម្អាត​ធូលី​លើ​កម្រាលព្រំ ឬ​ផ្ទៃ​ឥដ្ឋ ៕

Related